ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំសាលាបឋមសិក្សា ត្រូវអនុវត្តការបង្រៀនថ្ងៃព្រហស្បតិ៍បន្ថែម ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់សាលាបឋមសិក្សាទាំងអស់ ត្រូវអនុវត្តការបង្រៀនថ្ងៃព្រហស្បតិ៍បន្ថែម ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសដើម្បីបំប៉នបន្ថែមដល់សិស្សរៀនយឺត។

នៅក្នុងសេចក្ដីណែនាំស្ដីពីការប្រព្រឹត្តិទៅ នៃដំណើរការសិក្សានៅកម្រិតបឋមសិក្សាក្រសួងអប់រំបានឱ្យដឹងថា ការរៀន និងបង្រៀន ត្រូវអនុវត្តតាមកម្មវិធីសិក្សាជាធម្មតា(គ្រប់មុខវិជ្ជា) ដោយត្រូវបង្រៀន ៥ ម៉ោង សិក្សាក្នុង ១ ថ្ងៃ ឬ ២៧-៣០ ម៉ោងសិក្សាក្នុង ១ សប្ដាហ៍ ឬបង្កើនម៉ោងសិក្សាឱ្យបានជាអតិបរមាតាមដែលអាចអនុវត្តបាន។
ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់សាលារៀន ត្រូវអនុវត្តការបង្រៀនថ្ងៃព្រហស្បតិ៍(ព្រឹក ឬរសៀល) រៀងរាល់សប្ដាហ៍ទី ១ ទី ២ និងទី ៣ ក្នុងខែមករា កុម្ភៈ មីនា ឧសភា មិថុនា កក្កដា និងសីហា ឆ្នាំ ២០២៥ ដោយការបង្រៀននៅថ្ងៃព្រហស្បតិ៍ជាសកម្មភាពសិក្សាមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ដើម្បីបំប៉នបន្ថែមដល់សិស្សរៀនយឺតលើខ្លឹមសារមេរៀនកន្លងមកដែលសិស្សមិនទាន់ចេះ និងសកម្មភាពអប់រំបំណិនជីវិតតាមមូលដ្ឋាន។

សម្រាប់ការបំប៉នថ្ងៃព្រហស្បតិ៍ ក្នុងខែវិច្ឆិកា និង ធ្នូ ឆ្នាំ ២០២៤ គណៈគ្រប់គ្រងសាលារៀន ពិនិត្យលទ្ធភាពកៀរគរធនធានលើកទឹកចិត្តដល់គ្រូបង្រៀនចូលរួមអនុវត្តដើម្បីគាំទ្រការបំប៉ននេះសាលារៀនដែលអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវរៀបចំចំនួនម៉ោងសិក្សាទៅតាមកម្មវិធីរបស់ខ្លួន និងត្រូវធានាថា ចំនួនម៉ោងសិក្សា នៃមុខវិជ្ជាគោលមិនតិចជាងចំនួនម៉ោងសិក្សាដែលក្រសួងបាន កំណត់។
ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល ដើម្បីតាមដានណែនាំដល់ពួកគាត់ឱ្យជំរុញកូនចៅធ្វើស្វ័យសិក្សានៅផ្ទះ តាមរយៈការប្រើប្រាស់កញ្ចប់សម្ភារៈសិក្សានៅផ្ទះ ក៏ដូចជាធ្វើកិច្ចការដែលគ្រូដាក់ឱ្យ។

ក្រសួងអប់រំ បានបន្តថា នៅតាមសាលារៀនផ្ទាល់ ឬនៅតាមកម្រងសាលារៀន ត្រូវកំណត់យកសប្ដាហ៍ទី ៤ ថ្ងៃព្រហស្បតិ៍ រៀងរាល់ខែ ដើម្បីប្រជុំបច្ចេកទេស និងការឧបត្ថម្ភថវិកាត្រូវគិតចំនួន ៧ លើក គឺខែមករា កុម្ភៈ មីនា ឧសភា មិថុនា កក្កដា និងសីហា ឆ្នាំ ២០២៥។ ការប្រជុំបច្ចេកទេសថ្ងៃព្រហស្បតិ៍មិនមែនផ្ដោតតែលើការបូកសរុបលទ្ធផល នៃការបង្រៀន និងរៀននៅថ្ងៃព្រហស្បតិ៍នោះទេ ប៉ុន្តែត្រូវសង្កត់ធ្ងន់លើការអនុវត្តវិធីសាស្ត្របង្រៀន ការរៀបចំកិច្ចតែងការបង្រៀន ការផលិតសម្ភារៈឧបទេស ការធ្វើថ្នាក់និទស្សន៍ និងការផ្លាស់ប្ដូរបទពិសោធ របាយការណ៍ អធិការកិច្ច និងលទ្ធផលតេស្តរង្វាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ (ថ្នាក់ទី ៣ និងទី ៦) ការជួយសិស្សរៀនយឺតស្របពេលសិក្សា (តាមមុខវិជ្ជារងនីមួយៗ ក្នុង និងក្រៅថ្នាក់) ព្រមទាំងការកសាង និងប្រើប្រាស់កម្រងសំណួរពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស(ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ)។
ក្រសួងអប់រំ បានបញ្ជាក់ថា រាល់ការប្រជុំត្រូវមានរបៀបវារៈ ប្រធានបទ និងខ្លឹមសារច្បាស់លាស់ ដោយឆ្លុះបញ្ចាំងពីបញ្ហាពាក់ព័ន្ធនានាចំពោះការងារដែលសម្រេចបាននាខែកន្លងមក និងទិសដៅបន្ត ដែលត្រូវអនុវត្តក្នុងខែបន្ទាប់សម្រាប់កម្រិតថ្នាក់នីមួយៗ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា