ព័ត៌មានជាតិ
ថ្ងៃទី៣០ អាជ្ញាធរ បិទមិនឱ្យរថយន្តដឹកទំនិញធ្ងន់ចរាចរលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរត់ភ្លើងគប់ អបអរពិធីបើកកីឡាជាតិ
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកន្លែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ២១បេ រហូតដល់គល់ស្ពានអ្នកលឿងត្រើយខាងលិច ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលចុះថ្ងៃទី២៨ ខែតុលា នេះ។

ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តកណ្ដាលសរសេរដូច្នេះ៖«រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពី ស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ២១បេ រហូតដល់គល់ស្ពានអ្នកលឿងត្រើយខាងលិច ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមរត់ ពីទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល នៅលើផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក។»។
តាមរដ្ឋបាលខេត្តកណ្ដាល នៅពេលពិធីចាប់ផ្តើមនៅម៉ោង ២៖០០នាទីរសៀល ការធ្វើចរាចរនឹងត្រូវបិទទាំងស្រុងក្នុងរយៈពេល១ម៉ោង ចាប់ពីទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឆ្ពោះមកភ្នំពេញចំងាយ ១គីឡូម៉ែត្រ បន្ទាប់មកនឹងបើកឱ្យចរាចរតែមួយ ចំហៀងផ្លូវរហូតដល់ពិធីត្រូវបានបញ្ចប់។

គួរឱ្យដឹងថា ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងពិធីបើកនឹងមានការអុជកាំជ្រួច ការប្រគុំតន្ត្រីដែលមានតារាចម្រៀងល្បីៗចូលរួមដូចជា នាយពាក់មី លោក ឆន សុវណ្ណរាជ ព្រះនាងនរោត្ដម ចេណ្ណា តារារ៉េប លោក វណ្ណដា និងតារារ៉េប មកពីផលិតកម្មបារមីដទៃទៀត រួមទាំងទស្សនីយភាពកូរសមុទ្រទឹកដោះ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទស្សនីយភាពព្រលឹងយ័ន្ត៨ទិស មហាយុទ្ធគុណខ្មែរបុរាណ។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅលើទីលានប្រកួតតាមវិញ្ញាសា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងកំពង់ឆ្នាំង។

ការប្រកួតកីឡាជាតិ លើកទី៤ មានកីឡា៣៦ប្រភេទ ស្មើនឹង៣២៨វិញ្ញាសា និងកីឡាជាតិជនពិការមានកីឡា៧ប្រភេទ ស្មើនឹង៤៥វិញ្ញាសា ដែលសរុបប្រតិភូ កីឡាករ និងកីឡាការិនីចំនួន ៤៨៥០នាក់ មកពី២៥រាជធានី ក្រុង និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
កីឡាទាំង៣៦ប្រភេទសម្រាប់កីឡាជាតិ លើកទី៤ មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកួនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ គុនខ្មែរ វាយកូនបាល់ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង កីឡារាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាថ្លុង វាយគុនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម។

កីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទ គឺ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះជនពិការ បាល់ទះអង្គុយ ប៊ូស្សា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ។
ក្រៅពីការប្រកួតក្នុងគោលដៅពង្រឹងបច្ចេកទេស សមត្ថភាព និងបទពិសោធដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការស្ថិតក្រោមប្រធានបទ«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ