ព័ត៌មានជាតិ
អ្នកជំនាញ៖ ចំណាត់ការផ្លូវច្បាប់លើមន្រ្តី និងឈ្មួញប្រព្រឹត្តពុករលួយ នឹងនាំកម្ពុជាទៅជាសង្គមស្អាតស្អំ
អ្នកជំនាញនយោបាយ និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានសម្តែងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាលើមន្រ្តីពុករលួយ និងអ្នកជំនួញទុច្ចរិត ដែលកេងប្រវ័ញ្ចយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណាត់ការនេះ ត្រូវបានអ្នកជំនាញ មើលឃើញថា ជាជំហានវិជ្ជមានមួយដឹកនាំកម្ពុជាទៅរកភាពស្អាតស្អំក្នុងសង្គម និងទាក់ទាញវិនិយោគបរទេស។
មួយរយៈចុងក្រោយថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ទៅលើជនសង្ស័យជាមន្រ្តីជាន់ខ្ពស់ និងអ្នកជំនួញធំៗដែលមានមុខមាត់ក្នុងសង្គមពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និងការឆបោក។

ជុំវិញបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងជាទស្សនរួមថា ការដឹកនាំសង្គមមនុស្ស ជាពិសេសការដឹកនាំរដ្ឋាភិបាលត្រូវតែផ្អែកទៅលើច្បាប់ជាគោលការណ៍គ្រឹះ។ ដូច្នេះបុគ្គលណាក៏ដោយ ដែលបានបំពានច្បាប់រដ្ឋដែលមានជាធរមាន បុគ្គលនោះត្រូវតែទទួលទោសទណ្ឌទៅតាមច្បាប់ដែលមាន។
ចំពោះករណីដែលកើតមានឡើងនៅកម្ពុជាបច្ចុប្បន្ននេះវិញ លោក យង់ ពៅ បានសង្កត់ធ្ងន់ថា ដើម្បីធានាដល់សណ្តាប់ធ្នាប់សង្គម និងទាក់ទាញវិនិយោគិន រដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ណាស់ក្នុងការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តអំពើពុករលួយ។ លោកបន្តថា៖« រាជរដ្ឋាភិបាល ជាពិសេសនីតិកាលទី៧ នេះ ត្រូវតែមានចំណាត់ការជាចាំបាច់ទៅលើបុគ្គលគ្រប់រូប ដែលប្រព្រឹត្តខុសច្បាប់ ហើយប្រព្រឹត្តអំពើពុករលួយក្តី រកស៊ីមិនសុចរិតក្តី ឆបោកក្តី មិនថាអ្នកប្រព្រឹត្តជនជាតិខ្មែរ ឬជនបរទេសក្តី ត្រូវតែចាប់យកមកអនុវត្តច្បាប់ ដើម្បីផ្តល់ភាពស្អាតស្អំទៅដល់នីតិរដ្ឋ រដ្ឋាភិបាល ផ្តល់សណ្តាប់ធ្នាប់ទៅដល់សង្គម»។ លោកបន្ថែមថា បើមិនដូច្នេះទេ គេមិនអាចហ៊ានដាក់ទុនវិនិយោគនៅប្រទេសកម្ពុជានោះទេ ប្រសិនបើបណ្តោយឱ្យបុគ្គលដែលមានឥទ្ធិពលមួយចំនួន រំលោភច្បាប់ ឆបោកប្រាក់គេរហូតដល់រាប់សិបលានដុល្លារ។
ពាក់ព័ន្ធការប្រើកេរ្តិ៍ឈ្មោះ និងប្រើអំណាចថ្នាក់ដឹកនាំ យកទៅបោកគេ អ្នកជំនាញរូបនេះ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែអនុវត្តជាច្បាប់ដាច់ខាត ព្រោះវាប៉ះពាល់ដល់មុខមាត់ប្រទេស និងការវិនិយោគក្នុងស្រុក។ លើសពីនេះ លោកមើលឃើញថា ចំណាត់របស់រដ្ឋាភិបាលនាពេលនេះ គឺជាសញ្ញាវិជ្ជមានដែលផ្តល់ភាពស្អាតស្អំដល់សង្គម ដល់រដ្ឋាភិបាល និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ហើយក៏ជាសារទៅដល់អ្នកដែលមានគម្រោងប្រព្រឹត្តរឿងទុច្ចរិតទាំងអស់នេះឱ្យរាងចាល។

ចំណែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា តាមការសង្កេតមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលបានចាត់វិធានការទៅលើមន្រ្តីជាន់ខ្ពស់ អ្នកជំនួញធំៗដែលប្រព្រឹត្តនូវអំពើពុករលួយ ដើររកស៊ីបោកប្រាស់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធមួយចំនួនដែលមានភាពមិនប្រក្រតីពាក់ព័ន្ធទៅនឹងការរត់តួនាទី ឬការប្រព្រឹត្តបទល្មើសផ្សេងៗ។
លោកសង្កត់ធ្ងន់ថា៖«ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកម្ចាត់អំពើពុករលួយ ការទប់ស្កាត់អំពើឆបោក និងភាពមិនប្រក្រតីផ្សេងៗនៅក្នុងសង្គម ហើយនឹងចូលរួមចំណែកក្នុងការបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ អ្នករកស៊ីទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុននៅកម្ពុជា។
តែទោះជាយ៉ាងណា លោកជំរុញរាជរដ្ឋាភិបាលត្រូវតែប្រឹងប្រែងបន្តទៀត ក្នុងការចាត់វិធានការភាពមិនប្រក្រតី ពុករលួយទាំងនេះ ជាពិសេសដើម្បីទាក់ទាញអ្នកវិនិយោគទុន រដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់កែសម្រួលបន្ថែមទៅលើនីតិវិធីនៃការចុះបញ្ជី កិច្ចសម្របសម្រួលពាណិជ្ជកម្ម ច្បាប់ និងបរិយាកាសវិនិយោគ ក៏ដូចជាកាត់បន្ថយ ឬបំបាត់ចោលការិយាល័យធិបតេយ្យ អំពើពុករលួយ។ល។»។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើជនសង្ស័យដូចជា ឧកញ៉ា អ៊ុត ធី, លោក ដួង តារា, លោក លី សាម៉េត និងលោក មួង ឃីម ពីបទជំនួញឥទ្ធិពលសកម្ម និងឥទ្ធិពលអកម្ម នៃច្បាប់ប្រឆាំងអំពើពុករលួយ។
ចំណែកលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ចូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែវិចិ្ឆកានេះ ពាក់ព័ន្ធការសូកប៉ាន់ក្នុងទំហំទឹកប្រាក់សរុប ៥៧ ម៉ឺនដុល្លារ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក