ព័ត៌មានជាតិ
ក្រពើភ្នំប្រមាណ ៥០០ ក្បាល មានវត្តមាននៅកម្ពុជា ស្មើនឹង ៥០% នៅលើពិភពលោក
នៅរយៈពេល២៥ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការអភិរក្សក្រពើភ្នំពីការជិតផុតពូជពីក្នុងធម្មជាតិរហូតដល់ការបន្តកើនឡើងនៅក្នុងទឹកដីកម្ពុជា។

លោក Pablo Sinovas នាយកប្រចាំប្រទេស អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានប្រាប់ឱ្យដឹងថាគម្រោងអភិវឌ្ឍន៍ក្រពើភ្នំបានដំណើរការ រយៈពេល ២៥ ឆ្នាំ មកហើយ ដែលពេលនោះ ប្រភេទក្រពើភ្នំ ត្រូវបានគេគិតថា បានផុតពូជពីក្នុងធម្មជាតិ ក្រោយមកអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បានរកឃើញសត្វក្រពើភ្នំមួយចំនួននៅក្នុងតំបន់ព្រៃដាច់ស្រយាលនៃតំបន់ជួរភ្នំក្រវាញ ដែលស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ពេលនោះហើយដែលកម្មវិធីអភិរក្សក្រពើភ្នំនេះ ត្រូវបានបង្កើតឡើង ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង ២ ទស្សវត្សរ៍មកហើយ។
លោក Pablo Sinovas ប្រាប់ថា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា កំពុងការពារទីជម្រក ធម្មជាតិប្រភេទនេះ ដែលត្រូវបានរកឃើញ ហើយបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលមានការគោរពក្រពើភ្នំជាសត្វដែលសក្ដិសិទ្ធិ ហើយកំពុងពង្រីកការការពារទីតាំងទាំងនោះ ខណៈអង្គការរបស់លោកបានបង្កាត់ពូជសត្វក្រពើភ្នំពូជសុទ្ធ ដើម្បីលែងចូលទៅក្នុងព្រៃវិញ ដើម្បីធានាថា ក្រពើភ្នំអាចបន្តពូជដោយខ្លួនឯងបាននៅក្នុងធម្មជាតិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការងារនេះ ក្រសួងកសិកម្ម បានធ្វើ តាំងពីឆ្នាំ ២០០០ ដោយសហការជិតស្និទ្ធិជាមួយអង្គភាពជំនាញពាក់ព័ន្ធ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដូចជាអង្គការសត្វព្រៃ និងរុក្ខជាតិ ដោយបានចិញ្ចឹមបង្កាត់ពូជ ហើយដាក់ចូលទៅក្នុងព្រៃវិញយ៉ាងច្រើន។
លោក ឌិត ទីណា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រពើភ្នំប្រមាណ ៥០% នៃក្រពើភ្នំនៅលើពិភពលោក។
លោកថា ការដាក់ចូលនៅក្នុងធម្មជាតិ ក្រសួងកសិកម្មក៏មានការប្រុងប្រយ័ត្ន ក្នុងការយកទៅដាក់នៅតំបន់ស្នូល នៃតំបន់ការពារ ដើម្បីឱ្យដាច់ឆ្ងាយពីមនុស្ស ព្យាយាមធ្វើយ៉ាងណាឱ្យក្រពើទាំងនោះ អាចរស់រានឡើងវិញបន្តពូជ ជានិរន្តភាពសម្រាប់ជីវៈចម្រុះនៅក្នុងព្រៃ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា ក្រសួងផ្ដល់ការគាំទ្រពេញទំហឹង តាមរយៈការផ្ដល់ជូនមន្ត្រីបរិស្ថាន ចូលរួមសហការគ្នាអភិរក្សក្រពើភ្នំ និងសត្វព្រៃដទៃទៀត។
លោក អ៊ាង សុផល្លែតបញ្ជាក់ថា៖ «ក្រសួងបរិស្ថានជំរុញការស្រាវជ្រាវ សិក្សា និងថែរក្សា ជាគោលនយោបាយរបស់ក្រសួងបរិស្ថាន មិនត្រឹមតែក្រពើទេ គឺសត្វព្រៃទាំងអស់នៅកម្ពុជាជាផ្នែកមួយនៃជីវៈចម្រុះ កាលណាបើគ្មានសត្វព្រៃទេ គ្មានក្រពើទេ គ្មានសត្វដទៃទៀតទេ ជីវៈចម្រុះក៏បាត់បង់ដែរ ព្រោះវារស់នៅបំពេញឱ្យគ្នាទៅវិញទៅមក វាជាអេកូ System មួយ នៅក្នុងតំបន់ការពារ»។

ដើមឡើងក្រពើភ្នំនៅកម្ពុជា មានតែ ៥ ទៅ ៦ ក្បាលប៉ុណ្ណោះ បច្ចុប្បន្នទីតាំងបង្កាត់ពូជក្រពើភ្នំ មានសរុប ៥០០ ក្បាល។ ចំពោះដំណើរការបង្កាត់គឺមានកន្លែងស្ដុក្រពើ ដែលមានក្រពើញី ឈ្មោល ដែលពេញវ័យ ដែលបានធ្វើតេស្តហ្សែនថា ជាប្រភេទពូជក្រពើភ្នំសុទ្ធ។ នេះបើតាម ការឱ្យដឹងពីលោក Pablo Sinovas។
លោក Pablo Sinovas ថ្លែងថា៖« យើងបានបង្កាត់វា ហើយឱ្យពួកវាធ្វើសំបុក និងដាក់ពងនៅក្នុងសំបុកទាំងនោះ បន្ទាប់មកយើងយកពងទាំងនោះទៅភ្ញាស់ យើងអាចភ្ញាស់កូនក្រពើបានចំនួន ១០០ ក្បាល ហើយកូនក្រពើដែលញាស់ទាំងនោះ អាចញាស់បានរហូតដល់អាយុបង្កាត់ពូជបាន ប្រសិនបើពួកវាត្រូវបានមើលថែទាំល្អ។ នៅឆ្នាំនេះ យើងបានលែងក្រពើភ្នំចូលទៅក្នុងធម្មជាតិ ៥០ ក្បាល ហើយចំនួននេះ នឹងកើនឡើងជារៀងរាល់ឆ្នាំ»។
លោក ស៊ីម ខ្មៅ អ្នកល្បាតក្រពើ បានឱ្យដឹងថា បុរាណមានជំនឿថា ឱ្យតែមានក្រពើភ្នំតែងតែនាំមកសេចក្ដីសុខចម្រើន ហើយមិនដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ។
លោក ស៊ីម ខ្មៅ ចង់ឱ្យរដ្ឋាភិបាល និងម្ចាស់ជំនួយ បន្តជួយទ្រទ្រង់ក្រពើភ្នំដល់ក្មេងជំនាន់ក្រោយ និងឱ្យពិភពលោកទទួលស្គាល់ថា ពិតជាមានក្រពើភ្នំនៅកម្ពុជា៕
វីដេអូខាងក្រោម៖

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា