ព័ត៌មានជាតិ
កម្ពុជា-បារាំង ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ២ អភិវឌ្ឍន៍យុវជននៅតំបន់ជនបទមានអនាគតកាន់តែប្រសើរ
ក្រសួងអប់រំ យុវជន និងកីឡា និងសាធារណរដ្ឋបារាំង បានរួមគ្នាដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ២ ដើម្បីអភិវឌ្ឍន៍យុវជនរស់នៅតំបន់ជនបទឱ្យត្រៀមខ្លួនបានល្អទាំងផ្នែកបុគ្គលិកលក្ខណៈវិជ្ជាជីវៈ និងសង្គមសម្រាប់អនាគតកាន់តែប្រសើរ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ១ និងប្រកាសបន្តគម្រោងដំណាក់កាលទី ២» និងការសម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា» កាលពីថ្ងៃទី ០៥ វិច្ឆិកា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អង្គការស៊ីប៉ា ដៃគូអភិវឌ្ឍន៍ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងកំណែទម្រង់វិស័យអប់រំ ជាពិសេសការអភិវឌ្ឍយុវជន សំដៅធានាការផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការផ្តល់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ១ រយៈពេល ៣ ឆ្នាំ ដោយបានចូលរួមអភិវឌ្ឍន៍យុវជនរស់នៅតំបន់ជនបទ ឱ្យត្រៀមខ្លួនបានល្អទាំងផ្នែកបុគ្គលិកលក្ខណៈវិជ្ជាជីវៈ និងសង្គមសម្រាប់អនាគតកាន់តែប្រសើរ តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សនៅតាមវិទ្យាល័យគោលដៅចំនួន ១៦ ព្រមទាំងលើកស្ទួយសកម្មភាពអប់រំក្នុងសហគមន៍នៅក្នុងខេត្តគោលដៅចំនួន ១៤។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ២ នេះ នឹងជាសមាសធាតុមួយយ៉ាងសំខាន់ក្នុងការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍ដែលគម្រោងនេះមានរយៈពេល ៣២ ខែ (ចាប់អនុវត្តពីខែតុលា ឆ្នាំ ២០២៤ ដល់ ខែឧសភា ឆ្នាំ ២០២៧) ក្នុងគម្រោងថវិកាជាង ៩៨ ម៉ឺនដុល្លារ ដែលក្នុងនោះ ៨០% ទទួលបានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និង ២០% ជាបន្ទុករបស់អង្គការស៊ីប៉ា។ ការផ្សព្វផ្សាយជាផ្លូវការ នៃការអនុវត្តគម្រោងដំណាក់កាលទី ២ នេះ បានបង្ហាញពីការយកចិត្តទុកដាក់ប្ដេជ្ញាចិត្តរួមគ្នារវាងដៃគូអភិវឌ្ឍន៍ជាមួយនឹងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ក្នុងការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ ឆ្លើយតបនឹងគោលដៅចម្បងរបស់គម្រោងគឺគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈ និងការបង្កើនការចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តតាមរយៈសហគមន៍ និងសកម្មភាពអភិវឌ្ឍយុវជនប្រមាណ ៤ ម៉ឺន (៥០% ជាយុវតី) អាយុចន្លោះពី ១២ ឆ្នាំ ដល់ ២៥ ឆ្នាំ នៅតាមទីជនបទក្នុងខេត្តចំនួន ២៤ ដែលមានវិទ្យាល័យចំនួន២៦ មជ្ឈមណ្ឌលយុវជនចំនួន ៣ និងអង្គការ សហគមន៍មូលដ្ឋានចំនួន ២៣។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា អង្គការស៊ីប៉ា បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍន៍ធនធានសិក្សា បំពេញតម្រូវការសៀវភៅសិក្សា និងឯកសាររៀនសូត្រ ជាពិសេសកុមារនៅតាមតំបន់ជនបទ ផ្តល់ឱ្យកុមារ និងយុវជនទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព លុបបំបាត់អនក្ខរភាព និងបណ្ដុះទម្លាប់អានសៀវភៅ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាលារៀន សិស្សានុសិស្ស និងសហគមន៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចេញពីកម្មវិធីនេះ និងសូមស្នើឱ្យអង្គការស៊ីប៉ា ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង សហការអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានលទ្ធផលល្អស្របតាមការរំពឹងទុក សំដៅរួមចំណែកលើកកម្ពស់ការសិក្សាសិស្ស ការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែសកម្ម។

លោក Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយ និងកោតសរសើរចំពោះសមិទ្ធផលរបស់គម្រោង ដោយគូសបញ្ជាក់ថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនៅកម្ពុជា ជាពិសេសការអភិវឌ្ឍយុវជន ដែលនេះហើយជាបុព្វហេតុចម្បងនាំឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គាំទ្រដល់បេសកកម្មរបស់អង្គការស៊ីប៉ា ក្នុងអំឡុង ១០ ឆ្នាំ មកនេះ ជាមួយការប្ដេជ្ញាចិត្តបន្តអប់រំ និងអភិវឌ្ឍន៍យុវជនតាមរយៈការលើកកម្ពស់អំណានសម្រាប់យុវជនកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា