ព័ត៌មានជាតិ
ព្រឹទ្ធសភា ដឹកនាំដោយសម្តេច ហ៊ុន សែន បានបន្តពង្រឹងការងារកាន់តែខ្លាំង ស្របតាមមុខងារទាំង៣
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយ សម្ដេចតេជោ ហ៊ុន សែន បានបន្តដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ ដើម្បីស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១និងលើកទី២ នីតិកាលទី៥។
ព្រឹទ្ធសភានីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ នេះតាមរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ អានដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា។

សមាជិក សមាជិកាព្រឹទ្ធសភា គាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលផ្តោតអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យ ទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។
តាមរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ បានឱ្យដឹងថា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការជំនាញ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់របស់គណៈកម្មការទាំង១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ និងបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
ទន្ទឹមគ្នានេះ គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែងយល់អំពីវឌ្ឍនភាពការងារតាមវិស័យរបស់ខ្លួនជាមួយក្រសួងស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្ត ច្បាប់ និងគោលនយោបាយនានា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា បានចុះសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ចំនួន៤លើក ជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរនានាក្នុង មូលដ្ឋាន ព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភា នៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួមសរុបចំនួន១៨.២៧៥នាក់ ។

ក្រៅពីនេះ សមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីនៅក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយសំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចំនួន ៣៤៦លើក និងចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការលំបាកជាច្រើន។
ក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗ ហើយព្រឹទ្ធសភា ក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្មជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងកិច្ចជាច្រើនថែមទៀត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច