ព័ត៌មានជាតិ
យុវជនជំនាញបច្ចេកទេស៧រូប ត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥
ភ្នំពេញ ៖ យុវជនដែលសិក្សាជំនាញបច្ចេកទេសចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងបេក្ខជនកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥។

ការជ្រើសរើសនេះបន្ទាប់ពីពួកគេឈ្នះមេដាយមាសពីកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយមានបេក្ខជនសរុបចំនួន៩៣រូប មកពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១៦ ធ្វើការប្រឡងប្រជែងលើជំនាញបច្ចេកទេសយ៉ាងស្វិតស្វាញ។

យុវតី ណាន សុខហេង ជាបេក្ខជនជ័យលាភីទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI លើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ជាមួយបណ្តាបេក្ខជនជិត១០០នាក់ មកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសជាច្រើន ដែលសុទ្ធសឹងតែជាបេក្ខជនដែលមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសនៅកម្ពុជា។

យុវតីរូបនេះបន្តថា បន្ទាប់ពីទទួលបានបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រឡងថ្នាក់ជាតិឆ្នាំ២០២៤ យុវតីនឹងត្រូវទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥នៅប្រទេសហ្វីលីពីន។
យុវតីមានសេចក្តីរំភើប ដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងប្រទេសជាតិ និងសាលារបស់ខ្លួនលើការចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ ហើយខ្លួនសង្ឃឹមយ៉ាងមុតមាំថា នឹងខិតខំរៀនបន្ត និងសិក្សាស្រាវបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរជូនជាតិ និងសាលារបស់ខ្លួន។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនទទួលបានមេដាយមាសមួយរូបទៀត ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI លើកឡើងថា ការដែលត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ជាក្តីបំណងដ៏ធំមួយរបស់ខ្លួន ហើយសមិទ្ធផលផ្លែផ្កានៅពេលនេះជាមោទកភាពដ៏ធំមួយសម្រាប់ខ្លួនលើផ្លូវនៃការសិក្សាជំនាញវិជ្ជាជីវៈរយៈពេលប៉ុន្មានឆ្នាំមកនេះ។

យុវជនរូបនេះបន្ថែមថា ការនាំមកនូវមេដាយមាសពីប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន គឺជាគោលបំណងដ៏ធំថ្មីមួយទៀតសម្រាប់រូបគេ ដោយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចពាំនាំកិត្តិយសជូនប្រទេសកម្ពុជា ក៏ដូចជាសាលាបណ្តុះបណ្តាលរបស់ពួកគេ ដើម្បីបង្ហាញថា កម្ពុជាក៏មានយុវជនមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ដែរថា ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៣ កាលពីឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី លើជំនាញសរុបចំនួន ២២ជំនាញ។ ដោយឡែក ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីនខាងមុខនេះមានជំនាញសរុបចំនួន ៣២ជំនាញ ដែលក្នុងនោះក៏មានបេក្ខជនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងផងដែរ៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?