ព័ត៌មានជាតិ
អ្នកជំនាញ២រូប ស្នើឱ្យមានចំណាត់ការតឹងរឹងចំពោះមន្ត្រីពុករលួយ ឬឧកញ៉ា ដែលដើរបោកប្រាស់លុយប្រជាជន
អ្នកជំនាញ២រូបនៅរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត យង់ ពៅ និងលោកបណ្ឌិត ឈត ប៊ុនថង ស្នើដល់អ្នកអនុវត្តច្បាប់ត្រូវមានចំណាត់ការតឹងរឹង ត្រឹមត្រូវតាមច្បាប់កំណត់ចំពោះមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ ឬឧកញ៉ា ដែលបានដើរបោកប្រាស់លុយប្រជាពលរដ្ឋជាដើម។

តាមការសង្កេត ប៉ុន្មានឆ្នាំចុងក្រោយមានករណីច្រើនពាក់ព័ន្ធនឹងមានមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ និងឧកញ៉ាមួយចំនួនទៀត បានដើរបោកប្រាស់ទំនុកចិត្ត និងលុយរបស់ប្រជាជន ហើយករណីនេះ អាជ្ញាធរក៏បានទប់ស្កាត់ បង្ក្រាបជាបន្តបន្ទាប់ដែរ ប៉ុន្តែ នៅតែកើតមានជាបន្តបន្ទាប់។ មួយវិញទៀត មិនមែនមានតែនៅក្នុងសង្គមកម្ពុជាទេ សូម្បីតែនៅប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា ថ្មីៗនេះក៏មានក្រុមហ៊ុនបោកប្រាស់ប្រជាជនខ្លួន ដែលមានអ្នករួមចំណែកសុទ្ធតែជាតារា ឬអ្នកមានមុខមាត់ជាដើម។ ដូចនេះ បញ្ហានេះមិនមែនជារឿងគួរមើលរំលងបានឡើយ។

ក្នុងករណីនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ ពោល គឺលោកបណ្ឌិតដាក់ការព្រួយបារម្ភជាសញ្ញាក្រហមតែម្តងចំពោះអំពើពុករលួយ និងបោកប្រាស់ការវិនិយោគពីបុគ្គលមួយចំនួនលើពលរដ្ឋកម្ពុជា។ លោកបណ្ឌិតថា អំពើទាំងអស់នេះមានផលប៉ះពាល់ច្រើនដល់សង្គមខ្មែរ ដែលនាំឱ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរទាំងមូល ហើយក៏ធ្វើឱ្យបរទេសខ្លាចកម្ពុជា ព្រោះមានអ្នករកស៊ីបោកប្រាស់បន្តកន្ទុយគ្នាបែបនេះ។ បន្ថែមពីនេះ លោកបន្តថា នេះគឺជារបាំងខ្មៅមួយដែលពិបាកឱ្យកម្ពុជាឆ្ពោះទៅកាន់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០២៣០-២០៥០ ខណៈដែលកម្ពុជាសម្បូរដោយបញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកវិនិយោគខ្លាចថានៅពេលវិនិយោគនៅកម្ពុជា នឹងលង់ខ្លួននឹងបញ្ហាទាំងនេះ។
ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានសង្គម និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អាជ្ញាធរកម្ពុជាបានបង្ក្រាបជាបន្តបន្ទាប់ចំពោះករណីដែលមានមន្ត្រី ឬ ឧកញ៉ា មួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ឬបោកប្រាស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ ទោះបីមានចំណាត់ការទាំងអស់នេះពិតមែន ក៏លោកឃើញថាមន្ត្រី ឬ ឧកញ៉ា ទាំងនោះហាក់បីដូចជាមិនរៀងចាលឡើយ ដែលជាកង្វល់មួយរបស់សង្គមខ្មែរ និងថ្នាក់ដឹកនាំ។ ត្រង់ចំណុចនេះ លោកបណ្ឌិតថា ពលរដ្ឋពិនិត្យឃើញថា កាលដែលមន្ត្រីខិលខូចមួយចំនួន និងឧកញ៉ាមួយចំនួននៅបន្តធ្វើបែបនេះទៀត អាចមកពីនិតិវិធីច្បាប់ប្រព្រឹត្តទៅយឺតយ៉ាវ ឬក៏ទោសទណ្ឌមិនធ្ងន់ធ្ងរ ឬការផាកពិន័យមិនធ្ងន់ជាដើម។

ទន្ទឹមនឹងបញ្ហាទាំងអស់នេះ តាមគំនិតផ្ទាល់របស់ លោកបណ្ឌិត ឈត ប៊ុនថង គួរមានការពិនិត្យមើលលើច្បាប់ប្រឆាំងនឹងអំពើពុករលួយ តើរឹងមាំគ្រប់គ្រាន់បង្ក្រាបអំពើទាំងអស់នោះបានទេ? ប្រសិនមិនទាន់គ្រប់គ្រាន់ទេ គួរធ្វើវិសោធនកម្មច្បាប់ឡើងវិញ។ ក្នុងករណីដែលច្បាប់នោះល្អហើយ គួរទៅពិនិត្យមើលសកម្មភាពអ្នកអនុវត្តច្បាប់ធ្វើឡើយគ្រប់ជ្រុងជ្រោយដែរទេ? ហើយគួរបង្កើនការអនុវត្តតាមនីតិវិធីច្បាប់កុំឱ្យមានចន្លោះប្រហោងណាមួយ។ ស្របគ្នានេះ លោកក៏ស្នើឱ្យពិនិត្យលើទោសទណ្ឌនោះសមល្មមតាមការប្រព្រឹត្តទេ? ប្រសិនទោសទណ្ឌនៅស្រាល គួរមានវិសោធនកម្មច្បាប់ ដើម្បីធ្វើឱ្យកាន់តែប្រសើរ កុំឱ្យមានផលប៉ះពាល់ដល់សង្គមខ្មែរ ជាពិសេសថ្នាក់ដឹកនាំតែម្តង។
ចំពោះបណ្ឌិត យង់ ពៅ វិញ ក៏យល់ឃើញមិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ដែរ ទាក់ទិននឹងអំពើពុករលួយ ឬការឆបោកពីមន្ត្រី ឬអ្នកមានអំណាចមួយចំនួននោះ គឺជារឿងដែលត្រូវដោះស្រាយបន្ទាន់ទៅតាមច្បាប់ជាធរមានរបស់កម្ពុជា មិនអាចលើកលែងបានឡើយ។ លោកថា ច្បាប់នៅកម្ពុជាមានគ្រប់គ្រាន់ហើយ នៅតែការអនុវត្តប៉ុណ្ណោះ ពោល គឺធ្វើយ៉ាងណាត្រូវតែអនុវត្តច្បាប់ដោយយុត្តិធម៌ និងតឹងរឹងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ពុករលួយ ឆបោក ដោយមិនអាចបន្ធូរបន្ថយបានទេ។ ធ្វើបែបនេះ ទើបធ្វើឱ្យសង្គមរកពន្លឺនៃការអភិវឌ្ឍបាន ហើយក៏ជួយឱ្យពលរដ្ឋរួចផុតពីវិបត្តិដែលជួបប្រទះរាល់ថ្ងៃបាន៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ