Connect with us

ព័ត៌មានជាតិ

សមាគមជនពិការ អំពាវនាវភោជនីយដ្ឋាន និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសជនពិការទៅច្រៀងទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត

បានផុស

នៅ

លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ បាន​ធ្វើការ​អំពាវនាវ​ដល់​ភោជនីយដ្ឋាន បៀរហ្គាឌិន និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព បាន​ទៅ​ច្រៀង ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួនឯង និង​គ្រួសារ កាន់តែ​ប្រសើរ និង​ឈប់​ច្រៀង​តាម​ភ្លើង​ស្តុប​នានា​ជា​បន្ត​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ជន​មាន​ពិការភាព​ពានរង្វាន់ លោក ជា សុ​មេធី និង លោកស្រី ជា ផលគុណ វគ្គ​ជម្រុះ ដែល​មាន​បេក្ខជន បេក្ខនារី សរុប ១២០ រូប កាលពី​ថ្ងៃ​ទី ០៧ វិច្ឆិកា លោក ចាប តូ បាន​បន្ត​ថា ការ​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​នេះ​ឡើង ក្នុង​គោលបំណង​ផ្តល់​ឱកាស និង​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ចម្រៀង មក​បញ្ចេញ​សមត្ថភាព ដើម្បី​បាន​ឱកាស​ក្លាយ​ជា​អ្នក​ចម្រៀង​ពិតប្រាកដ​ដូច​សិល្បៈ​ទូទៅ​ទៀត​ដែរ។ លើស​ពី​នេះ វា​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​ជន​មាន​ពិការភាព​ដែល​ច្រៀង​តាម​ភ្លើង​ស្តុប​នានា បោះបង់ និង​ងាក​មក​ចាប់​យក​អាជីព​ចម្រៀង​នេះ​វិញ ព្រោះថា​ច្រៀង​តាម​ភ្លើង​ស្តុក​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​ខ្លួនឯង គ្រួសារ សង្គម សុវត្ថិភាព និង​ការ​ធ្វើ​ចរាចរណ៍ ពិសេស​អាច​ធ្លាក់​ទៅ​ក្នុង​ការ​ជួញដូរ​ផង​ដែរ។

លោក ចាប តូ បាន​អំពាវនាវ​ដល់​ភោជនីយដ្ឋាន និង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព បាន​ទៅ​ច្រៀង ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួនឯង និង​គ្រួសារ កាន់តែ​ប្រសើរ និង​ឈប់​ច្រៀង​តាម​ភ្លើងស្តុប​នានា​ជា​បន្ត​ទៀត។

លោក ប្រាក់ សុខ​យូ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា មាន​ប្រសាសន៍​ថា កម្មវិធី​ប្រឡង​ចម្រៀង​នេះ ជា​កម្មវិធី​មួយ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​គាំទ្រ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជានិច្ចកាល លោក​រដ្ឋមន្ត្រី និង​លោកស្រី តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកស្ទួយ​ដល់​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ប្រកប​ដោយ​ភាព​សមរម្យ មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ​ដូចជា​ពលរដ្ឋ​ទូទៅ​ដែរ និង​ដើម្បី​ផ្តល់​ឱកាស​ជន​មាន​ពិការភាព​នៅ​កម្ពុជា បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ លើ​វិថី​សិល្បៈ សំដៅ​ឱ្យ​មហាជន​ទូទៅ​បាន​ចាប់អារម្មណ៍ និង​យល់ដឹង​ពី​ស្នាដៃ​របស់​ពួកគាត់​លើ​តន្ត្រី​ចម្រៀង ប្រពៃណី សម័យ ពិសេស​ជំរុញ​លើក​ទឹកចិត្ត​ដល់​ពួកគាត់​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ និង​មាន​ក្តី​សង្ឃឹម​តាមរយៈ​ការ​ប្រឡង​ចម្រៀង​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម