ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ស្តុកទឹកភ្លៀងជាង ៦០ លានម៉ែត្រត្រីគុណ ទុកបម្រើតម្រូវការប្រើប្រាស់រដូវប្រាំងនៅតំបន់អង្គរ
បើទោះបីស្ថានភាពទឹកភ្លៀងក្នុងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទឹកភ្លៀងជាង ៦០ លានម៉ែត្រត្រីគុណ (ម៉ែត្រគីប) ត្រូវបានប្រមូលស្តុកទុកសម្រាប់បម្រើការប្រើប្រាស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនារដូវប្រាំងខាងមុខ។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរសម្រេចបាន ១០០% ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។
ទឹកដែលប្រមូលបានមានបរិមាណជាង ៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ ៧ពាន់ហិកតា។
អ្នកជំនាញអាជ្ញាធរអប្សរាបានបញ្ជាក់ទៀតថា បរិមាណទឹកនេះមានចំនួនប្រហាក់ប្រហែលទៅឆ្នាំមុនដែរ ដោយមិនបារម្ភពីកង្វះខាតទឹកប្រើប្រាស់នៅតំបន់នោះឡើយ។

ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២ មក។
ក្រោមការគិតគូរដ៏វែងឆ្ងាយ និងយល់ពីសារសំខាន់នៃការងារគ្រប់គ្រងទឹក ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់រមនីយដ្ឋានអង្គរកាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាងនាឆ្នាំ២០២៤ សំណង់ទ្វារទឹកមួយចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងបំណងដើម្បីធានាថាការងារគ្រប់គ្រងទឹកនឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ភឿន សុឃីម បានបន្ថែមថា ទឹកមានសារសំខាន់នៅតំបន់ប្រាសាទ ដោយសារបុព្វបុរសសម័យមុនបានរៀបចំ និងកសាងប្រាសាទដោយមានគ្រឹះដីខ្សាច់ ដូច្នេះទើបកសាងកសិន្ធុជុំវិញដើម្បីបញ្ចូលទឹកឱ្យគ្រឹះរឹងមាំល្អ។ ប្រសិនគ្មានទឹក ប្រាសាទនឹងរងការដួលរលំនិងបាក់បែកខ្លាំង។
ទឹកក៏ជួយបង្កើនសម្រស់និងសោភ័ណភាពនៅតំបន់ប្រាសាទ ជួយឱ្យដើមឈើលូតលាស់បានល្អ ទាក់ទាញទេសចរ និងជួយកាត់បន្ថយការកើនឡើងនៃរលកកម្ដៅខ្លាំងនារដូវប្រាំង៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់