ព័ត៌មានជាតិ
គ្រូជំនាញបច្ចេកទេសថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា បានបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ
លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យលើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នកដែលសុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។
លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់ ពីព្រោះសិស្ស ក៏ដូចជាយុវជន ដែលសិក្សាជំនាញ គឺមានទីផ្សារការងារខ្ពស់ តាមរយៈការបង្ហាញសមត្ថភាពនៅថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។
លោក ប៊ិន ចាន់ថា ជាគ្រូបង្រៀននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការប្រមូល កៀរគរ ប្អូនៗសិស្សានុសិស្ស យុវជន ដែលសិក្សាជំនាញ ក្នុងការបង្ហាញសមត្ថភាព ពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ ជាពិសេសការប្រកួតប្រជែងនេះក៏ជាមេរៀន និងបទពិសោធន៍មួយសម្រាប់យុវជន បើទោះបីទទួលបានលទ្ធផលបែបណាក៏ដោយ។
លោកគ្រូបានបន្ថែមថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិដែលត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះបានក្លាយទៅជាកាតាលីករមួយយ៉ាងសំខាន់ជំរុញទឹកចិត្តយុវជនដែលសិក្សាជំនាញឱ្យពុះកញ្ជ្រោលក្នុងបង្ហាញសមត្ថភាព និងមានឆន្ទះខ្ពស់ក្នុងការប្រឡងប្រជែងដើម្បីបានជ័យលាភី ដែលទាំងនេះជាភាពមោទកភាពរបស់ពួកគេលើវិថីនៃការសិក្សាជំនាញ។ លើសពីនេះផងដែរ កម្មវិធីនេះក៏ជាកម្មវិធីមួយក្នុងការលើកកម្ពស់ការសិក្សាជំនាញបច្ចេកទេសនៅប្រទេសកម្ពុជា ជំរុញឱ្យយុវជន ពលរដ្ឋ ចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ក្នុងនោះមានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)។ សម្រាប់បេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល។
ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍