ព័ត៌មានជាតិ
តើកត្តាអ្វី នៅពីក្រោយការធ្វើឲ្យទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ប្រណាំងមិនដែលចាញ់ រាល់រដូវកាល?
រយៈពេល២ថ្ងៃ នៃការប្រកួតប្រជែងប្រណាំងទូក ក្នុងដងស្ទឹងសង្កែ កាលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ទូកង “នរិន្ទរង្សីពិជ័យចិត្របុត្រ” ដែលត្រូវបានប្រសិទ្ធនាម ជាអធិរាជម្ចាស់ស្ទឹងសង្កែ នៅតែរក្សាតំណែងខ្លួនដដែល ក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញទាំង៨លើក តាមការរំពឹងទុកពីមហាជនតាំងពីឆ្នាំ២០២៣ មក។
ក្រោយយកជ័យជំនះទាំង៨លើក និងទទួលបានជ័យលាភីលេខ១ ប្រចាំខេត្ត លោក វ៉ាន់វណ្ណៈ តំណាងកីឡាករ ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ នៃស្រុកឯកភ្នំ បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណដល់មហាជន ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយបានស្រែកសាទរគាំទ្រ និងលើកទឹកចិត្តយ៉ាងកងរំពងទាំង ៨លើក ទើបជ័យជំនះនេះ តបតាមការរំពឹងទុករបស់មហាជន។

ជាមួយគ្នានេះដែរ លោកក៏បានប្រាប់ពីកត្តាដែលទូកលោកទទួលបានជ័យលាភីលេខ១ នេះផងដែរ ដោយលោកបានលើកឡើងថា “ជ័យជំនះ គឺកើតឡើងដោយសារក្រុមកីឡាករមានវិន័យល្អ ដែលជាកត្តាសំខាន់ ដោយក្នុងនោះក៏ត្រូវមាន សីលធម៌ ការគោរពគ្នា សាមគ្គីគ្នា ឲ្យតម្លៃគ្នា និងការមិនទទួលទានគ្រឿងស្រវឹង ប្រមូលផ្តុំកម្លាំងច្របាច់បញ្ចូលគ្នាតែមួយ នៅពេលប្រកួតប្រណាំង ក៏ដូចជាស្ដាប់បង្គាប់ព្រះគ្រូ ចម ចិត្រ ព្រះអនុគណស្រុកឯកភ្នំ ដែលនៅក្រោមការគ្រប់គ្រងផ្ទាល់ពីព្រះអង្គនេះហើយ ជាចំណុចខ្លាំង របស់ក្រុមកីឡាករកាន់ទូកង”នរិន្ទរង្សីពិជ័យចិត្របុត្រ”។
តំណាងទូករូបនេះ បានបន្តដោយអះអាងថាក្រុមកីឡាករចំណុះទូកទាំងអស់ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីប្រកួតប្រណាំងនៅរាជធានីភ្នំពេញ នៅពេលខាងមុខ ដើម្បីដណ្ដើមជ័យលាភីជូនខេត្តបាត់ដំបងឲ្យខាងតែបាន។

បើទោះបីបែបណាក្តី មិនខុសពីរដូវកាលឆ្នាំ២០២៣ នោះទេ ព្រះចៅអធិការ វត្តឯករង្សី ក្នុងស្រុកឯកភ្នំ គឺលោកតា ចម ចិត្របានមានសង្ឃដីការប្រាប់កម្ពុជាថ្មីថា មិនទាន់សង្ឃឹមថា នឹងមានភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិដូចឆ្នាំមុនៗនោះទេ ព្រោះមានទូកខ្លាំងៗច្រើនមកពីបណ្តាខេត្តផ្សេងៗ។
បើតាមព្រះគ្រូ ចម ចិត្រ ទូកង”នរិន្ទរង្សីពិជ័យចិត្របុត្រ” មានប្រភពមកពីតំបន់កោះញ៉ែកក្នុងខេត្តមណ្ឌលគីរី ហើយបានយកមកដល់វត្តឯករង្សី ក្នុងទឹកដីខេត្តបាត់ដំបង កាលពីឆ្នាំ២០១៩។ ទូកនេះមានប្រវែង ៣៣,៨ម៉ែត្រ មានចំណុះ ៧២នាក់ សាងឡើងពីដើមគគីរ ហើយត្រូវបានលោកតា ចម ចិត្រ ជាចៅអធិការវត្ត បានដាក់ថា “នរិន្ទរង្សីពិជ័យចិត្របុត្រ” រហូតដល់សព្វថ្ងៃ។
សូមបញ្ជាក់ដែរថា ពិធីប្រណាំងទូក និងបណ្ដែតប្រទីប រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ១៦-១៧ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តបាត់់ដំបង បានបញ្ចប់ទៅដោយរលូន និងភាពសប្បាយរីករាយក្រៃលែង មានទូកចូលរួមប្រកួតសរុប ៤២ទូក។ហើយក្នុងនោះមានភ្ញៀវទេសចរ មកចូលរួមកម្សាន្ត សរុបចំនួន ១,១៧២,៨៩៦នាក់ មានការកើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានចំនួន ១,០៩៥,០០០នាក់ ៕ អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា