ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមអភិវឌ្ឍន៍កុមារ និងយុវជន ក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម
លោក សេរី ជំនះ រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា កាយរឹទ្ធិជាតិកម្ពុជា បានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍន៍កម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី ២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។

លើសពីនេះកាយរឹទ្ធិជាតិកម្ពុជា បានចូលរួមអភិវឌ្ឍន៍កុមារ និងយុវជនខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ពលរដ្ឋសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងជាសមាជិកសកម្មក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍សហគមន៍ជាតិ និងអន្តរជាតិ។
ថ្លែងនៅក្នុងការបោះជំរំកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី ២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោកបានបន្តថា គោលបំណង នៃការបោះជំរំកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិ លើកទី ២ រៀបចំឡើងដើម្បីអភិវឌ្ឍន៍កាយរឹទ្ធិរៀមច្បង ឱ្យមានសក្តានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាកុមារល្អ មានទំនួលខុសត្រូវក្នុងការសិក្សា និងជាសមាជិកសកម្មនៅក្នុងសាលារៀនគំរូ និងសហគមន៍តាមមូលដ្ឋានរស់នៅរបស់ខ្លួន។

លោកបានបន្តទៀតថា ការបោះជំរំកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិ លើកទី ២ បានឆ្លើយតបយ៉ាងវិជ្ជមានស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០២៤-២០២៨ ដែលបានកំណត់យកការផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណធម៌ និងសមធម៌ និងការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្ដួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព។
ជាមួយគ្នានេះដែរ “ការបោះជំរំកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិ លើកទី ២” នឹងផ្តល់ផលជះដល់ការរៀន ការបង្រៀន និងសហគមន៍ ដូចជា ផលិតបាននូវធនធានយុវជនឱ្យមានសក្ដានុពលពេញលេញលើបំណិនសម្បទា កាយសម្បទា វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ បំណិនជីវិត បំណិនច្នៃប្រឌិត បំណិនរស់នៅ និងធ្វើការជាក្រុម បំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍន៍សង្គមជាតិ និងសហគមន៍របស់ខ្លួន។

ផលិតបាននូវធនធានយុវជនដែលមានឥទ្ធិពលដល់ការកែប្រែឥរិយាបថសិក្សារបស់យុវជនដទៃទៀត លើការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ គោរពឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ផលិតបាននូវធនធានយុវជនឆ្នើម និងឈានមុខក្នុងការងារគាំទ្រសាលារៀន ការបង្កើតភាពជាគំរូល្អដល់មិត្តដទៃទៀត និងមានបំណិនចែករំលែកបទពិសោធ បង្ហាត់បង្រៀន និងអប់រំដល់មិត្តភ័ក្ដិរបស់ខ្លួន។
ផលិតបាននូវធនធានយុវជនប្រកបដោយគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា ថែរក្សាបរិស្ថានធម្មជាតិប្រពៃណីវប្បធម៌ និងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។

លោកបានបញ្ជាក់ថា ការបោះជំរំ គឺជាសកម្មភាពមួយ នៃកម្មវិធីយុវជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការគាំទ្រពីកុមារ និងយុវជន ជាពិសេសអាណាព្យាបាល និងអ្នកពាក់ព័ន្ធ។ ជាការពិត “ការបោះជំរំ” គឺជាសាលារៀនចល័ត និងថ្នាលអប់រំតាមវិធីសាស្ត្ររៀនដោយអនុវត្តជាក់ស្ដែង (Learning by Doing) ដោយប្រើប្រាស់វិធីសាស្ត្រអប់រំយ៉ាងសម្បូរបែប មានភាពទាក់ទាញ និងបង្កលក្ខណៈសប្បាយរីករាយសម្រាប់កុមារ និងយុវជន តាមរយៈជីវភាពរស់នៅក្នុងប្រព័ន្ធកងល្បាត (Patrol System) និងវិធីកាយរឹទ្ធិកម្ម (Scout Methods)។ ការបោះជំរំ គឺជាសកម្មភាពអប់រំបំណិនជីវិត ដែលមិនអាចខ្វះបាននៅក្នុងចលនាកាយរឹទ្ធិ ក៏ដូចជាចលនាយុវជននានា ពីព្រោះវិធីសាស្ត្រអប់រំបែបបោះជំរំនៅតាមទីវាល (Out-door Activities) គឺជាថ្នាលអប់រំផ្លូវចិត្តសម្រាប់កុមារ យុវជន និងមនុស្សពេញវ័យ ដ៏មានប្រសិទ្ធភាព។ ការបំពាក់កន្សែងចូលជាសមាជិក នៃចលនាកាយរឹទ្ធិ គឺមិនសំដៅទៅលើការស្លៀកពាក់ “ឯកសណ្ឋានកាយរឹទ្ធិ” នោះទេ។
លោកបានបន្ថែមថា «ផ្ទុយទៅវិញ បើបុគ្គលម្នាក់គ្រាន់ពាក់កន្សែងកាយរឹទ្ធិ និងមានសម្ពាយលើខ្នងក្នុងដំណើរផ្សងព្រេងតាមទីវាល (Hiking/Trek) ហើយបានចូលរួមធ្វើសកម្មភាពអំពីល្អ និងរស់នៅតាមវិធីកាយរឹទ្ធិកម្ម បុគ្គលរូបនោះ នឹងត្រូវចាត់ទុកថាជាសមាជិកកាយរឹទ្ធិយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត បើមានតែឯកសណ្ឋានកាយរឹទ្ធិ ហើយមិនបានចូលរួមបោះជំរំនោះទេ ពួកគេនឹងមិនយល់ច្បាស់អំពីគុណតម្លៃ និងឧត្ដមគតិកាយរឹទ្ធិ»។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ចលនាកាយរឹទ្ធិនៅកម្ពុជា ត្រូវបានបង្កើតឡើងវិញ តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០០៦ និងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៨។ បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកចំនួន ១៨០ ០០០ នាក់ ស្រី ៨៨ ១៥០ នាក់ ស្មើនឹង ៤៨,៩៧% ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ និងអភិវឌ្ឍន៍កុមារ និងយុវជន តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ការអប់រំនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?