ព័ត៌មានជាតិ
មន្ត្រីយោធា ថា ឥណ្ឌូណេស៊ី ចាត់ទុកកម្ពុជា ជាដៃគូសំខាន់លើវិស័យការពារជាតិ
ឥណ្ឌូណេស៊ី នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងវិស័យការពារជាតិ។ នេះជាការលើកឡើងរបស់មន្ត្រីយោធាឥណ្ឌូណេស៊ីដែលប្រចាំនៅកម្ពុជា ក្នុងជំនួបសម្ដែងការគួរសមជាមួយអគ្គមេបញ្ជាការទ័ពរបស់កម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូណេស៊ី ដែលនឹងចប់អាណត្តិនៅកម្ពុជា គូសបញ្ជាក់ថា ថ្វីត្បិតតែបច្ចុប្បន្នលោក ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ប៉ុន្តែលោក នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យតំបន់អាស៊ានស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសកលលោក។ នេះបើយោងតាមខ្លឹមសារ ដែលផ្សព្វផ្សាយដោយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជាចិត្តខ្ពស់ក្នុងការពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា ឱ្យមានការរីកចម្រើន ហើយសម្រាប់អនុព័ន្ធយោធាឥណ្ឌូណេស៊ី ក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យរីកចម្រើន។

តាមរយៈជំនួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី ដែលមានរយៈកាលជាង៦៥ឆ្នាំកន្លងមកនេះ និងបានអរគុណរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាង និងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងចុងទសវត្សន៍៨០ និងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងការគាំទ្រកម្ពុជាក្លាយជាសមាជិកអាស៊ាន នាឆ្នាំ១៩៩៩។
អគ្គមេបញ្ជាការ បានអបអរសាទររដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី ហើយបានចាត់ទុកការមកបំពេញទស្សនកិច្ចរបស់លោក នៅកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរមានចក្ខុវិស័យក្នុងការជំរុញពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើន។

លើទំនាក់ទំនងវិស័យការពារជាតិ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងរឹងមាំ។ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណកងទ័ពឥណ្ឌូណេស៊ី ដែលតែងបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារៈ និងធនធាន ជាពិសេសការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូណេស៊ី ទាំងបានបញ្ជូនយោធាចារ្យមកបង្ហាត់បង្រៀនដល់នៅបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានអង្គរក្សជារៀងរាល់ឆ្នាំទៀតផង។

ឈរលើស្មារតីនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយនាយឧត្តមសេនីយ៍ បានសំណូមពរកងទ័ពឥណ្ឌូណេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទ ទ័ព ព្រមទាំងការធ្វើលំហាត់សមយុទ្ធយោធារួមគ្នា ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ