ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ជួបជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម
ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងរដ្ឋមន្ត្រីក្រសួងនីតិកម្មកូរ៉េខាងត្បូង បានជួបជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម ពិសេសការផ្លាស់ប្តូរចែករំលែកបទពិសោធលើការងារកសាងសមត្ថភាពពិនិត្យ និងកាត់តែងសេចក្តីព្រាងច្បាប់។

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានជួបប្រជុំពិភាក្សាជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម របស់កូរ៉េខាងត្បូង។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម រវាងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រសួងនីតិកម្មកូរ៉េ និងដើម្បីផ្លាស់ប្តូរចែករំលែកបទពិសោធលើការងារនីតិកម្ម ព្រមទាំងការកសាងសមត្ថភាពលើការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ជាពិសេសកាត់តែងសេចក្តីព្រាងច្បាប់ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។

លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មកូរ៉េ បានជម្រាបលោក វង្សី វិស្សុត អំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងនីតិកម្មកូរ៉េ ពិសេសមុខងារក្នុងការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ការបកស្រាយច្បាប់ និងការកែលម្អច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់សេវាកម្មផ្នែកច្បាប់ដល់គ្រប់ក្រសួងស្ថាប័ន និងសាធារណជនទូទៅរបស់កូរ៉េ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺជាស្ថាបនិកនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ក្នុងឆ្នាំ១៩៩៧ ហើយទំនាក់ទំនងនេះបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ រហូតដល់សព្វថ្ងៃ។
ផ្អែកលើមូលដ្ឋានទំនាក់ទំនងការទូតដ៏រឹងមាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តផ្តល់អាទិភាពខ្ពស់បន្ថែមទៀតដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ព្រមទាំងបានដំឡើងទំនាក់ទំនងនេះដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ជាក់ស្តែង កិច្ចប្រជុំនាពេលនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកពង្រឹងនិងពង្រីងទំនាក់ទំនងជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

លោក វង្សី វិស្សុត បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងនីតិកម្មកូរ៉េ ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយមុំទី៤ នៃយុទ្ធសាស្រ្តនេះ បានផ្តោតសារៈសំខាន់លើការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់និងប្រព័ន្ធយុត្តិធម៌។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលជាយន្តការដឹកនាំ, សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

ស្របជាមួយគ្នានេះ ដោយវិស័យនីតិកម្មរបស់កូរ៉េមានភាពជឿនលឿន ហើយកូរ៉េបានដាក់ចេញ និងអនុវត្តនូវការកែទម្រង់ច្បាប់របស់ខ្លួនប្រកបដោយភាពជោគជ័យខ្ពស់នោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកថា ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗរបស់កូរ៉េ ពិតជាមានសារៈសំខាន់ដល់ការកែទម្រង់ច្បាប់របស់កម្ពុជាខាងលើ ពិសេសការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តនៃការកែទម្រង់ច្បាប់ និងនិម្មាបនកម្ម ព្រមទាំងផែនទីចង្អុលផ្លូវ សម្រាប់កសាងប្រព័ន្ធច្បាប់ និងពង្រឹងវប្បធម៌នីតិរដ្ឋ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល