ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវមួយនៅស្រុកថ្មគោល នាំចេញអង្ករបានជិត ៥ ម៉ឺនតោន ទៅទីផ្សារក្រៅប្រទេស
រយៈពេល ១០ ខែចុងក្រោយ ឆ្នាំ២០២៤ រោងម៉ាស៊ីនកិនស្រូវ ហ្គោលដេនស្ដារ ដែលស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង មានសមត្ថភាពនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានជិត ៥ ម៉ឺនតោន។

រោងម៉ាស៊ីនកិនស្រូវ ហ្គោលដេនស្ដារ មានសមត្ថភាពផលិតកែច្នៃ និងវេចខ្ចប់អង្ករនាំចេញបាន ៥០០ តោនក្នុងមួយថ្ងៃ ខណៈនៅដូវប្រមូលផលស្រូវវស្សាឆ្នាំ២០២៤ រោងម៉ាស៊ីនមួយនេះបានបញ្ជាទិញស្រូវពីកសិករចំនួន ៣ ខេត្តជាគោលដៅ។
លោក រ៉ី រដ្ឋា ម្ចាស់រោងម៉ាស៊ីនហ្គោលដេនស្ដារបានឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវរបស់លោកបានប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យបានប្រមាណ ១៥០០ តោន ក្នុងមួយថ្ងៃ ហើយស្រូវដែលប្រមូលទិញគឺជាប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវកំពុងមានទីផ្សារខ្ពស់ ធ្វើឲ្យកសិករមានប្រាក់ចំណូលគួរសមតាមរយៈទិន្នផលពូជស្រូវពីរប្រភេទនេះ។
ក្នុងនោះ រោងម៉ាស៊ីនរបស់លោក ក៏បាននាំចេញអង្ករប្រណិតបានជាង ៦ ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារ អឺរ៉ុប ចិន និងម៉ាឡេស៊ី ហើយក្រៅពីនេះលោកក៏កំពុងពន្លឿនការរៀបចំបែបបទនីតិវិធី ដើម្បីពង្រីកទីផ្សារនាំចេញអង្ករប្រណិត ទៅទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេលសមគួរណាមួយឆាប់ៗនេះផងដែរ។

លោកបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវរបស់លោក កកើតឡើងតាំងពីឆ្នាំ១៩៨៥ និងបានពង្រីកសង្វាក់ផលិតកម្មនៅឆ្នាំ២០១៩។ រោងម៉ាស៊ីនកិនស្រូវមានយីហោថា “ហ្គោលដេនស្ដាររ៉ាយស៍មីល អេនអ៊ីមផតអិចផត” មានទីតាំងស្ថិតនៅ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវរបស់លោក បានកំពុងរួមចំណែកយ៉ាងសកម្មលើការផលិត និងនាំចេញអង្ករប្រណិត ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញការនាំចេញអង្ករទៅក្រៅប្រទេសផងដែរ។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះបានអះអាងថា «សម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២៤ នេះ រោងម៉ាស៊ីនកិនស្រូវរបស់លោក បាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានជិត ៥ម៉ឺនតោន ស្របតាម ផែនការដាក់ចេញ ក្នុងការពង្រីកសង្វាក់ផលិតកម្ម ដើម្បីបង្កើនការនាំចេញនៅឆ្នាំបន្តបន្ទាប់ទៀត»។
បច្ចុប្បន្ន រោងម៉ាស៊ីនកិនស្រូវរបស់លោកបានបង្កើតការងារបានប្រមាណ ៣០០ នាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ របស់ពលរដ្ឋ ដែលជំនួសឲ្យការធ្វើសំណាកស្រុកដោយប្រថុយប្រថាននៅប្រទសជិតខាងផងដែរ ។

ទន្ទឹមនេះ លោកបានសំណូមពរថា ក្នុងនាមវិស័យឯកជន លោកបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាបន្តបញ្ចុះតម្លៃភ្លើងដើម្បីជំរុញការនាំចេញអង្ករ ជាពិសេសដើម្បីផ្ដល់ឱកាសឲ្យរោងម៉ាស៊ីនបានបង្កើនប្រាក់ចំណូលជូនកម្មករ និងបង្កើនតម្លៃការប្រមូលទិញស្រូវពីប្រជាកសិករ ឲ្យកាន់តែមានវិសាលភាពធំទូលាយបន្តទៀតផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា