ព័ត៌មានជាតិ
ក្រសួងអប់រំលើកទឹកចិត្ត និងជំរុញឲ្យសាលារៀនដែលមានលទ្ធភាពចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ
ក្រសួងអប់រំយុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញឱ្យសាលារៀនដែលមានលទ្ធភាព ចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្សដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សពិសេសសិស្សរៀនយឺត។
នៅក្នុងសេចក្តីណែនាំមួយស្តីពីការប្រព្រឹត្តិទៅនៃដំណើរការសិក្សាកម្រិតបឋមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៥
ក្រសួងអប់រំបានបញ្ជាក់ថា សាលារៀនដែលមានបំណងបង្រៀន និងរៀនពេញមួយថ្ងៃត្រូវរៀបចំសំណើសុំការអនុញ្ញាតពីក្រសួងជាមុនសិនតាមរយៈរដ្ឋបាលក្រុងស្រុកខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត។
ជាមួយគ្នានេះដែរការបង្រៀន និងរៀនពេញមួយថ្ងៃត្រូវអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្ស ត្រូវអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងបន្ថែមម៉ោងសិក្សាលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងមុខវិជ្ជាមួយចំនួនទៀតតាមស្ថានភាពជាក់ស្តែងរបស់សាលារៀន ព្រមទាំងការជួយសិស្សរៀនយឺតផងដែរ ដោយពេលព្រឹកអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងពេលរសៀលជាម៉ោងបន្ថែម និងហ្វឹកហាត់ ឬអាចបត់បែនការអនុវត្តដោយធានាចំនួនម៉ោងសិក្សាស្របតាមនិយាមដែលបានកំណត់។ លើសពីនេះទៀតសាលារៀនអាចបញ្ចូលការអនុវត្តកម្មវិធីសិក្សាទំនើប ដោយបន្ថែមមុខវិជ្ជាភាសាអង់គ្លេស ចិន កុំព្យូទ័រ ការអប់រំស្លែម (រ៉ូបូទិក) ការអប់រំសិល្បៈកីឡា។
បន្ថែមពីនេះសាលារៀនដែលអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល អាជ្ញាធរដែនដី អាចពិភាក្សាគ្នាអំពីការអនុវត្តម៉ោងចូល ម៉ោងចេញខុសពីគ្រឹះស្ថានសិក្សាដទៃទៀតតាមការព្រមព្រៀងដោយមានរបាយការណ៍ ឬកំណត់ហេតុប្រជុំជាលាយលក្ខណ៍អក្សរ និងផ្តល់ជូនអាជ្ញាធរអប់រំតាមឋានានុក្រមចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ
ត្រូវពិនិត្យលទ្ធភាពពង្រីកការអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្សនៅតាមសាលាបឋមសិក្សាផ្សេងទៀត ដែលកំពុងរៀនតែមួយពេលហើយមានបន្ទប់រៀន និងគ្រូបង្រៀនសមស្រប។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ នឹងជ្រើសរើសសាលារៀនដែលមានសក្ដានុពលប្រមាណ ៥០ នៅទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃជាបន្តទៀត បន្ទាប់ពីបានសាកល្បងអនុវត្តជោគជ័យលើសាលារៀន ២០ កន្លងមក។ លោកស្រី បានបន្តថា ការសិក្សាពេញមួយថ្ងៃនេះ ត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំដើម្បីសម្រេចគោលដៅសិស្សមានទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃនេះ ក្រៅពីសិស្សចេះអាន
ចេះសរសេរ និងមានចំណេះដឹងផ្នែកគណិតវិទ្យាត្រឹមត្រូវហើយ ពួកគាត់មានពេលអនុវត្តក្នុងកម្មវិធីក្រៅម៉ោងសិក្សា
ដូចជាការរៀនបំប៉នបន្ថែមមុខវិជ្ជាដែលពួកគេមិនទាន់ចេះច្បាស់លាស់ និងចូលរួមក្លិបសិក្សាដើម្បីស្វ័យសិក្សាជាមួយមិត្តភ័ក្ដិទទួលបាននូវចំណេះដឹង និងបំណិនផ្សេងៗ ដែលសុទ្ធសឹងជាបំណិន និងតម្រូវការនៅក្នុងសតវត្សទី២១ មានដូចជា ផ្នែកបច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា និងសកម្មភាពយុវជននានា ដែលអនុញ្ញាតឲ្យគាត់អាចចាប់ផ្ដើមរៀនការងារជាក្រុមជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តភ័ក្ដិដទៃទៀតឆ្លងកម្រិតថ្នាក់ក្នុងសាលារបស់ខ្លួនផងដែរ។
លោកស្រីបានបន្ថែមថា លើសពីនេះទៀត ការរៀនពេញមួយថ្ងៃអាចឲ្យសិស្សចាប់ផ្ដើមហ្វឹកហាត់ពេញ ១ថ្ងៃ ពីកម្រិតបឋមសិក្សាដែលចំណុចនេះអាចក្លាយជាទម្លាប់មួយដល់គាត់មានគំនិតស្រលាញ់ការរៀន ស្រលាញ់សាលារៀន និងចូលរួមអភិវឌ្ឍន៍សាលា។
លោកស្រី បានបញ្ជាក់ថា ជាងនេះទៀត ការរៀនពេញមួយថ្ងៃនេះមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សិស្សប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងប្រទេសជាតិទាំងមូលផងដែរ។ សម្រាប់មាតាបិតាមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារ និងលែងព្រួយបារម្ភពីកូនៗរបស់ពួកគាត់។ ចំណែកគណៈគ្រប់គ្រងសាលារៀន ក៏ដូចជាលោកគ្រូអ្នកគ្រូកាន់តែស្គាល់ និងគាំទ្រសិស្សពេញលេញជាងមុន៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់