ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា នេះ សម្រេចឃុំខ្លួន បុគ្គល លី សាម៉េត នៅ មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ«ឆបោក»។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ថោង ផល្លារង្ស៊ី បង្គាប់សមត្ថកិច្ចដូច្នេះ៖«ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។»។
គួរឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា បុគ្គល លី សាម៉េត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ទម្លាយថា បានឱ្យដឹងថា បុគ្គល លី សាម៉េត ដែលមានឈ្មោះក្រៅហៅថា គ្រូមា បានយកឈ្មោះរបស់សម្ដេច ដើរបោកលុយគេរាប់សិបម៉ឺនដុល្លារ ទាំងដែលសម្ដេចមិនដឹងអ្វីសោះ។ សម្ដេចតេជោ ហ៊ុន សែន ទម្លាយ ថាបុគ្គល លី សាម៉េត បានបោកឈ្មោះ សុខ ឡេង ក្នុងទំហំទឹកប្រាក់១០លានដុល្លារ, បោកឈ្មោះ មួង ឃីម ចំនួន២៣ ម៉ឺនដុល្លារ និងបោកឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការប្ដូរតួនាទីពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ។

កាលណោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងយុត្តិធម៌បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹង តាមរយៈមេធាវីរបស់សម្ដេច។ សម្ដេច ក៏បានស្នើអ្នកសម្ដេចស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ នៅរាត្រីថ្ងៃដដែល សមត្ថកិច្ច ក៏បានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត ក៏ប៉ុន្តែរកមិនឃើញបុគ្គល លី សាម៉េតឡើយ។
ជាង៣សប្ដាហ៍ក្រោយមក ពោលគឺនៅវេលាម៉ោង១១ ថ្ងៃត្រង់ ទី០៤ ខែវិច្ឆិកា ស្រាប់តែបុគ្គល លី សាម៉េត បានចេញវីដេអូសារភាព សុំទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានយកឈ្មោះរបស់សម្ដេចតេជោ ទៅបោកប្រាស់លុយអ្នកដទៃជាច្រើនដង។ បុគ្គល លី សាម៉េត ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃ ថាខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេចតេជោ នៅក្រុងតាខ្មៅ ទាំងដែលខ្លួនមិនធ្លាប់ចូលផ្ទះសម្ដេចតេជោសោះ។
ក្នុងវីដេអូដដែល បុគ្គល លី សាម៉េត បានបញ្ជាក់ថា ចំពោះរឿងដែលខ្លួនយកឈ្មោះ សម្ដេចតេជោ ទៅឆបោកថវិកាអ្នកដទៃ គឺសម្ដេចតេជោ មិនបានដឹងរឿងនេះឡើយ។ បុគ្គល លី សាម៉េត ស្នើរឱ្យសាធារណៈកុំយល់ច្រឡំលើសម្ដេចតេជោ។
បន្ថែមពីនេះ បុគ្គល លី សាម៉េត ត្អូញត្អែរថាខ្លួនកំពុងតែមានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ក្រពះ ពោះវៀន ដែលរស់នៅជាមួយកូន និងបានសុំពេលវេលាមួយរយៈខ្លី ដើម្បីសម្រាកព្យាបាលជំងឺ រួចនៅចូលខ្លួនទទួលទោសតាមផ្លូវច្បាប់។

តែទោះជាបុគ្គល លី សាម៉េត សុំទោសយ៉ាងណាក៏ដោយ ជាង៤ម៉ោងក្រោយមក គឺម៉ោង៣៖៣៣នាទីរសៀល សម្ដេចតេជោ ប្រកាសថា សម្ដេចមិនលើកលែងទោសឱ្យឡើយ បើទោះជាកន្លងមកសម្ដេចធ្លាប់មិនយកទោសបុគ្គលនេះក៏ពិតមែន។
ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មិនលើកលែងទោសឱ្យ បុគ្គល លី សាម៉េត ក៏បានចូលខ្លួនទៅសារភាពនៅចំពោះមុខសមត្ថកិច្ចខេត្តព្រះសីហនុ។ ក្រោយការសារភាព សមត្ថកិច្ច បាននាំខ្លួនបុគ្គលនេះ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី០៤ ខែវិច្ឆិកា។ នៅថ្ងៃទៅទី០៥ ខែវិច្ឆិកា វេលាថ្ងៃរសៀល សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ