ព័ត៌មានជាតិ
ព្រះមហាក្សត្រ យកថ្ងៃប្រារព្ធខួប២០វស្សានៃការគ្រងរាជសម្បត្តិ អំពាវនាវដល់ពលរដ្ឋរបស់ព្រះអង្គ រួបរួមសាមគ្គីជាតិជាធ្លុងមួយ
មហាមីទ្ទិញមហាជន អបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ រួបរួមសាមគ្គីជាតិជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីរម្លឹកខួបនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថិរភាពនយោបាយ សន្តិសុខសង្គម ត្រូវបានធានាយ៉ាងពេញលេញ និងស្របពេលរាជរដ្ឋាភិបាល អាណត្តិទី៧ បានបំពេញភារកិច្ចយ៉ាងសកម្មតាមតួនាទីរបស់ខ្លួន ក្នុងបុព្វហេតុជាតិ និងប្រជាជន។

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ទ្រង់បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបាននាំនាវាកម្ពុជាប្រែមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានប្រតិបត្តិតាមមាគ៌ាដ៏ប្រពៃ និងមរតកដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព សាមគ្គីភាពជាតិ ឯកភាពជាតិ និងកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ហើយក៏ស្របតាមគោលមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដែលជាព្រះរាជបណ្ដាំចុងក្រោយនៃព្រះករុណា សម្ដេចព្រះបរមរតនកោដ្ឋិ កាលពីឆ្នាំ២០១១។
ព្រះករុណជាអង្គម្ចាស់ មានព្រះរាជបន្ទូលថា «យើងកំពុងសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលកើតចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»។

ក្នុងន័យនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ ព្រះមហាក្សត្រ សង្កត់ធ្ងន់ថា មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានគ្រឹះធ្វើឱ្យស្ថានភាពជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិ។
សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព សេរីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ។ នេះជាព្រះរាជសុន្ទរកថាបន្ថែមរបស់ព្រះមហាក្សត្រ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា