ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវជាង៨តោន ជូនកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម និងលោក ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ប្រមាណ ៨,៣តោន ផ្តល់ជូនប្រជាកសិករ ចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅឃុំចំនួន៣ ក្នុងស្រុកជើងព្រៃ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ព្រមទាំងចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះផងដែរ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មបានសម្រិតសម្រាំងពូជជូនហើយ គឺពូជស្រូវ OM5451 ជាពូជដែលមិនប្រកាន់ចំពោះរដូវកាលទេ ហើយរយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ នេះជារយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកើតឡើង ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
បើតាមលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា ឃុំចំនួន៣ ដែលត្រូវទទួលស្រូវពូជ នាឱកាសនេះរួមមាន៖ ឃុំរងគ្រោះរាំងស្ងួត មានចំនួន ២ឃុំ គឺឃុំព្រីងជ្រុំ មានចំនួន ២ភូមិ ស្មើនឹង ១០គ្រួសារ ផ្ទៃដីខូចខាតចំនួន ៥ហ.ត។ ឃុំត្រពាំងគរ មានចំនួន ១ភូមិ ស្មើនឹង ៥០គ្រួសារ ផ្ទៃដីខូចខាតចំនួន ៣៥ ហ.ត។ ឃុំរងគ្រោះជំនន់ទឹកទន្លេមេគង្គ ចំនួន ១ឃុំ គឺឃុំព្រៃចារ មានចំនួន ២ភូមិ ស្មើនឹង ២៣គ្រួសារ ផ្ទៃដីខូចខាតចំនួន ១៦ហ.ត។ សរុបទាំង ៣ឃុំ គឺមានចំនួន ៥ភូមិ ស្មើនឹង ៨៣គ្រួសារ ដែលមានផ្ទៃដីខូចខាតចំនួន ៥៦ ហ.ត ផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ