ព័ត៌មានជាតិ
សម្តេចធិបតី អរគុណពលរដ្ឋដែលមិនចូលរួមធ្វើសកម្មភាពខុសច្បាប់ជុំវិញរឿង CLV
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណជាសាធារណៈចំពោះប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងភាពស្មោះត្រង់របស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
ក្នុងន័យនេះ សម្តេចធិបតី សំដៅដល់ពលរដ្ឋដែលមិនបានចូលរួមតាមការអូសទាញរបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានញុះញង់សាធារណជនឱ្យចូលរួមបាតុកម្មដោយហិង្សាក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅ ជុំវិញកិច្ចសហប្រតិបត្តិការ CLV។

នៅក្នុងពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមិនបានបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិណាមួយតាមរយៈកិច្ចសហប្រតិបត្តិការ CLV ឡើយ។ ផ្ទុយទៅវិញ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍខេត្តភាគឦសានរបស់ខ្លួន។
ទោះបីជាមានការពន្យល់ជាច្រើនដែលផ្តល់ដោយរដ្ឋាភិបាលក៏ដោយ ក៏មេដឹកនាំគណបក្សប្រឆាំងនៅតែបន្តព្យាយាមបញ្ចុះបញ្ចូលសាធារណជនឱ្យប្រឆាំងនឹងរដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជាភាគច្រើនបានជ្រើសរើសជឿលើរដ្ឋាភិបាលកម្ពុជា ហើយភាគច្រើនបានបដិសេធមិនចូលរួមក្នុងការតវ៉ានោះទេ។

ការមិនចូលរួមបាតុកម្មហិង្សានេះ សម្តេចបានថ្លែងថា៖«សូមអរគុណទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាជននៅក្រៅប្រទេស ដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធរឿង CLV យើងមិនដែលក្នុងពេលមួយណាធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ។ តាមរយៈការចូលរួមគាំទ្រទៅដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តកន្លងទៅនេះ ហើយក៏ដូចជាការបដិសេដមិនចូលរួមនូវការអំពាវនាវបន្តទៀតរបស់ក្រុមជ្រុលនិយមដែលខំយករឿងនេះ(CLV)ដុតបន្តទៀត»។
គួរជម្រាបថា មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី កន្លងទៅ បានញុះញង់ និងអូសទាញពលរដ្ឋខ្មែរ ជាពិសេសយុវជនធ្វើបាតុកម្មហិង្សាប្រឆាំង CLV តាមរយៈគម្រោងដុតផ្ទះមន្រ្តី គប់ដបសាំង កែច្នៃអាវុធ និងប្រើជំពាមកៅស៊ូ ដើម្បីត្រៀមធ្វើសកម្មភាពហិង្សា នៅថ្ងៃទី១៨ សីហា ២០២៤។
ប៉ុន្តែគម្រោងការនេះ ត្រូវបានរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ទាន់ពេល ហើយពុំមានសកម្មភាពប្រមូលផ្តុំទ្រង់ទ្រាយធំកើតឡើងឡើយ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែបានច្រានចោល និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយមណាដែលព្យាយាមញុះញង់ឱ្យមានការបែកបាក់គ្នារវាងប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព។ សម្តេចធិបតី សង្កត់ធ្ងន់ថា៖«កុំបង្កើននូវអស្ថិរភាព និងអសន្តិសុខ និងឈានទៅដល់ការបែកបាក់ជាតិ សូមកុំបង្កើតបែបនេះ។ បើសិនជាអនុវត្តសិទ្ធិរបស់ខ្លួនលើស ឈានទៅដល់ការធ្វើខុសច្បាប់ហើយ រាជរដ្ឋាភិបាល គ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ ដើម្បីថែរក្សាស្ថិរភាព ឯកភាពជាតិ និងសន្តិភាពទេ»។
គួរឱ្យដឹងថា ក្នុងរយៈពេល៦៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ សីហា ដល់ ៣១ តុលា ២០២៤ នៃយុទ្ធនាការចូលរួមក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» រដ្ឋកៀរគរថវិកាបានសរុបជិត ២៧ លានដុល្លារ ពីសប្បុរសជន ៧២ ម៉ឺននាក់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ