ព័ត៌មានជាតិ
ប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន ត្រូវបានរងទណ្ឌកម្មវិន័យពីថ្នាក់លើ
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ត្រូវបានដាក់វិន័យ ក្រោយបានប្រព្រឹត្តទង្វើមិនគប្បីទៅលើយុវជនម្នាក់ នៅពេលអនុវត្តការងារ នៅលើដងផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ពោលគឺបានបោចសក់យុវជនជាតៃកុងឡាន។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីរូបនេះ ត្រូវបានហាមឃាត់មិនឱ្យចុះបំពេញការងារខាងក្រៅទៀតឡើយ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត បានបោចសក់ ហើយក្របួចអូសយុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ។ តាមរយៈវីដេអូឃ្លីបដែលចែកចាយនៅលើបណ្ដាញសង្គមពីទង្វើមិនគប្បីនេះ ត្រូវបានរងការរិះគន់ពីសំណាក់មហាជនជាខ្លាំង។

ក្រោយពីបានឃើញបែបនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោះហៅមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលរូបនេះ ដើម្បីសួរនាំ និងត្រួតពិនិត្យជាជំហានដំបូង។ បន្ទាប់ពីបានធ្វើអធិការកិច្ច ពោលគឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈខាងលើនេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មន្ត្រីអាវុធហត្ថ ឈ្មោះ ពៅ សាលួត ត្រូវបានស្តីបន្ទោស និងធ្វើកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ ហើយត្រូវត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យមន្ត្រីកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទីភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ទៀតទេ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី