Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង ដាក់បទបញ្ជាតាមចាប់ជនសង្ស័យញុះញង់ពលរដ្ឋកាប់ទន្ទ្រានដីព្រៃរដ្ឋ

បានផុស

នៅ

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តស្រាវជ្រាវរកជនសង្ស័យដែលបានញុះញង់ឱ្យប្រជាពលរដ្ឋទៅឈូសឆាយដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ត្រូវបានដាក់ចេញនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី ០៤ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២៤ ស្ថិតនៅឃុំក្បាលរមាស ស្រុកសេសាន ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋជាច្រើនរូប។ ចំណាត់ការនេះ បន្ទាប់ពីមានជនសង្ស័យបានដើរបោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ឱ្យទៅកាប់រានដីព្រៃរដ្ឋនៅស្រុកសេសាន ដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈវេទិកានេះ ក៏បានផ្សព្វផ្សាយពីការអនុវត្តច្បាប់ដល់ពលរដ្ឋដែលបានចូលរួម ចៀសវាងចាញ់បោកតាមការអូសទាញរបស់ក្រុមទុច្ចរិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកសរ សុពុត្រា បានសង្កត់ធ្ងន់ថា៖«មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឃុំ ត្រូវបន្តស្រាវជ្រាវជនសង្ស័យដើម្បីឃាត់ខ្លួនយកមកអនុវត្តច្បាប់ឱ្យបាន ព្រោះជននេះបង្កភាពស្មុគ្រស្មាញរឿងដីធ្លី ហើយបង្កើតអំពើឆបោកប្រជាជនយើងបន្ថែមទៀត»។

គួរជម្រាបថា កន្លងមកមានទាំងពលរដ្ឋ​ និងជនសង្ស័យ បានយកលុយឱ្យអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈចុះផ្សាយខុសពីការពិត ថាពួកគេបាត់បង់ដី ខណៈដីដែលពួកគេកាន់កាប់នោះ ជាដីដែលកាប់ទន្ទ្រានដីរដ្ឋសម្រាប់ទុកអភិរក្ស។ បន្ថែមពីនេះ ពលរដ្ឋខ្លះ បានកាន់រូបថ្នាក់ដឹកនាំ ហើយស្នើសុំឱ្យស្វែងរកយុត្តិធម៌ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិ។
បើតាមអភិបាលខេត្ត ៖«មានបងប្អូនខ្លះស្រែកថាក្រណាស់ៗ តែប្រមូលលុយឱ្យគេម្ដងរហូតដល់ទៅ ៣០០០ ទៅ ៤០០០ ដុល្លារឱ្យគេបោក ហើយនាំគ្នាទៅកាប់ដីព្រៃដើម្បីលក់ ពេលអាជ្ញាធរចាប់ខ្លួន ស្រែកថាអយុត្តិធម៌»។

ជុំវិញបញ្ហាទាំងនេះ លោក សរ សុពុត្រា បានបង្ហើបឱ្យដឹងថា ដោយសារតែមានការយោគយល់ និងប្រោសប្រណីដល់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទើបចាត់តាំងមន្រ្តីចុះមកសម្របសម្រួលដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហាទាំងនោះ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន មានប្រសាសន៍ថា កន្លងមកមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបមិនបន្ធូរដៃឡើយ និងបានឃាត់ខ្លួនជនខិលខូចច្រើននាក់ ដែលបានកាប់ព្រៃទន្ទ្រានដីរដ្ឋ ក្នុងនោះក៏មានអ្នកសារព័ត៌មួយចំនួនផងដែរ។ លោកថា៖«នៅសល់អ្នករត់គេចខ្លួនមួយចំនួនទៀត សមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយនិងកំពុងអនុវត្តនីតិវិធី។ ដោយឡែកទីតាំងដីដែលអាជ្ញាធរដកហូតបានកំពុងការពារយ៉ាងតឹងរឹង ចំណែកដីរបស់ក្រសួងកសិកម្មដែលមានប្លង់ នៅភូមិបានប៊ុង​ ឃុំភ្លុក ស្រុកសេសាន នៅពេលប្រជាពលរដ្ឋប្រមូលផលដំឡូងមីអស់  អាជ្ញាធរមានសមត្ថកិច្ចចុះទៅអនុវត្តនីតិវិធី ព្រោះបានណែនាំពួកគាត់រួចហើយដែរ»។

រូបតំណាង៖ កម្លាំង​សមត្ថកិច្ចពិនិត្យ​ជាក់ស្តែងទីតាំង​កាប់​រានទន្ទ្រាន​ដីព្រៃ​

ពាក់ព័ន្ធករណីដីធ្លីនេះ នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, លោក ប៉ាន់ខែម ប៊ុនថន កន្លងមក បានចុះមកជួបប្រជាពលរដ្ឋ និងដោះស្រាយជាច្រើលើកច្រើនសារមកហើយ តែមិនទាន់បានសម្រេចលទ្ធផលទាំងស្រុងទេ ដោយសារពលរដ្ឋខ្លះជឿតាមការញុះញង់អ្នកនៅពីក្រោយសកម្មភាពកាប់ទន្ទ្រានដីរដ្ឋ៕

ដោយ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម