ព័ត៌មានជាតិ
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
ខេត្តរតនគិរី គឺជាតំបន់ដែលសម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅច្រើនអំបូរ និងមានពិធីបុណ្យប្រពៃណី និយាយភាសាខុសៗគ្នា ហើយក៏មានប្រពៃណីទំនៀមទម្លាប់ខុសៗគ្នាផងដែរ។ ក្នុងនោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចទំពួន បានបន្តរក្សាទំនៀមទម្លាប់សែនព្រេនតពីដូនតារបស់ពួកគេមកដល់សព្វថ្ងៃនេះ ដោយអ្នកដែលប្រព្រឹត្តខុសនឹងទំនៀមទម្លាប់ដោយនៅជាមួយគ្នាមុនសែនព្រេន ឬមានកូនមុនរៀនការ គឺត្រូវសែនជូនអ្នកតាម្ចាស់ភូមិជាចាំបាច់។

លោក តុល លីន ជាចាស់ទុំនៅក្នុងភូមិ កាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ឱ្យដឹងថា តាំងពីបុរាណ ការសែនព្រេនជូនអ្នកតាម្ចាស់ភូមិ គឺធ្វើឡើងចំពោះអ្នកណាដែលធ្វើខុសនឹងទំនៀមទម្លាប់ ដូចជា មានកូន មានចៅ មិនទាន់សែនព្រេន ឬយកគ្នាមិនទាន់រៀបការ ពោះធំ មានកូន គឺត្រូវយកក្របីចំនួន១សែនឲ្យអ្នកតាម្ចាស់ភូមិ មិនថា គ្រួសារអ្នកក្រ ឬគ្រួសារអ្នកមានទេ។ តម្លៃនៃការសងនេះ គឺមានស្មើៗគ្នាទាំងអស់ ដែលនេះជាច្បាប់ទំនៀមទម្លាប់ ត្រូវប្រកាន់យកគ្រប់គ្នា។ ពិធីសែនភូមិ សែនអ្នកតា នេះ គឺធ្វើឡើងសាលារោងកាចូនក្រោម។ សាលារោងនេះ សាងសង់ឡើងដោយព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងឆ្នាំ២០០៦ លើទំហំផ្ទៃដីទទឹង៦០ម៉ែត្រ បណ្ដោយ ៧០ ម៉ែត្រ ជាប់មាត់ទន្លេសេសាន្ត សម្រាប់ទុកឲ្យកូនចៅសែនព្រេន។ លោក តុល លីន បានបញ្ជាក់ថា ពិធីនេះ គឺមានមកតាំងពីជំនាន់ឪពុករបស់គាត់មកម្លេះ ពោល គឺពិធីនេះកើតឡើងដំណាលគ្នានឹងការកើតជាភូមិកាលពី១២០ទៅ១២៥ឆ្នាំ កន្លងទៅ។

សម្រាប់ការរៀបចំពិធីសែនព្រេនវិញ លោក តុល លីន ឱ្យដឹងថា ដំបូងបង្អស់ គឺសែនក្របី១ រួមជាមួយសំណែនផ្សេងទៀត ដូចជាស្រាពាង ជ្រូក ហើយការកាប់ក្របី គឺធ្វើឡើងនៅមុខរោងពាក់កណ្តាលភូមិតែម្តង។ ពិធីនេះ គឺហៅឲ្យចូលរួមទាំងអស់គ្នា ទាំងកូនចៅ មីងមា បើមកពីជិតឆ្ងាយមកចូលរួមសែនព្រេន ត្រូវនិយាយប្រាប់ដល់អ្នកតាម្ចាស់ភូមិ។ បើអ្នកណាមានលទ្ធភាព ជួយជាស្រាពាង ស្រាស ស្រាបៀ១កេស ឬ២កេស និងសម្ភារៈគ្រឿងសម្ល អង្ករ ត្រី គឺរមែងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ពីព្រោះសុទ្ធតែត្រូវជាបងប្អូនសាច់សាលោហិត មិនអាចចោលគ្នាបានទេ និយាយរួម គឺមនុស្សមកចូលរួម១ភូមិតែម្តង។

ជាកិច្ចបញ្ចប់ គឺការវាយគងទម្លាក់ក្បាលក្របី រួចស្រណុកចិត្ត។ កម្មវិធីសែនព្រេននេះ បញ្ចប់នៅពេលល្ងាច ដោយការរៀបចំនាំគ្នាវាយគងព័ទ្ធជុំវិញក្បាលក្របីដែលគេបានកាត់ទុក ធ្វើការវាយគង រួចហ៊ោ ឆ្កឹះទម្លាក់ពីឈើឆ្កាង រួចយកទៅរោលភ្លើង ដើម្បីស្ងោរ និងកាប់ចែកគ្នាសម្រាប់បរិភោគជាមួយនឹងការបឺតស្រាពាងរហូតដល់អស់ម្ហូបនេះ។ ការហូប និងបឺតស្រាពាងនេះ ក៏មានការចូលរួមពីម្ចាស់សាម៉ីខ្លួនដែលបានធ្វើខុសនឹងតំណម ហើយយកអំបិល១កញ្ចប់ ប៊ីចេង១កញ្ចប់ ស្រាពាង១ ប្រគេនជូន “អ្នកតា” ទើបនាំគ្នាទៅផ្ទះរៀងៗខ្លួន។ ចាស់ទុំក្នុងភូមិ បានផ្តាំដល់កូនចៅជំនាន់ក្រោយៗដែលខុសប្រពៃណីនេះ ត្រូវសែនដូច្នោះហើយ ដោយមិនប្រែប្រួលខុសពីនេះទេ៕

ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ