Connect with us

ព័ត៌មានជាតិ

សត្វ​ស្លាប​នៅ​​ប្រទេស​កម្ពុជា​មាន​ជាង ៦០០ ប្រភេទ ១៦ តំបន់​​ ​សំបូរ​សត្វ​ស្លាប​​រស់នៅ​ច្រើន

បានផុស

នៅ

សត្វស្លាប​ចំនួន ៦៣២ ប្រភេទ ត្រូវបានកត់ត្រាក្នុងបញ្ជី​ឈ្មោះ​សត្វស្លាបនៃប្រទេសកម្ពុជា។ នេះបើ​យោង​តាម​សៀវភៅ​សត្វ​ស្លាប​កម្ពុជា​ ដែល​បាន​ស្រាវជ្រាវ​ចងក្រង​ដោយ​ក្រសួង​បរិស្ថាន ដែល​បាន​បោះពុម្ព​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០២១។

ការធ្វើបច្ចុប្បន្នភាពឆ្នាំ ២០២០ សត្វស្លាបនៅ​ប្រទេសកម្ពុជា​ត្រូវបានកំណត់ និង​បែងចែក​ស្ថានភាព​អភិរក្សដូចខាងក្រោម៖

-ប្រភេទជិតផុតពូជបំផុត ( CR ) ចំនួន ០៩ ប្រភេទ
-ប្រភេទជិតផុតពូជ ( EN ) ចំនួន ១៥ ប្រភេទ
-ប្រភេទកំពុងទទួលរងការគំរាមកំហែង ( VU ) ចំនួន១៦ ប្រភេទ
-ប្រភេទជិតទទួលរងការគំរាមកំហែង ( NT ) ចំនួន ៤១ ប្រភេទ
-ប្រភេទរងគ្រោះតិចតួច ( LC ) ចំនួន ៥៥០ ប្រភេទ
-ប្រភេទពុំមានទិន្ន័យគ្រប់គ្រាន់ ( DD ) ចំនួន ០១ ប្រភេទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាគឺជាប្រទេសមួយ សំបូរទៅដោយព្រៃឈើគ្រប់ប្រភេទ ដែលផ្តល់ជម្រកដល់ប្រភេទសត្វស្លាប​សំខាន់ៗ​ជាច្រើន។ ​វត្តមាននៃទីជម្រកទាំងនោះ​បាន​ប្រែក្លាយប្រទេសកម្ពុជា គឺជាប្រទេស​ដ៏​សំខាន់​សម្រាប់​ផ្ដល់​ទីជម្រកដល់ប្រភេទសត្វស្លាបដែលកំពុងទទួលរងការ​គំរាមកំហែង ​ក្នុង​ទិស​ដៅដើម្បីអភិរក្សប្រភេទសត្វព្រៃ​ទាំងនេះ​ទៅថ្ងៃអនាគត។

ការគំរាមកំហែងទៅលើប្រភេទសត្វស្លាបនៅ​ប្រទេស​កម្ពុជា​ចម្បង​មាន ២ ករណី៖

ការបរបាញ់ ការ​ទាក់​ចាប់ ប្រមូល​យកពងកូន៖ សត្វស្លាបជាច្រើន​ប្រភេទ​នៅក្នុងប្រទេសកម្ពុជា ត្រូវបាន​គេ​បរ​បាញ់​ធ្វើជាអាហារ និង​ធ្វើ​ពាណិជ្ជកម្ម ជាពិសេស​គឺពពួកសត្វស្លាប​ទឹកធំៗ និងសត្វស្លាប​ព្រៃ​សំខាន់ៗ​ដូចជា ត្រដក់ រនាល ក្រៀល ប្រវឹក សេកសោម​ សារិកាកែវវង​ជាដើម ឬ ត្រូវ​បា​នគេ​ប្រមូល​យក​ពង​កូន​ចេញ​ពី​សំបុក។ ប្រសិនបើសកម្មភាពនេះនៅតែបន្ត ប្រភេទ​សត្វស្លាបទាំងនេះ​នឹងត្រូវពិបាកស្រោចស្រង់ ហើយ​អាច​នឹង​ផុតពូជ។

-ការបំផ្លាញទីជម្រក៖ បណ្ដាប្រភេទសត្វជាច្រើន ត្រូវបានគំរាមកំហែង​នឹងអាចឈានទៅរក​ការផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការបំផ្លាញ​ទីជម្រក​របស់​វា។ ដូចជា​ការបំផ្លាញ​ទីជម្រក​ព្រៃ​លិច​ទឹក ចំពោះ​សត្វ​ស្លាបព្រៃ​ដែល​ពងនៅក្នុងរន្ធឈើ​ធំៗដូចជា កេងកង ត្រសេះ សារិកាកែវ ដែល​ក្រោយ​ពីការកាប់​ព្រៃឈើ​អស់ វាមិនអាច​មានដើមឈើ​តទៅទៀត​សម្រាប់​ពងកូន​ឡើយ ហើយ​វា​នឹង​អាច​ផុតពូជ។ ស្រដៀងគ្នា​នេះ​ដែរ បញ្ហា​ប្រឈម​មុខ​ជាមួយ​សត្វស្លាបទឹក គឺ​ការបាត់បង់​តំបន់​ដី​សើម ដោយសារ​ការអភិវឌ្ឍន៍ហួសកំរិត។

នៅក្នុងប្រទេសកម្ពុជាមានតំបន់​សំខាន់ៗ​ចំនួន ១៦ ទីតាំង ដែលអាច​អង្កេតសត្វ​ស្លាប​ទាំងឡាយ​បាន​ដូចជា៖

១– តំបន់ខ្ពង់រាបភាគ​ខាងជើង៖ ភាគច្រើន​ជាតំបន់ព្រៃ​ល្បោះ ក្រៅពី​នេះ​មានព្រៃ​ពាក់កណ្ដាល ស្រោង និង​ព្រៃស្រោង​គឺជា​តំបន់​ទេសភាព​តែមួយគត់ ដែល​នៅសេសសល់​ធំបំផុតក្នុងបណ្តា​ប្រទេស​នៅ​ឥណ្ឌូចិន​ភាគ​ខាងត្បូង និង​ប្រទេសថៃ។ តំបន់នេះ​ទ្រទ្រង់ប្រភេទសត្វស្លាប​សំខាន់ៗ​ជា​ច្រើន ដែលត្រូវអភិរក្សក្នុងតំបន់​រួមមាន ប្រភេទ​ត្រយង​យក្ស ត្រយង​ចង្កឹះកស ត្មាត​ទាំង​បីប្រភេទ (ត្មាត​ភ្លើង ត្មាតផេះ ត្មាត​ត្នោត) អង្កត់ខ្មៅ ត្រដក់​ធំ ត្រដក់​តូច ក្រៀល ទាព្រៃ​ស្លាបស ពពូល​ទឹក និង​ក្ងោក​ជាដើម ដែលសត្វ​ទាំងនេះ​ភាគច្រើន​ពង​កូននៅក្នុងតំបន់​នេះតែម្តង។

២– តំបន់ព្រៃលិចទឹក​បឹងទន្លេសាប៖ ជាតំបន់​ដ៏ល្អបំផុត​សម្រាប់​ប្រភេទ​សត្វស្លាបទឹក ភាគច្រើន​មក​រក​ស៊ី និង​ពងកូន​នៅតំបន់​នេះ​ដែលព័ទ្ធជុំវិញទៅ​ដោយព្រៃលិចទឹក។ តំបន់​នេះ​បង្កើត បាន​ជា​តំបន់​សំខាន់បំផុត​ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ សម្រាប់​ប្រភេទសត្វស្លាបទឹកធំៗ ពងកូន ដែល​ប្រភេទ​ទាំងនេះ​ភាគច្រើនទទួលរងការគំរាមកំហែងក្នុងពិភពលោករួមមាន៖ ទុង​ប្រផេះ ត្រដក់ធំ ត្រដក់តូច រនាល​ពណ៌ រនាលស ស្មោញ ពពូលទឹក និង​អកត្រីក្បាល​ប្រផេះ។

៣– តំបន់ទំនាបវាលស្មៅលិចទឹកបឹងទន្លេសាប៖ ក្រៅពីតំបន់ព្រៃលិចទឹក​បឹងទន្លេសាប តំបន់ទំ នាប​វាលស្មៅ​លិចទឹកបឹងទន្លេសាប​ដែលនៅជុំវិញបឹង និងព្រៃគុម្ពោតលិចទឹក​តាមរដូវកាល ព្រម​ទាំង​វាលស្រែ តំបន់​ទាំងនេះមានសារៈសំខាន់​ណាស់ ដែល​ផ្តល់ទីជម្រកសម្រាប់ពពួក​សត្វស្លាប ដែល​កំពុង​ទទួលរងការគំរាមកំហែងមួយចំនួន និងជាតំបន់សម្រាប់សត្វស្លាបទាំង​នេះរកចំណី ពង​កូន​ទៀត​ផងដូចជា៖ សត្វខ្សឹប ឬ ទ្រមាក់​អណ្តើក ចាបដូនតា​ស្មៅម៉ាន់ជូរ (Manchurian Reed-warbler ជា​ប្រភេទ​ទេសន្តរប្រវេសន៍) និង​ឥន្ទ្រីយជាដើម។

៤– ផ្លូវទឹកទន្លេមេគង្គ៖ ផ្លូវទឹកទន្លេមេគង្គ និងដៃរបស់វា​ចាប់ពីព្រំដែនឡាវ និងព្រំដែនវៀតណាម ចុះមក​គឺជាតំបន់ដែលមានទីជម្រកដ៏​ល្អដូចជា វាលខ្សាច់​លិចទឹកតាមរដូវកាល គ្រួស និង​ផ្ទាំង​ថ្ម​ដែល​មានរុក្ខជាតិដុះ ហើយបានផ្តល់អំណោយផល​ដ៏ល្អសម្រាប់ប្រភេទសត្វស្លាប​មួយ​ចំនួនរស់នៅ និង​ពងកូនរួមមាន៖ ខ្ទប់ដី​មេគង្គលើ រំពេពោះខ្មៅ ជង្គង់ក្រាស់ចំពុះខ្មៅ រំពេទន្លេ ត្រចៀក​កាំ​ខ្មៅ​កន្ទុយឆែក ត្រដេវ​វិចទន្លេ។

៥- តំបន់​ជួរភ្នំភូមិ​ភាគឦសាន៖ តំបន់​ខ្ពង់រាបទាំងនេះ​គ្របដណ្តប់ទៅដោយ​ព្រៃស្រោង និង ពាក់​កណ្តាល​ស្រោង ជាពិសេស ខេត្តរតនៈគិរី និងមណ្ឌលគិរី។ ប្រភេទសត្វស្លាបសំខាន់ៗ ដែល​ទទួល​ការ​គំរាមកំហែង​នៅលើពិភពលោកក្នុងតំបន់នេះ​ដូចជា៖ ទទា​ទ្រូង​លឿង ប៉ាក់ខ្ញៀវ​ពោះបង្កង់ និង​មាន់​ទោប្រផេះបៃតង (Germain’s Peacock Pheasant) ជាដើម។

៦– តំបន់ព្រៃកោងកាង​មាត់ពាម៖ ជាតំបន់មាន​ព្រៃកោងកាង និងតំបន់វាលភក់​ដែលទទួលទឹក

ជំនោរ​នាច ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ​កម្ពុជា។ សារៈសំខាន់នៃតំបន់ទាំងនេះ គឺជាទី ជម្រក​របស់ពពួក​សត្វស្លាបសមុទ្រ ដែលភាគច្រើន​ជាប្រភេទទេសន្តរប្រវេសន៍ តំបន់ទាំង នេះ​ក៏អាច​ជាជម្រក​ពងកូនរបស់ពពួក​រនាលសផងដែរ។

៧– តំបន់​កោះក្នុងសមុទ្រ៖ តំបន់កោះមួយចំនួន​នៅក្នុងសមុទ្រ​បានផ្ដល់ជាកន្លែង​ពងកូនដ៏សំខាន់ សម្រាប់​សត្វស្លាបសមុទ្រ ដូចជា​ពពួក៖ សត្វក្បាលធំឆ្នេរសមុទ្រ ព្រាបកោះ ព្រាបស−ខ្មៅ និង​ពពួក​រំពេ​ផ្សេងៗទៀត។

៨– តំបន់ជួរភ្នំក្រវាញ៖ តំបន់ព្រៃស្រោងខ្ពង់រាប​នៃជួរភ្នំក្រវាញ ដូចជាភ្នំដំរីនៅភាគនិរតីនៃប្រទេស

ដែល​ត្រូវបានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ អំពី​វត្តមានសត្វស្លាប​សំខាន់ៗ តំបន់​នេះ​។ មានសត្វស្លាបពីរប្រភេទ ដែលជាប្រភេទស្ថានិក រស់នៅក្នុងតំបន់ជួរភ្នំ ក្នុង នេះគឺ មាន់ក្រិច ឬ ក្រូច​សំពៅ និង ចកវ៉ក​កម្ពុជា (Cambodian Laughingthrush)។

តំបន់សំខាន់ៗផ្សេងទៀត៖

៩ – ឧទ្យានជាតិព្រះសីហនុ«រាម»
១០ – ឧទ្យានជាតិ​ព្រះមុនីវង្ស«បូកគោ»
១១ – ឧទ្យានជាតិ​ព្រះសុរាម្រិត​កុសមៈ «គិរីរម្យ»
១២ – តំបន់ការពារទេសភាព​អាងត្រពាំងថ្ម
១៣ – តំបន់​ទន្លេមេគង្គលើ
១៤ – តំបន់​វាលភក់​បាសិត
១៥ – តំបន់វាលភក់បាសាក់
១៦ – តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សហគ្រាស មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវប្រឈមនឹងផ្លូវច្បាប់

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក សុះ ម៉ាច ស្នើបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែភ្លេង ឬទំនុកច្រៀងថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៦ នាទីutes មុន

លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

៧ប្រទេស ប្រឈមហានិភ័យវាយប្រហារដោយអាចម៍ផ្កាយ ក្នុងឆ្នាំ២០៣២

សន្តិសុខសង្គម២៩ នាទីutes មុន

លោក សំ វិច្ឆិកា ៖ ១ ឆ្នាំ នគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស ៤៤៩ ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥៨ នាក់

Sokha Hotels

ព័ត៌មានពេញនិយម