Connect with us

ព័ត៌មានជាតិ

NEA ប្រកាសពីឱកាសការងារជាង ៤ ម៉ឺនកន្លែង នៅទូទាំងប្រទេស

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​ឱកាស​ការងារ​ក្នុង​ស្រុក​ចំនួន ៤៤ ៩៣៥ កន្លែង ក្នុង​វិស័យ​សំខាន់ៗ ចំនួន ៣ ធំៗ នៅ​ទូទាំង​ប្រទេស សម្រាប់​សាធារណជន យុវជន ងាយ​ស្រួល​ជ្រើសរើស​ចូល​បម្រើ​ការងារ​តាម​ជំនាញ​ដែល​ខ្លួន​មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក​រដ្ឋលេខាធិការ ឱកាស​ការងារ​ជាង ៤ ម៉ឺន​កន្លែង​នោះ មាន​ក្នុង​វិស័យ​ដូចជា វិស័យ​ឧស្សាហកម្ម ចំនួន ៣២ ១៥៥ កន្លែង វិស័យ​កសិកម្ម​ចំនួន ៣ ០៧៦ កន្លែង និង​សេវាកម្ម​ចំនួន ៩ ៧០៤ កន្លែង ដែល​ត្រូវ​បាន​ប្រកាស​ជ្រើសរើស​ក្នុង​បណ្ដា​ខេត្ត​ជាច្រើន​ដូចជា ៖ ខេត្ត​កំពង់ស្ពឺ​, ខេត្ត​កំពង់ឆ្នាំង​, រាជធានី​ភ្នំពេញ​, ខេត្ត​ស្វាយរៀង​, រតនគីរី​, ក្រចេះ​, តាកែវ​, កណ្ដាល​, បន្ទាយមានជ័យ​, ស្ទឹងត្រែង​, កំពង់ចាម និង​បណ្ដា​ខេត្ត​ផ្សេងៗ ទៀត។

ក្នុង​នោះ​ដែរ តម្រូវការ​កម្លាំង​ពលកម្ម​មាន​ដូចជា មន្ត្រី​ឥណទាន និង​ប្រាក់កម្ចី​, អ្នកបញ្ជា​ម៉ាស៊ីន​ដេរ​, អ្នកត្រួតពិនិត្យ​ដំណើរ​ការផលិត​លោហធាតុ​, យន្តការី និង​អ្នក​ដំឡើង​អគ្គិសនី និង​បុគ្គលិក​ផ្នែក​កត់ត្រា​ស្ថិតិ ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង និង​មុខរបរ​ផ្សេងៗ ជាច្រើន​ទៀត។ យុវជន សិស្ស និស្សិត សូម​មេត្តា​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ តេ​លេ​ក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បី​ចុះឈ្មោះ និង​សម្ភាស​ភ្លាមៗ។

ទន្ទឹម​នឹង​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​ច្រើន​សម្បូរ​បែប លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចាប់​យក​ឱកាស​ការងារ​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​សូម​កុំ​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស ខណៈ​ឱកាស​ការងារ​ក្នុង​ស្រុក​ត្រូវ​បាន​ប្រកាស​ជា​ហូរហែ និង​ជាច្រើន​ម៉ឺន​កន្លែង​ជា​រៀងរាល់​សប្ដាហ៍ ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ សូម​ធ្វើការ​ពិចារណា​អំពី​ឱកាស​ការងារ​ក្នុង​ស្រុក​ដែល​កំពុង​មាន​តម្រូវការ​ជា​ខ្លាំង​នៅ​ឆ្នាំ ២០២៤ និង​ឆ្នាំ ២០២៥ ខាងមុខ ខណៈ​ការ​ធ្វើការ​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ផង​ដែរ។ ក្នុង​នោះ ទី ១.ប្រាក់ឈ្នួល​សមរម្យ , ទី ២.កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ ,និង ទី ៣.ការ​ចំណាយ​ទាប​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ការ​ចាយវាយ​ជាប្រចាំ​បាន។

គួរ​បញ្ជាក់​ថា ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣ ដល់​ខែ​សីហា ឆ្នាំ ២០២៤ ពោល​គឺ ១ ឆ្នាំ ដំបូង នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​លើ​កិច្ចការ​ស្វែងរក​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

ទន្ទឹម​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​រៀបចំ​កម្មវិធី “​វេទិកា​ការងារ​” ជាប្រចាំ ដើម្បី​បង្កើត​កន្លែង​ជួប​គ្នា​ដោយ​ងាយស្រួល​រវាង​និយោជក និង​អ្នក​ស្វែងរក​ការងារ ក្នុង​ការ​ដាក់ពាក្យ និង​សម្ភាស​ការងារ​ភ្លាមៗ រួមមាន ៖ កិច្ច​សម្ភាស​ការងារ វេទិកា​ការងារ និង​ពិព័រណ៍​ការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ដែល​ក្រុមហ៊ុន សហគ្រាស​ធំៗ ជាច្រើន អាច​ចូលរួម​ដាក់​តាំង​បង្ហាញ​ឱកាស​ការងារ​ជូន​សាធារណជន។

លើស​ពី​នេះ NEA ក៏​មាន​មជ្ឈមណ្ឌល​ការងារ​ចំនួន ១៤ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន ៧ ដើម្បី​ផ្តល់​ព័ត៌មាន និង​សេវា​ការងារ​ដោយ​ផ្ទាល់ ជូន​យុវជន សិស្ស​/​និស្សិត នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​សាកលវិទ្យាល័យ​នានា នៅ​ទូទាំង​ប្រទេស​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម