ព័ត៌មានជាតិ
ផ្សារមូលបត្រកម្ពុជា កើនក្រុមហ៊ុនចុះបញ្ជីដល់ ២៧ ក្រុមហ៊ុន ខណៈទំហំជួញដូរប្រចាំថ្ងៃមានជាង ២០ ម៉ឺនដុល្លារ
ផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ ក្រុមហ៊ុន ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល (សញ្ញាប័ណ្ណ) សម្រាប់ការជួញដូរលើទីផ្សារហិរញ្ញវត្ថុកម្ពុជា។
ក្នុងឱកាសទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ គណៈកម្មការសេវាហិរញ្ញវត្ថុ និងផ្សារមូលបត្រកូរ៉េ មកធ្វើទស្សនកិច្ចនៅអគារផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញនេះ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ទីផ្សារមូលបត្រកម្ពុជានៅក្មេងខ្ចី ទើបតែចាប់ផ្តើមដំណើរការបានជាង ១០ ឆ្នាំ ខណៈទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណ ២០ ម៉ឺនដុល្លារ ដែលទំហំនេះនៅតិចតួចបើធៀបជាមួយផ្សារមូលបត្រប្រទេសនៅក្នុងតំបន់។

ដោយមានការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងការកិច្ចខិតខំប្រឹងប្រែងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការល្អជាមួយផ្សារមូលបត្រនានា ជាពិសេសផ្សារមូលបត្រកូរ៉េ ដែលជាដៃគូសហប្រតិបត្តិការ លោក ហ៊ាន សាហ៊ីប មានសុទិដ្ឋិនិយមថា ទីផ្សារមូលបត្រកម្ពុជានឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និងប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ក្រៅពីបង្ហាញពីវឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជា ដែលកំពុងទទួលសន្ទុះរីកចម្រើនឆ្ពោះទៅមុខ លោក ហ៊ាន សាហ៊ីប ក៏បានប្រាប់ប្រតិភូកូរ៉េពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធពន្ធដារ និងកញ្ចប់លើកទឹកចិត្តផ្សេងទៀត ដើម្បីជំរុញបង្កើនភាពទាក់ទាញវិនិយោគិនមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីបើកដំណើរការនៅអំឡុងឆ្នាំ ២០១០ ទីផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមានចំនួន ១៦។ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ២០ ម៉ឺនដុល្លារ ខណៈចំនួនគណនីជួញដូរមានជិត ៦ ម៉ឺនគណនី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ