Connect with us

ព័ត៌មានជាតិ

ពី​អតីត​សិស្ស​និទ្ទេស​ E​ម្នាក់ ប្រែ​​ក្លាយ​ជា​និស្សិត​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ធុរ​:កិច្ច​នៅ​ថៃ

បានផុស

នៅ

ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនសេរីភាព បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥ ដោយទទួលបាននិទ្ទេសE សព្វថ្ងៃយុវជនវ័យ២៤ឆ្នាំ ណាត ឧត្តម គឺជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកធុរ:កិច្ច នៅសកលវិទ្យាល័យ ASSUMPTION នាទីក្រុងបាំងកក ប្រទេសថៃ។ បើទោះបីជាអាហាររូបករណ៍នោះមិនបាន១០០% តែនោះជាក្ដីស្រម៉ៃ និងជាការសម្រេចនូវបំណងប្រាថ្នាដ៏ធំបំផុតរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណាត ឧត្តម មានបងប្អូន៣នាក់ ហើយរូបលោកជាកូនពៅនៅក្នុងគ្រួសារមួយ ដែលមានទីលំនៅក្នុងភូមិព្រែករទាំង ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលសព្វថ្ងៃត្រូវបានកាត់ចូលក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៥ដោយជាប់និទ្ទេសE លោកបានសម្រេចចិត្តបន្តការសិក្សានៅ សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើមុខជំនាញសេដ្ឋកិច្ចអភិវឌ្ឍ ដែលលោកមិនដែលស្គាល់ និងមិនមែនជាក្ដីស្រម៉ៃរបស់លោកទាល់តែសោះ។

ប៉ុន្តែដោយសារតែមានការជំរុញពីគ្រួសារ និងដោយមើលឃើញថាមុខជំនាញនេះមានភាពទូលំទូលាយ និងអំណោយផល ទើបលោកសម្រេចចិត្តជ្រើសយកជំនាញមួយនេះ។ តាមពិត មុខជំនាញដែលលោកចូលចិត្តគឺផ្នែកឌីហ្សាញទៅលើការរចនាម៉ូតទេ។

នៅក្នុងដំណើរជីវិតជានិស្សិតសកលវិទ្យាល័យមួយរូប ដែលសិក្សាលើមុខជំនាញដែលមិនមែនក្ដីស្រមៃខ្លួនពីមុន យុវជន​ ណាត ឧត្តម បានរៀបរាប់ថា៖ «នៅពេលដែលខ្ញុំចប់ថ្នាក់ទី១២ដំបូង ខ្ញុំដូចជាយុវជនយើងដែលមកពីខេត្ត ឬរាជធានីភ្នំពេញផ្សេងទៀតអីចឹង។ ព័ត៌មានជាច្រើន យើងអត់សូវបានដឹង ហើយយើងដឹងស្រាប់ហើយប្រព័ន្ធ Social Media កាលពីមុន វាមិនសូវជាមានភាពទូលាយដូចឥឡូវទេ។ យុវជនយើង ក៏មិនសូវបានដឹងពីព័ត៌មានការដាក់អាហារូបករណ៍  ឫព័ត៌មានពីកម្មវិធីទាក់ទងនឹងវិស័យអប់រំអីៗបានច្រើនដែរ។»

បើទោះបីជាឆ្នាំសិក្សាដំបូងហាក់ដូចជាគ្មានសកម្មភាពអ្វីផ្សេងក៏ដោយ ណាត ឧត្តម គឺជានិស្សិតម្នាក់ដែលបានយកចិត្តទុកដាក់ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រលើមុខជំនាញសេដ្ឋកិច្ចអភិវឌ្ឍនេះជាខ្លាំង រហូតទទួលបានលទ្ធផលខ្ពស់ជាងគេនៅក្នុងថ្នាក់។ នៅឆ្នាំទី២ លោកនៅបន្តផ្ដោតលើការសិក្សា និងចាប់ផ្ដើមទទួលដឹងពីព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយនៅតាមសាលា និងនៅតាម Social Media ដែលមានការចែកចាយច្រើនទាក់ទងនឹងការងារស្ម័គ្រចិត្ត ការចូលរួមកម្មវិធីពិព័រណ៍សាលា និងការងារផ្សេងៗ ហើយវាបានក្លាយជាចំណុចចាប់ផ្ដើមនៃការងារសង្គមសម្រាប់លោកនៅពេលនោះ។

នៅចុងឆ្នាំ២០១៧ លោកបានដាក់ពាក្យនៅក្នុងកម្មវិធីមួយឈ្មោះថា JENESYS ដោយវាជាកម្មវិធីចូលរួមផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា នៅប្រទេសជប៉ុនដោយទទួលបានជោគជ័យ។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ លោកបានចូលរួមប្រកួតប្រជែង ហើយទទួលបានឱកាសតំណាងយុវជនកម្ពុជា ចូលរួមកម្មវិធីបោះជំរុំសម្រាប់និស្សិតនៅកោះតៃវ៉ាន់ (winter school camp in Taiwan)។

បន្ទាប់មក លោកបានក្លាយជាអ្នកដឹកនាំវ័យក្មេង ដោយបានដឹកនាំយុវជនកម្ពុជាចូលរួមការប្រកួតកម្មវិធី World scholar’s cup Melbourne global round នៅទីក្រុងម៊ែលប៊ន  ប្រទេសអូស្រ្តាលី។ បន្ទាប់ពីត្រឡប់ពីអូស្ត្រាលីបានមួយសប្ដាហ៍ លោកបានជាប់ Internship នៅប្រទេសប៉ូឡូញរយ:ពេល២ខែ លើកម្មវិធីការអប់រំអន្តរជាតិ។ ក្រោយេពីបញ្ចប់ការសិក្សា លោកបានធ្វើការនៅក្នុងក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ ហើយបានឆ្លៀតពេលចូលរួមដោយប្រកួតប្រជែងជាប់ជាបេក្ខជន Fellow រដូវកាលទី១ នៅក្នុងកម្មវិធី The Perspective Cambodia។ នៅឆ្នាំ២០២០ លោកបានបន្តថ្នាក់អនុបណ្ឌិតផ្នែកធុរ:កិច្ច នៅសកលវិទ្យាល័យ ASSUMPTION នាទីក្រុងបាំងកកប្រទេសថៃ។

ដោយសារតែលោក ណាត ឧត្តម ធ្លាប់ជាសិស្សនិទ្ទេស E និងសិក្សាក្នុងជំនាញដែលមិនមែនជាក្ដីស្រមៃខ្លួនពីមុនផងនោះ លោកបានលើកទឹកចិត្តទៅកាន់សិស្សនិស្សិតដែលមានបញ្ហាធ្លាក់ទឹកចិត្តក្នុងបញ្ហាទាំងនេះថា សូមបន្តខិតខំប្រឹងប្រែង ហើយស្វែងរកជំនាញដែលខ្លួនស្រឡាញ់។ ប្រសិនបើយុវជនមិនទាន់រកឃើញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទេ លោកលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការងារសង្គមឱ្យបានច្រើន ដូចជាការងារស្មគ្រចិត្តបរិស្ថាន វប្បធម៌ ឬពាក់ព័ន្ធនឹងការអប់រំនានា។ ការងារសង្គមវាមានគុណតម្លៃជាច្រើន អាចជួយឱ្យយុវជនមានឱកាសជួបមនុស្សដែលមានសមត្ថភាព អ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា អ្នកដែលកំពុងតែស្វែងរកអ្វីដែលខ្លួនឯងចូលចិត្ត ដូចដែលយើងកំពុងតែស្វែងរកខ្លួនឯងដូចគ្នា។ ដូចនេះ វានឹងនាំឱ្យយុវជនរកឃើញខ្លួនឯង មើលឃើញឱកាស និងរកឃើញចំណុចខ្លាំងរបស់ខ្លួនឯងផងដែរ។

លើសពីនេះ លោកបានផ្ដល់ដំបូន្មានដល់សិស្សនិសិ្សតដែលយល់ថាខ្លួនបានជ្រើសជំនាញខុស ឬសិក្សាជំនាញដែលខ្លួនមិនស្រឡាញ់ថា៖ «សូមបើកចិត្តឱ្យទូលាយស្វែងយល់ពីវា ហើយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះវានឹងធ្វើឱ្យយើងពេញចិត្តជាមួយនឹងលទ្ធផលមួយនោះទោះល្អក្ដីមិនល្អក្ដី ហើយជួនកាលវានឹងនាំផ្លូវឱ្យយើងបានល្អទៅវិញ តួយ៉ាងដូចជារូបខ្ញុំដែលពីមុនមិនចាប់អារម្មណ៍លើមុខជំនាញនេះសោះ ប៉ុន្តែក្រោយមកខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់ ហើយជោគជ័យជាមួយវា។»

សម្រាប់លោក ណាត ឧត្តម សមិទ្ធផលដែលលោកទទួលបានកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ និងស្វែងយល់ព័ត៌មានបន្ថែមតាមរយ:បណ្ដាញសង្គម។ ទាក់ទងនឹងឱកាសការងារមួយចំនួនដែលលោកបានស្ម័គ្រចិត្តជាយុវជន ឫជាអ្នកដឹកនាំ មិនថាឱកាសការងារក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺរូបលោកជាអ្នកស្វែងរកដោយខ្លួនឯងតាមរយ: Social Media ។

ក្រៅពីការសប្បាយជាមួយការលេងបណ្ដាញសង្គមហ្វេសប៊ុក ឬក៏បណ្ដាញសង្គមដទៃទៀតដែលមានវេបសាយ លោកសូមលើកទឹកចិត្តឱ្យគ្រប់គ្នាចេះទាញប្រយោជន៍តាមរយ:ការលេងទាំងអស់នោះ តាមរយ:ការស្វែងរកព័ត៌មានបន្ថែមទៀត មិនថាព័ត៌មានពីកម្មវិធីអាហារូបករណ៍ ឫការងារស្ម័គចិត្តគឺគេតែងតែ Post។

ចំពោះរូបលោក ភាគច្រើនលោកមើលតាម Wedu share ហើយយុវជនក៏អាចស្វែងរកព័ត៌មានពី Page ក្រសួងអប់រំ ឬ ស.ស.យ.ក ដែលគេតែងតែបង្ហោះអាហារូបករណ៍ ឬឱកាសជាច្រើនសម្រាប់យុវជន និង Page ឈ្មោះ scholarship for khmer ដែលជាផេកបណ្តុំទៅដោយឱកាសអាហាររូបករណ៍ និងកម្មវិធីនៅខាងក្រៅប្រទេស។

សូមបញ្ជាក់ថា នៅសល់តែមួយត្រីមាសទៀតទេ លោកនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើមុខជំនាញធុរ:កិច្ចនេះហើយ បន្ទាប់មកលោកនឹងពាំនាំចំណេះដឹងដែលលោកបានសិក្សារៀនសូត្រមកអភិវឌ្ឈប្រទេសកម្ពុជា ដោយមានគម្រោងបង្កើតជំនួញមួយផ្ទាល់ខ្លួន ហើយត្រៀមខ្លួនធ្វើជាគ្រូបង្រៀនស្មគ្រចិត្ត និងត្រៀមខ្លួនចូលរួមកម្មវិធីនានា ដែលអាចចូលរួមចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបទពិសោធន៍នានា ដែលខ្លួនបានឆ្លងកាត់ទៅកាន់សិស្សនិស្សិត និងយុវជននានានៅក្នុងប្រទេសកម្ពុជា។

អត្ថបទ៖ ស្នង នេត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម