ព័ត៌មានជាតិ
ថវិកា ២៧ លានដុល្លារ បានពីពលរដ្ឋបរិច្ចាគ យកទៅស្ថាបនាផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅខេត្តរតនគិរី និងមណ្ឌលគិរី
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនដែលទទួលបានថវិកាប្រមាណ ២៧ លានដុល្លារ ពីការបរិច្ចាគពីពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស នឹងយកទៅប្រើប្រាស់សម្រាប់កសាងផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅខេត្តមណ្ឌលគិរីនិងរតនគិរី។ នេះបើតាមសន្និសីទដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកនេះ។

លោក គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនបានគូសបញ្ជាក់ថា ក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារជាតិមាតុភូមិពាក់ពាក់ព័ន្ធដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃ ៣១ ខែតុលា មូលនិធិទទួលបានថវិកាសរុបចំនួន ២៧ លានដុល្លារ។
លោកបន្តថា ថវិកាទទួលបាននេះកើតចេញពីទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីចួលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍផ្លូវក្រវាត់ព្រំដែនប្រវែងជាង ២៥០ គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគរី។



លោក គីម ប៊ុនថាន បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងខេត្តភាគឦសាននៅខេត្តរតនគិរី និងមណ្ឌលគិរី បើតាមការសិក្សាគ្រោងប្រើប្រាស់រយៈពេល ៣០ ខែ និងអាចសម្រេចជាស្ថាពរនៅអំឡុងឆ្នាំ ២០២៧។
នៅចំពោះមុខ កងវិស្វកម្មបានចល័តកម្លាំងទៅកាន់គោលដៅរួចរាល់ហើយ ដើម្បីអាចផ្តើមដំណើរការដ្ឋានសាងសង់។ លោក គីម ប៊ុនថាន បញ្ជាក់បន្ថែម។
ពាក់ព័ន្ធការស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់មូលនិធិថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន លោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានកងវិស្វកម្ម និងជាអនុប្រធានអនុវត្តគម្រោងផ្លូវក្រវាត់ព្រំដែនបានគូសបញ្ជាក់ថា តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ការស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវអនុវត្តតាមគោលការណ៍ចំនួន ៣។ ទី ១ ត្រូវប្រើប្រាស់ថវិកាមូលនិធិយកទៅកសាងផ្លូវខ្សែក្រវាត់ព្រំដែន ដែលមានផ្លូវតភ្ជាប់ ផ្លូវខ្សែក្រវាត់ទី ១ ការបោសសម្អាតមីន និងសំណង់សិល្បការ។
គោលការណ៍ទីពីរ ការប្រើប្រាស់ថវិកាមូលនិធិត្រូវមានតម្លាភាព គណនេយ្យភាព សន្សំសំចៃខ្ពស់ មានការទទួលខុសត្រូវ ការសាងសង់សំណង់ត្រូវស្របតាមលក្ខណៈបច្ចេកទេស មានភាពធន់ និងសោភ័ណភាព។
គោលការណ៍ទី ៣ នឹងបើកឲ្យដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសម្ចាស់មូលនិធិ អាចតាមដានពិនិត្យមើលលទ្ធផលនៅគ្រប់ការដ្ឋានតាមសភាពជាក់ស្តែងដែលអាចទៅរួច។

រដ្ឋាភិបាល បានប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនប្រមាណ ២៧ លានដុល្លារ ដើម្បីស្ថាបនាផ្លូវក្រវាត់ព្រំដែនមានប្រវែងសរុប ២៥០ គីឡូម៉ែត្រ ក្នុងនោះនៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧ គីឡូម៉ែត្រ ដែលរួមមានការកសាងផ្លូវតភ្ជាប់មានចំនួន ៣ ខ្សែ សរុបប្រវែង ៤៩ គីឡូម៉ែត្រ។ ដោយឡែកផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី ត្រូវសាងសង់មានប្រវែង ១០២ គីឡូម៉ែត្រ ក្នុងនោះមានសាងសង់ផ្លូវបំបែកចំនួន ២ ខ្សែផងដែរ។
គោលដៅផ្លូវក្រវាត់ព្រំដែនដែលត្រូវសាងសង់នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ជួបបញ្ហាប្រឈមនិងការលំបាកច្រើន។ នេះបើតាមមន្រ្តីវិស្វកម្ម។
ដោយសារទីតាំងការដ្ឋានតំបន់ខ្លះជាតំបន់ខ្ពង់រាប មានព្រៃក្រាស់ ជួរភ្នំខ្ពស់ៗ មានអូរ ជ្រោះជ្រលងជ្រៅច្រើន។ ស្ថានភាពភូមិសាស្រ្តទៀតសោត ក៏មានអាកាសធាតុចុះត្រជាក់ខ្លាំងនៅរដូវវស្សា និងហួតហែងខ្វះខាតនៅរដូវប្រាំង ជាតំបន់ប្រឈមមុខខ្ពស់នឹងជំងឺគ្រុនចាញ់ និងសំបូរដោយសត្វកាចសហាវ។



កម្ពុជាមានព្រំដែនជាប់ប្រទេសជិតខាងប្រវែងសរុបជាង ២ ៦១៥ គីឡូម៉ែត្រ។ កន្លងទៅរដ្ឋាភិបាលបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ៤៨% នៃប្រវែងព្រំដែនសរុបរួម។
លោក ខ្វាន់ ស៊ាម បានបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនសរុបប្រមាណ ២៥០ គីឡូម៉ែត្រដែលចាប់ផ្តើមស្ថាបនាបន្តនៅខេត្តរតនគិរី និងមណ្ឌលគិរី តាមរយៈការប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន គឺស្មើនឹង ១៨.៤ ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ ភាគរយ ដែលរដ្ឋាភិបាលគ្រោងសាងសង់ជាដំណាក់កាលជាបន្តបន្ទាប់ ក្នុងរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៤៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម