ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រាប់មន្ទីរអប់រំ ប្រឹងប្រែងបង្កើតសាលារៀនគំរូ ឱ្យបានកាន់តែច្រើនបន្តទៀត
លោកស្រីអភិបាលខេត្តកោះកុង បានប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាតាមបណ្ដាសាលារៀន ប្រឹងប្រែងរៀបចំបង្កើតសាលារៀនគំរូឱ្យបានកាន់តែច្រើនបន្តទៀត ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ស្នើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ ការិយាល័យជំនាញ និងគណៈគ្រប់គ្រងសាលារៀន គប្បីពង្រឹងគុណភាពសិក្សាឱ្យបានល្អស្របតាមស្តង់ដារដែលក្រសួងអប់រំកំណត់ណែនាំអនុវត្តដំណើរប្រតិបត្តិការ ប្រសិទ្ធភាពការងាររដ្ឋបាល សុខសុវត្ថិភាព និងគណនេយ្យភាពរបស់គ្រឹះស្ថានអប់រំនីមួយៗ។
លោកស្រីអភិបាលខេត្ត បន្តទៀតថា សាលារៀនទាំងអស់ ត្រូវរៀបចំបរិស្ថានអនាម័យឱ្យបានស្អាតល្អ គ្មានកាកសំណល់សំរាម សាលារៀនត្រូវពណ៌បៃតងស្រស់បំព្រងឱ្យសក្ដិសមជាកន្លែងអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានញាំញីផ្លូវចិត្តកាយ។
លោកស្រី មិថុនា ភូថង ក៏សំណូមពរដល់លោកគ្រូអ្នកគ្រូស្វែងរកបទពិសោធវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងបន្ថែមផ្តល់ជូនសិស្សានុសិស្សក្នុងថ្នាក់រៀន សំដៅដល់ការលើកកម្ពស់គុណភាពអប់រំសិក្សាកាន់តែជឿនលឿនទៅមុខ។
ទន្ទឹមនេះដែរ លោកស្រីអភិបាលខេត្តកោះកុង សម្ដែងមោទនភាពជាខ្លាំងបំផុតសម្រាប់ឆ្នាំ ២០២៤ នេះ មានសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A រហូតដល់ ១៣ រូប បើធៀបនឹងឆ្នាំទៅ ២០២៣ មានតែ ៣ រូបប៉ុណ្ណោះ។ លើសពីនេះ លោកស្រី ជឿជាក់ថា ខេត្តកោះកុង នឹងកាន់តែទទួលបានធនធានមនុស្សដ៏មានសក្ដានុពលបន្ថែម សម្រាប់ដឹកនាំអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅអនាគតយ៉ាងមានប្រសិទ្ធភាព។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា អគារសិក្សាមានសរុបចំនួន ២៩៧ ខ្នង ស្មើនឹង ១ ៣២៣ បន្ទប់ ក្នុងនោះ មត្តេយ្យមានចំនួន ២៤ ខ្នង ស្មើនឹង ៩៩ បន្ទប់ បឋមសិក្សាមានចំនួន ២០៦ ខ្នង ស្មើនឹង ៧៧៨ បន្ទប់ មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ មានចំនួន ៦៧ ខ្នង ស្មើ ៤៤៦ បន្ទប់។
លោក ង៉ែត ឡឹង បន្តថា កម្រិតមត្តេយ្យសិក្សា ៖ ចំនួនសិស្សបានឆ្លងកាត់មត្តេយ្យទៅរៀនថ្នាក់ទី ១ សរុបចំនួន ២ ០២៩ នាក់ ស្រី ៩៨៥ នាក់។ កម្រិតបឋមសិក្សា ៖ ចំនួនសិស្សបានឆ្លងភូមិសិក្សាពីថ្នាក់ទី ៦ ទៅថ្នាក់ទី ៧ សរុបចំនួន ២ ១១៧ នាក់ ស្មើ ៨៩.៧០% ស្រី ១ ០៥៧ នាក់ ស្មើ ៩២.១០%។ កម្រិតមធ្យមសិក្សាបឋមភូមិ ៖ សិស្សប្រឡងជាប់សរុបចំនួន ១ ៤០៥ នាក់ ស្រី ៧៦៤ នាក់។
ជាទិសដៅរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពុងប្ដេជ្ញាពង្រឹង និងគាំទ្របច្ចេកទេសដល់សាលារៀនអនុវត្តស្តង់ដារគំរូបន្ថែមនៅក្នុងសហគមន៍មូលដ្ឋាន។ លើកគម្រោងស្នើសុំសាងសង់ និងជួសជុលអគារដែលខូចខាត ទៅក្រសួងអប់រំ យុវជន និងកីឡា។ បន្តពង្រឹងសមត្ថភាពមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ពាក់ព័ន្ធនឹងវិស័យអប់រំ ពិសេសការរៀន និងបង្រៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ ពិសេសឱ្យស្របទៅតាមសម័យកាលបច្ចេកវិទ្យាទំនើបជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់