Connect with us

ព័ត៌មានជាតិ

ទណ្ឌិត៣៩០នាក់ នឹងត្រូវស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងថ្ងៃ៩វិច្ឆិកា និងបុណ្យអុំទូក

បានផុស

នៅ

គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានសម្រេចស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន៣៩០នាក់ ក្នុងឱកាសបុណ្យ​ឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឆ្លងកាត់កិច្ចប្រជុំ  ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីសំណាក់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត ទំព័រហ្វេសប៊ុក  អគ្គនាយកដ្ឋានពន្ធនាគារ សរសេរដូច្នេះ៖«ជាលទ្ធផលអង្គប្រជុំបានសម្រេចឯកភាពលើកសំណើស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៣៩០នាក់ ស្រី ៣៥នាក់។»។

គួរឱ្យដឹងថា ព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស កំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ការបន្ធូរប​ន្ថយទោស ក៏អាចធ្វើឡើងនៅក្នុងពិធីបុណ្យ  ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។

តាមព្រះរាជក្រឹត្យ ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា៖ទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅព្រះរាជាណាចក្រកម្ពុជា។ ទណ្ឌិតទាំងនោះ ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ។ ទណ្ឌិត ដែលបានគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។ ទណ្ឌិតបានចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម។ ទណ្ឌិតគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។

ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្ដផងដែរ ក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិតដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ។

ក៏ប៉ុន្ដែ ទោះបីជាទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើក៏ដោយ ដើម្បីអាចទទួលការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។ ដើម្បីអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន ២/៣ (ពីរភាគបី) នៃទោស ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ២០ (ម្ភៃ) ឆ្នាំ ក្នុងទោសករណីដែលមានការបន្ធូរបន្ថយទោស៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៤ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម