ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើទេសរដ្ឋមន្ដ្រី
ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយពុំទទួលបានប្រាក់បំណាច់មុខងារនោះឡើយ។
ក្នុងព្រះរាជក្រឹត្យដែលបានចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាពាណិជ្ជករដ៏ឆ្នើម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងគួរឱ្យគោរពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានចាប់ផ្តើមជំនួញដោយសហការជាមួយដៃគូ ជាជនជាតិសឹង្ហបូរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្មដំបូងបំផុត នៅក្នុងឆ្នាំ១៩៩៣ ក្រោមនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ជាមួយចក្ខុវិស័យអភិវឌ្ឍជំនួញចម្រុះពី A ដល់ Z។
អ្នកឧកញ៉ា បានវិនិយោគបង្កើតក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ លើវិស័យមួយចំនួនក្នុងនោះ អចលនទ្រព្យជាវិស័យស្នូល។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និង ក៏ជាវិនិយោគិននៅតាមបណ្តាប្រទេសទាំងពេលកន្លងមក និងបច្ចុប្បន្នដូចជា ភូមា ឥណ្ឌា សឹង្ហបុរី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ថែមទៀតផង។ អ្នកឧកញ៉ា បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញនីតិឯកជន ពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ២០០៥និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត លើមុខជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។
អ្នកឧកញ៉ា បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនលើការគ្រប់គ្រងពាណិជ្ជកម្ម នីតិវិនិយោគ ទីផ្សារភាគហ៊ុន និងជំនាញជាច្រើនទៀតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ លោកអ្នកឧកញ៉ា បានចូលរួមវគ្គសិក្សាអប់រំសម្រាប់អ្នកដឹកនាំប្រតិបត្តិជាន់ខ្ពស់ នៅឯសាលា Harvard Kennedy School លើប្រធានបទស្តីពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចទីផ្សារ។ លោកអ្នកឧកញ៉ា គឺជាបេក្ខភាពបណ្ឌិតរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៣។ ជាមួយនឹងឧត្តមគតិស្នេហា និងអភិវឌ្ឍន៍ជាតិមាតុភូមិ អ្នកឧកញ៉ា បានចំណាយអស់ពីសមត្ថភាពទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ខ្លួន រយៈពេល១០ឆ្នាំ ដើម្បីចូលរួមបម្រើជាតិក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៨ អ្នកឧកញ៉ា បានបំពេញបេសកកម្មក្នុងនាមជាសមាជិកសភាតំណាងរាស្ត្រ នៃរដ្ឋសភាជាតិបន្ទាប់មក នៅឆ្នាំ២០០៨ ឯកឧត្តមអ្នកឧកញ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់ឆ្នាំ២០១៣។
គួរបញ្ជាក់ថាកន្លងមក អ្នកឧកញ៉ា ក៏ធ្លាប់ទទួលបានការតែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ផងដែរ។ ហើយ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាសប្បុរសជនមួយរូប ដែលខ្នះខ្នែងក្នុងកិច្ចការលើកកម្ពស់សុខុមាលភាពសង្គម ដោយប្រើប្រាស់ប្រាក់ផលរបរដែលរកបាន ជួយដល់សង្គមជាតិ តាមរយៈសកម្មភាពនានា ក្នុងវិស័យជាច្រើន ទាំងដោយផ្ទាល់ និងតាមរយៈទីភ្នាក់ងារមនុស្សធម៌ជាតិ និងអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះអ្នកឧកញ៉ា បានបរិច្ចាគថវិកាជាច្រើនលានដុល្លារ ដើម្បីបំពេញសេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ផ្តល់ជំនួយដល់សាលារៀន វត្តអារាម ព្រះវិហារគ្រឹស្តសាសនា គម្រោងអភិវឌ្ឍន៍ និងការការពារបរិស្ថាន កម្មវិធីធនធានទឹកស្អាត គម្រោងស្តារគ្រោះមហន្តរាយ និងក្នុងកំឡុងពេលវិបត្តិជម្ងឺឆ្លងសកលកូវីដ១៩ ជាដើម។ អ្នកឧកញ៉ា ក៏ធ្លាប់បានផ្តល់ការបរិច្ចាគដល់ការស្រាវជ្រាវផ្នែកមហារីក នៃមន្ទីរពេទ្យ Mayo Clinic ដ៏ល្បីនៅសហរដ្ឋអាមេរិកផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ