ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំជឿតាមមេខ្យល់ ព្រោះគ្មានគោលការណ៍ចែកដីសម្បទាននោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនារបស់មេខ្យល់ ដែលដើរប្រាប់ថា ចុះឈ្មោះដើម្បីបានដីសម្បទានពីរដ្ឋ។ ជាមួយការអំពាវនាវនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់លើមេខ្យល់ទាំងនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«មានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះយកដីសម្បទាន ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាឱ្យទៅបំផុស ដើម្បីមកយកដីសម្បទាននោះទេ»។ ការបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤។
សម្ដេចធិបតី បានបន្ថែមថា បើមានគោលការណ៍ចែកដីសម្បទាននេះ ក៏ត្រូវធ្វើឡើងតាមរយៈយន្តការរដ្ឋ ដូចដែលកន្លងទៅ គឺយន្តការផ្ដល់ដីសម្បទាន តាមការដាក់ពាក្យមកអាជ្ញាធរឃុំ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏កំពុងរៀបចំបង្កើតនូវគណៈកម្មការបន្ទុកលើកិច្ចការនេះផងដែរ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋកុំជឿលើមេខ្យល់ ដែលកំពុងដើរបំផុសបំផុលយកលុយ ដើម្បីជាថ្នូរ ទទួលបានដីឡើយ។ សម្ដេចធិបតី ក៏បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមដាន និងវែកមុខមេខ្យល់ទាំងនោះ យកមកអនុវត្តច្បាប់ មិនដូច្នេះទេ ដើរបោកប្រជាពលរដ្ឋបន្តទៀត ពិសេសតាមដំណឹងដែលសម្ដេចទទួលបាន គឺករណីនេះ បានកើតឡើងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ក្រោយមានដំណឹងឃោសនាបោកប្រាស់នៅស្រុកពេជ្រាដានេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញមកអះអាងថា រដ្ឋបាលខេត្តគ្មានគោលការណ៍ណែនាំ ឬទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីបែងចែកដីដូចការបំផុសបំផុលឡើយ។
សេចក្ដីបំភ្លឺ ចុះថ្ងៃទី១៨ ខែតុលា រដ្ឋបាលខេត្តមណ្ឌលគិរី ចាត់ទុកការផ្សាយព័ត៌មានមិនពិតនេះ ថា គឺជាចេតនាក្នុងការបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់ ក្នុងគោលបំណងបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់។ អាជ្ញាធរខេត្តភាគឦសានមួយនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចាញ់បោកតាមការសន្យារបស់ក្រុមមេខ្យល់ ដែលនាំឱ្យខាតបង់ទ្យព្យសម្បត្តិ។

បន្ថែមពីការអំពាវនាវ អាជ្ញាធរខេត្ត ក៏ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូច ក្រុមមេខ្យល់ ដែលបានប្រើប្រាស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចុះឈ្មោះដើម្បីទទួលបានដីសម្បទាននេះផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ