ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាលត្រៀមមណ្ឌលចត្តាឡីស័កធំៗ៣ដើម្បីទទួលលំហូរប្រជាពលរដ្ឋមកពីថៃ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន៣ទីតាំង ដើម្បីឆ្លើយតបទៅនឹងលំហូរនៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋ ពិសេសពលករខ្មែរដែលអស់ការងារនៅប្រទេសថៃ ពិសេសជាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ការត្រៀមនោះ រដ្ឋបាលខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន៣ទីតាំងធំៗនៅតាមស្រុកនៅជាប់នឹងផ្លូវជាតិដើម្បីងាយស្រួលទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃមុននឹងបែងចែកឱ្យធ្វើចត្តាឡីស័កបន្តនៅតាមក្រុងស្រុករបស់ពួកគាត់។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ទីតាំងទី១ គឺនៅក្នុងវិទ្យាល័យទេពប្រណម្យ នៅស្រុកពញាឮ អ៊ីចឹងប្រជាពលរដ្ឋដែលមកពីខាងផ្លូវជាតិលេខ៥ គឺមានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ជាដើមនេះ គាត់ត្រូវស្នាក់នៅទីតាំងនោះជាបណ្ដោះអាសន្នមុននឹងបញ្ជូនគាត់មកស្រុកក្រុងដែលជាលំនៅឋានរបស់ពួកគាត់។ ទី២គឺនៅ វិទ្យាល័យសិរីមង្គល នៅស្រុកពញាឮ នៅផ្លូវជាតិលេខ៦អា និងទី៣នៅវិទ្យាល័យ កំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង។”
នាយករដ្ឋបាលសាលាខេត្តកណ្ដាល មានប្រសាសន៍បន្តថា ចំពោះការងារត្រៀមទាំងអស់នេះ រដ្ឋបាលខេត្តបានគិតគូរច្បាស់លាស់ ចំពោះប្រជាពលរដ្ឋត្រូវត្រឡប់មកវិញនេះ ដោយមានមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាស្រុកក្រុងទាំងអស់ ត្រៀមរៀបចំសម្រាប់ទទួលពួកគាត់ធ្វើចត្តាឡីស័ក ព្រមទាំងមណ្ឌលសម្រាប់ទទួលពួកគាត់ស្នាក់នៅជារួមមុននឹងបញ្ជូនពួកគាត់ទៅតាមបណ្ដាក្រុងស្រុក។
លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “អ៊ីចឹងមណ្ឌលចត្តាឡីស័កធំៗទាំង៣នេះ ជាកន្លែងដើម្បីសម្របសម្រួលឱ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននៅពេលមកដល់ទឹកដីខេត្តកណ្ដាល ហើយយើងនឹងបញ្ជូនពួកគាត់ដោយរថយន្តដែលជាមធ្យោបាយគ្រប់គ្រងច្បាស់លាស់របស់រដ្ឋបាលក្រុងស្រុកនីមួយៗទទួលយកទៅ”។

លោក គ្រុយ ម៉ាឡែង បញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាលបានណែនាំឱ្យមន្ត្រីការងារបស់យើងធ្វើការដោយមានភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការបង្ការ ការពារខ្លួនផងដែរ ព្រមទាំងបានបំពាក់សម្ភារៈផ្គត់ផ្គង់ ក៏ដូចជាអាល់កុល ម៉ាស ថវិកា ប្រេងធ្វើដំណើរជាដើម ក្នុងការចុះធ្វើបេសកកម្មតាមបណ្ដាខេត្តជាប់ព្រំដែនថៃ។
គួរបញ្ជាក់ថា នៅពេលនេះមានប្រជាពលរដ្ឋ ពលករដែលបានធ្វើការនៅប្រទេសថៃ បានត្រឡប់មកភូមិកំណើតខ្លួនវិញ ដោយសារបណ្ដាខេត្តនៅប្រទេសថៃមានការស្រាកស្រាន្តរីករាលដាលនៃជំងឺកូវីដ-១៩ ជាងមុន ធ្វើឱ្យពួកគាត់មានលទ្ធភាពចូលតាមច្រកព្រំដែនវិលត្រឡប់មកកម្ពុជាវិញ។ ម៉្យាងទៀត ថៃក៏ជិតដល់ពិធីចូលឆ្នាំដូចខ្មែរ ទន្ទឹមពេលការងារនៅទីនោះត្រូវបានកាត់បន្ថយដែលធ្វើឱ្យពលករខ្មែរទាំងនោះអស់ការងារ ហើយចង់មករកការងារនៅក្នុងប្រទេសកំណើតវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
រដ្ឋបាលខេត្តកណ្ដាលចាត់តាំង៤ក្រុមការងារត្រៀមទទួលប្រជាពលរដ្ឋនៅព្រំដែនថៃ

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?