ព័ត៌មានជាតិ
កម្ពុជា-ថៃ ឯកភាពទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម ៧៤ បង្គោល បោះសម័យអាណានិគមបារាំង
មន្រ្តីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា កម្ពុជានិងថៃបានឯកភាពគ្នាលើបង្គោលព្រំដែនចំនួន ៤២ ក្នុងចំណោមបង្គោលព្រំដែនចំនួន ៧៤ ដែលបានបោះក្នុងសម័យអាណានិគមបារាំងពីឆ្នាំ ១៩១៩ ដល់ ១៩២០។

លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់នៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ធ្វើឡើងផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋាន៖
១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) គឺបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀតដែលទាក់ទងទៅនឹងការអនុវត្តន៍អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម
២. អនុសញ្ញាបារាំង-សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ (ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត) និងសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧
៣. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន

ពាក់ព័ន្ធលទ្ធផលលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ លោក ឡាំ ជា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ភាគីទាំងពីរបានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំង ៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ១៩១៩-១៩២០ ដោយទទួលបានលទ្ធផលបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន ៣២ បង្គោល។
បង្គោលព្រំដែន ៣២ មិនទាន់ឯកភាពទេ បើតាមលោកឡាំ ជា ដោយសារទីតាំងបង្គោលខ្លះបាត់ និងកន្លែងខ្លះទីតាំងមិនពិតប្រាកដ។ ជាមួយគ្នានេះ ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
លោក ឡាំ ជា បានអះអាងថា នៅពេលបារាំងធ្វើព្រំដែនជាមួយសៀមនៅឆ្នាំ ១៩០៨ និង ១៩០៩ ប្រើប្រាស់បន្ទះដែកក្រាស់ធំបោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប ១០ ឆ្នាំក្រោយមក នៅឆ្នាំ ១៩១៩ ដល់ ១៩២០ បានចុះបោះបង្គោលជាបេតុងនៅលើដីជាក់ស្តែង។
លោក ឡាំ ជា បានគូសបញ្ជាក់ថា កិច្ចការបោះបង្គោលព្រំដែនជាមួយប្រទេសថៃមានភាពយឺតយ៉ាវ ដោយសារខាងភាគីថៃមានបញ្ហាផ្ទៃក្នុង។
ទាក់ទងការអភិវឌ្ឍតាមព្រំដែន លោកឡាំ ជា ថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ដោយបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ៤៥៥,៥០ គ.ម៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង