ព័ត៌មានជាតិ
ជប៉ុន ប្ដេជ្ញាបន្តបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនពលករកម្ពុជា ដើម្បីឱ្យត្រឡប់មកកម្ពុជាវិញរកបានចំណូលសមរម្យ
នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន លោក សេជិ ថាណាកា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបង្កើនការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញ ដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មរបស់កម្ពុជា ជាពិសេសសម្រាប់ពលករដែលធ្វើសមាហរណកម្មត្រឡប់មកមាតុភូមិវិញ ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។
លោក សេជិ ថាណាកា ប្ដេជ្ញាដូច្នេះ ក្នុងពេលជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
នៅក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុនមកកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងសារៈសំខាន់នៃកម្មវិធីការងារសម្រាប់ការអភិវឌ្ឍជំនាញ (Employment for Skill Development Program) ថ្មីរបស់ជប៉ុន ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៧ ដោយកម្មវិធីនេះនឹងអាចជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ តាមរយៈការផ្ដល់អាទិភាព និងលើកទឹកចិត្តឱ្យកម្ពុជា ក៏ដូចជាប្រទេសបញ្ជូនដទៃទៀត បង្កើនការបញ្ជូនពលករជំនាញ (Skilled Workers) ទៅជប៉ុន ជាជាងការបញ្ជូនកម្មសិក្សាការីបច្ចេកទេស (Technical Intern Trainees)។ កម្មវិធីនេះមិនត្រឹមតែរួមចំណែកក្នុងការជួយបង្កើនកម្លាំងពលកម្មជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចជប៉ុនប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្រោយពលករជំនាញទាំងនោះវិលត្រឡប់មកកម្ពុជាវិញ។
ជាការឆ្លើយតប លោក សេជិ ថាណាកា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី និងបញ្ជាក់គោលជំហររបស់ប្រទេសជប៉ុន ក្នុងការជួយគាំទ្រ និងលើកកម្ពស់ប្រព័ន្ធកម្មសិក្សាការី និងពលករជំនាញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នបន្ថែមទៀត ព្រមទាំងសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាលការងារថ្មីរបស់ជប៉ុន នៅឆ្នាំ២០២៧ នឹងក្លាយជាយន្ដការមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងពីអាទិភាពថ្មីមួយទៀតរបស់ជប៉ុនសម្រាប់កាលៈទេសៈក្រោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងការចែករំលែកឧត្តមានុត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO)៕
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម១២ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»