ព័ត៌មានជាតិ
រដ្ឋបាលរាជធានី កំពុងមមាញឹកលើការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងកែលំអសោភណភាពទីក្រុង ទទួលព្រះរាជពិធីបុណ្យអុំទូក
នៅសល់រយៈពេលតែ ៦ ថ្ងៃ ទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ នឹងចាប់ផ្ដើមតាមប្រពៃណីទំនៀមទម្លាប់ជាតិនៅមុខព្រះបរមរាជវាំងតាមដងទន្លេសាប ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ វិច្ឆិកា ខាងមុខនេះ។

ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកលើការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចជាកែលំអសោភណភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្ធពិធី ដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះ ដំណើរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណភាព។
ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៨ វិច្ឆិកា នេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក ទប់ស្កាត់លំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ជនអនាថា ចោរលូកហោប៉ៅជាដើម និងការបង្ការទប់ស្កាត់ហានិភ័យ នៃគ្រោះអគ្គិភ័យ និងការគិតគូរពីអនាម័យបរិស្ថាន។

លោក ឃួង ស្រេង បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ទាំងខាងក្នុង និងក្រៅ ព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន សន្តិសុខ សុវត្ថិភាព ១០០% ជូនព្រះមហាក្សត្រ,ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ និងប្រជាពលរដ្ឋដែលចូលមកដើរលេងកម្សាន្ត ហើយនៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា លោកអភិបាលរាជធានី នឹងចុះទៅពិនិត្យទីតាំង ទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងឱ្យបានខ្លាំងក្លា។
លោក ឃួង ស្រេង លើកឡើងទៀតថា ទាំងកងកម្លាំង និងសម្ភារៈផ្សេងៗ បើខ្វះខាត ត្រូវរាយការណ៍ភ្លាម ដើម្បីដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ មានដូចជា ៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់,អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី,អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ,អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ,អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។
ក្នុងនោះ រឿងកំប្លោកនៅទន្លេសាប ខាងអាជ្ញាធរខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ រួមសហការជាមួយសាលារាជធានី ទប់ស្កាត់កុំឱ្យអណ្ដែតមកដល់មុខព្រះបរមរាជវាំងពេលអុំទូកចាប់ពីម៉ោង ១១ យប់ចប់ ពិធីបណ្ដែតប្រទីបអស់សិនចាំលែងឱ្យមក។

គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចំនួន ០៣ ថ្ងៃ គឺ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំងចំនួន ៣៤៦ គ្រឿង ក្នុងនោះមានទូកអុំ ចំនួន ១៧០ គ្រឿង ទូកចែវចំនួន ៤៥ គ្រឿង (ទូកចែវនារី ០១ គ្រឿង) ទូកខ្នាតអន្តរជាតិចំនួន ១៣១ គ្រឿង (ទូកខ្នាតអន្តរជាតិនារី ០៣ គ្រឿង)។ ចំណុះទូក ចំនួន ២១ ៩៤៦ នាក់ ចំណុះបុរសចំនួន ១៧ ៤៦៩ នាក់ (បម្រុង ៤ ២៦៩ នាក់) ចំណុះនារីចំនួន ១០៦ នាក់ (បម្រុង ១០២ នាក់)។ ចំណែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូកមាន ០២ ទីតាំង ៖ ទី ១.ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វារ) និង ទី ២.ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ ០៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្ដែតអបអរសាទរព្រះរាជពិធីបុណ្យចំនួន ៣៥ ប្រទីប៕
អត្ថបទ ៖ ស្រីរ័ត្ន








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ