ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង គ្រោងចេញសៀវភៅទស្សនវិជ្ជាដែលជួយត្រួសត្រាយផ្លូវជីវិត និងសំលៀងការគិតឱ្យកាន់តែស៊ីជម្រៅ
លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកកម្ពុជា និងជាអ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម បាននិពន្ធសៀវភៅទស្សនវិជ្ជាមួយក្បាលមានចំណងជើងថា«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។ សៀវភៅទស្សនវិជ្ជានេះ គ្រោងនឹងចេញជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ សៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» គឺជាមគ្គុទ្ទេសន៍ជួយត្រួសត្រាយផ្លូវជីវិត និងជាមគ្គុទ្ទេសន៍ជួយសំលៀងការគិតឱ្យកាន់តែហ្មងចត់ និងស៊ីជម្រៅ។

លោកបណ្ឌិត ឈត ប៊ុនថង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា គោលបំណងសំខាន់ក្នុងការចងក្រងសៀវភៅនេះឡើង គឺការរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីទស្សនវិជ្ជា ព្រមទាំង ការផ្សព្វផ្សាយ និងការអនុវត្តចំណេះដឹងទស្សនវិជ្ជា ដើម្បីជួយឱ្យមនុស្សមានការគិតសមហេតុផល ការគិតហ្មត់ចត់ មានជំនឿសមហេតុផល ដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមិនគួរធ្វើ យល់ដឹងអំពីសីលធម៌ គុណធម៌ និងគតិបណ្ឌិត។ លោកបណ្ឌិតថា តាមរយ:នេះ អ្នកអានអាចប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង បញ្ញា ទេពកោសល្យ សមត្ថភាព ទ្រព្យសម្បត្តិ តួនាទី និងសក្ដានុពលដទៃទៀតរបស់ខ្លួន ដើម្បីសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុខដុមភាពនៅក្នុងកម្រិតបុគ្គល គ្រួសារ និងសង្គមទាំងមូល។
សៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» មានកម្រាស់ជិត៤០០ទំព័រ។ សៀវភៅនេះ មានខ្លឹមសារសំខាន់ផ្ដោតលើបញ្ញត្តិទស្សនវិជ្ជាសំខាន់ៗ មគ្គុទ្ទេសន៍ គុណធម៌ គតិបណ្ឌិត ចិត្តអត់ធ្មត់ យុត្តិធម៌ ស្វ័យគ្រប់គ្រង សេចក្ដីស្រឡាញ់ គោលជំហរវិជ្ជមាន ការខិតខំប្រឹងប្រែង សុចរិត កតញ្ញុតា ភាពរាបសា ធម្មជាតិរបស់មនុស្ស តម្លៃ ទម្លាប់ ទំនួលខុសត្រូវ កិច្ចសន្យាសង្គម ជំនឿ សាសនា អាទិទេព ហោរាសាស្ត្រ ការគិតហ្មត់ចត់ ពុទ្ធិ សម្រង់អំពីមគ្គុទ្ទេសន៍ សម្រង់អំពីជីវិត សម្រង់គំនិតទស្សនវិជ្ជារបស់ទស្សនវិទូល្បីៗមួយចំនួន។ សៀវភៅមួយក្បាលនេះ មានប្រយោជន៍សម្រាប់មនុស្សភាគច្រើន ចាប់ពីអ្នកចេះអាន និងយល់ភាសាខ្មែរបានច្បាស់ ជាពិសេស ចាប់ពីសិស្សថ្នាក់ទី១២ឡើងទៅ។ ចំពោះអ្នកគិតអំពីជីវិត និងកិច្ចការធំៗរឹតតែមានសារៈសំខាន់ថែមទៀត។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ប្រសិនបើអ្នកអាន បានអានសៀវភៅនេះដោយយកចិត្តទុកដាក់ នោះអ្នកអានទាំងអស់ នឹងបានយល់អំពីពាក្យគន្លឹះ បញ្ញត្តិ និងសារៈសំខាន់នៃទស្សនវិជ្ជា ព្រមទាំង គំនិតទស្សនវិជ្ជារបស់ទស្សនវិទូល្បីៗមួយចំនួនដែរ។ ផ្ដើមចេញពីនេះ អ្នកអាន នឹងមានមូលដ្ឋានមួយចំនួន ដើម្បីឈានទៅស្វែងយល់អំពីគំនិតទស្សនវិជ្ជាដែលគេសរសេរនៅក្នុងស្នាដៃផ្សេងៗទៀត និងក្នុងការជជែកវែកញែកនៅក្នុងវេទិកានានា។ ជាមួយគ្នានេះដែរ សៀវភៅនេះ ក៏បានបង្ហាញអំពីវិធីនៃការបង្កើតទស្សនវិជ្ជាដែរ។
លើសពីនេះទៀត នៅក្នុងសៀវភៅនេះ ក៏បានលាតត្រដាងអំពីខ្លឹមសារនៃសច្ចភាព អត្ថិភាព តថភាព សេរីភាព សារជាតិ សារធាតុ គុណធម៌ យុត្តិធម៌ គតិបណ្ឌិត ចិត្តអត់ធ្មត់ ស្វ័យគ្រប់គ្រង សេចក្ដីស្រឡាញ់ គោលជំហរវិជ្ជមាន មគ្គុទ្ទេសន៍ ការគិតហ្មត់ចត់ ទឡ្ហីករណ៍ និងវិរុទ្ធនិទស្សន៍ ជាដើម ដែលខ្លឹមសារទាំងអស់នេះ ពិតជាមានប្រយោជន៍ជាបរានុម័តិមិនអាចកាត់ថ្លៃបាន ព្រមទាំង ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ និងមាននិរន្តរភាពទៅក្នុងជីវិតបុគ្គល គ្រួសារ សង្គម និងពិភពលោក ហើយវាក៏ពាក់ព័ន្ធក្នុងវិស័យផ្សេងៗស្ទើរតែទាំងអស់ដែរ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង ដែល។

សូមបញ្ជាក់ជូនថា សៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»នេះ គ្រោងចេញលក់ជាផ្លូវការចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ។ អ្នកចង់ទិញ អាចទាក់ទងតាមផេកឈ្មោះ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» ហើយថ្ងៃខាងមុខ អាចនឹងមានដាក់លក់នៅតាមបណ្ណាគារមួយចំនួននៅក្នុងរាជធានីភ្នំពេញ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់