ព័ត៌មានជាតិ
ខេត្តកែបបញ្ចប់គម្រោងសំខាន់ៗចំនួន ៣ ដើម្បីជំរុញកំណើនក្នុងមហាអនុតំបន់មេគង្គ
ខេត្តកែបដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង ៤ មានភូមិសាស្រ្តជាប់សមុទ្រ បានសម្រេចការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សំខាន់ៗចំនួន ៣ សម្រាប់ជំរុញកំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២.៦៤៥ ម៉ែត្រ” នៅខេត្តកែបនៅព្រឹកមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ចប់ការងារសាងសង់អនុគម្រោងសំខាន់ៗនៅខេត្តកែបចំនួន ៣ រួមមាន៖ ១)អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងកែប ដែលមានសមត្ថភាពផ្ទុកប្រមាណជាង ៧២ ម៉ឺនតោន, ២)អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ, និង ៣) អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរកែប (វិថីតេជោសន្តិភាពឆ្នេរអង្កោល) ដែលកំពុងរៀបចំពិធីសម្ពោធនាឱកាសនេះ។
គម្រោងទាំង៣ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងប្រែក្លាយខេត្តកែប ឱ្យទៅជាខេត្តនៃគោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាស្របតាម “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ប៉េង ពោធិ៍នា បញ្ជាក់បន្ថែម។



ពាក់ព័ន្ធគម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោល លោកប៉េង ពោធិ៍នា បានបញ្ជាក់ថា គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។
វិថីតេជោសន្តិភាពឆ្នេរអង្កាលមានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់សរុបប្រមាណ ១០ លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
វិថីនេះលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រខេត្តកែប ដែលភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។
វិថីដ៏ថ្មីសន្លាងជាសមិទ្ធផលរបស់ខេត្តកែប កំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ- អន្តរជាតិនានា។
បច្ចុប្បន្នការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាមកកាន់ខេត្តកំពត និង ខេត្តកែប ក្រៅពីផ្លូវជាតិលេខ៣ ពលរដ្ឋក៏អាចប្រើប្រាស់ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលត្រៀមនឹងបញ្ចប់ជាស្ថាពរនូវការស្ថាបនាកែលម្អ ក្នុងពេល ឆាប់ៗខាងមុខនេះ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់