ព័ត៌មានជាតិ
ភ្នំពេញ ផ្ដើមប្រណាំងទូកកម្រិតរាជធានី ត្រៀមប្រកួតថ្នាក់ជាតិ ៣ ថ្ងៃ ខាងមុខ
ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូកកម្រិតរាជធានី ដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ដល់ថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។

ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ វិច្ឆិកា នេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ។
តាមការបញ្ជាក់ពី លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រណាំងទូកសាកល្បងកម្លាំងនៅរសៀល និងល្ងាច ថ្ងៃទី ១២ វិច្ឆិកា នេះ មានទាំងទូកអុំ,ទូកមួង ឬហៅថា ទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរស.នារី សរុបចំនួន ៤៥ ទូក ដោយចែកចេញជា ៣ ប្រភេទ គឺ ទូកអុំបុរស ២៧ ទូក ទូកចែវ ៨ ទូក ទូកខ្នាតអន្តរជាតិបុរស ១០ ទូក និងទូកខ្នាតអន្តរជាតិនារី ៣ ទូក។

លោកបន្តថា គូទូកទាំងអស់ ត្រូវប្រណាំង ២ ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រ សម្រាប់ចាប់កម្រិតល្បឿន។
លោកនាយកមន្ទីរ ក៏បានអរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសម្រាប់ការចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន, ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឲ្យដឹងនៅល្ងាចថ្ងៃទី ១២ វិច្ឆិកា នេះដែរថា សម្រាប់ការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានីនេះ មានប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៣ ម៉ឺននាក់ ដែលបានធ្វើពិធីនេះ មានភាពគគ្រឹកគគ្រេងជាមួយនឹងសំឡេងអឺងកង។
លោក ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។ លោកក៏នៅតែបន្តអំពាវនាវបន្ថែមទៀតដល់កីឡាករ-កីឡាការិនីអុំទូកទាំងអស់ ត្រូវហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលនឹងប៉ះពាល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះមកចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សាណាមួយ រវាងគ្នា និងគ្នានោះទេ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទម្លាប់ជាតិ តាំងពីយូរលង់មកហើយ។ ព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញពីការរំលឹកដឹងគុណដល់កងទ័ពជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចម្រើន។ ម្យ៉ាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសារសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូរណ៍ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយផ្ទាល់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?