ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ផ្តាំដល់យុវជនដែលកំពុងជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សាត្រូវមើលលើទេពកោសល្យខ្លួនជាមុន
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំផ្ញើដល់អ្នកសិក្សាដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ត្រៀមរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាត្រូវមើលលើទេពកោសល្យរបស់ខ្លួនជាមុន មិនថាសិក្សានៅទីណានោះទេក៏មិនសំខាន់ដូចជំនាញដែលខ្លួនមានដែរ។

លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាយុមូលស្តីពីការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកលើកឡើងថា ចំណេះដឹងដើរតួនាទីសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ជាមួយគ្នានេះ ការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាគឺសំខាន់ណាស់ក្នុងការគោរព និងមើលលើទេពកោសល្យរបស់ខ្លួន មិនថារៀននៅសាលាណា ទីណានោះទេ។ ទន្ទឹមនឹងការមើលលើទេពកោសល្យខ្លួន ក៏ត្រូវសម្រេចតាមការស្រឡាញ់លើមុខជំនាញនីមួយៗតាមចិត្តខ្លួនឯងដូចគ្នា ហើយការសិក្សាជំនាញតាមទីផ្សារការងារគឺជារឿងត្រូវគិតក្រោយគេ។
ត្រង់ចំណុចដែលនិស្សិតរើសជំនាញតាមទីផ្សារការងារ បច្ចុប្បន្ន សង្កេតឃើញថា យុវជនភាគច្រើនហាក់មានការបារម្ភច្រើនថាជំនាញដែលខ្លួនស្រឡាញ់អាចមិនមានទីផ្សារការងារធំទូលាយ ពិបាករកការងារធ្វើជាដើម។ ទាំងអស់នេះ ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនជ្រើសរើសជំនាញសិក្សាមួយដែលខ្លួនមិនមានទេពកោសល្យខាងនោះ រហូតធ្វើឱ្យនិស្សិតមួយចំនួនធ្វើការមិនត្រូវជំនាញក្រោយបញ្ចប់ការសិក្សា ឬមិនមានការងារធ្វើ ព្រោះតែពួកគេមួយចំនួនមិនមានទេពកោសល្យលើជំនាញសិក្សាដែលខ្លួនរើសនេះឯង។

បណ្ឌិត សុខ ទូច បានបញ្ជាក់ថា កាលណាមនុស្សមានទេពកោសល្យនៅក្នុងខ្លួន គឺបុគ្គលនោះរៀនចាប់បានលឿន មិនថាក្នុងការសិក្សា ឬវិស័យការងារឡើយ។ លោកស្នើដល់យុវជនជំនាន់ក្រោយដែលកំពុងរើសជំនាញសិក្សា ប្រសិនជាចង់ទៅមើលសាលាណាមួយ កុំមើលតែភាពទំនើបពីខាងក្រៅរបស់សាលា ត្រូវមើលពីកម្មវិធីសិក្សានៅទីនោះ និងមើលលើគុណភាពគ្រូបង្រៀននៅទីនោះផង។
លោកបណ្ឌិតនិយាយថា៖ “សង្ឈឹមថាប្អូនៗទៅរើសតាមទេពកោសល្យ ទៅរកសាលាកុំទៅតាមគ្នា ទៅមើលកម្មវិធីសិក្សារបស់គេ ទៅមើលកន្លែងរបស់គេ ទៅមើលកន្លែងគេរៀន ទៅមើលគ្រូ នោះជាការជោគជ័យរបស់ប្អូន។ ហើយប្អូនជោគជ័យ ប្អូនមិនបាច់នឹកគុណនរណាទេ ថាខ្ញុំបានផែនទីដើរ ខ្ញុំដើរទៅរកកន្លែងណាដែលខ្ញុំពេញចិត្ត និងមានទេពកោសល្យ”។

នៅក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ សុខ ទូច ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប គួរចាប់អារម្មណ៍ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់កូន ព្រមទាំងផ្តល់ជាយុទ្ធសាស្ត្រគាំទ្រលើអ្វីដែលកូនស្រឡាញ់ និងពេញចិត្តផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល