Connect with us

ព័ត៌មានជាតិ

អុំទូក ៣ ថ្ងៃ សហគមន៍​តំបន់​ការពារធម្មជាតិរក​​ចំណូល​​​បាន​ ១៧ ៣០៨ ដុល្លារ ពីទេសចរដើរកម្សាន្ត​​

បានផុស

នៅ

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​អះអាង​ថា នៅ​ក្នុងអំឡុង ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មាន​ទេសចរ​ជាង ៣ម៉ឺន​នាក់ (៣១ ៨៦០នាក់) បាន​ទៅ​លេង​កម្សាន្ត​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ទាំង​អស់ ​ដែល​បាន​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ការពារ​ធម្មជាតិ ក្នុង​នោះ​មាន​ទេសចរបរទេស​ចំនួន ២៩៥នាក់។

លោក​ ខ្វៃ អាទិត្យា បាន​លើក​ឡើង​ថា តាម​រយៈ​នេះ ប្រជាពលរដ្ឋ​អាច​រក​ប្រាក់ចំណូល​សរុបចំនួន ១៧ ៣០៨ ដុល្លារ ពីការ​សម្រាក​លំហែកម្សាន្ត នៅតាមសហគមន៍​តំបន់​ការពារធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន​បានឱ្យដឹង​បន្ថែម​ថា សហគមន៍តំបន់ការពារធម្មជាតិ បង្កប់ដោយ​សក្តានុពល​សម្រាប់​លំហែ​បៃតង រួមមាន​វាលស្មៅស្រស់ស្អាត មានទឹកធ្លាក់ ផ្ទាំងថ្ម ផ្កាព្រៃ ព្រៃឈើ សត្វព្រៃ កន្លែងវប្បធម៌ និងប្រវត្តិសាស្រ្ត ជាដើម។ រតនសម្បត្តិធម្មជាតិទាំងអស់នេះ ត្រូវបានការពារនិងអភិរក្ស ពីមន្រ្តីឧទ្យានុរក្ស និង​អ្នកពាក់ព័ន្ធ ជាពិសេស​ពីប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នោះ ដើម្បីការ​រស់​នៅ​ដោយ​ចីរភាព។

មិន​តែ​ប៉ុណ្ណោះ សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមការពារ និងអភិរក្ស​ធនធាន​ធម្មជាតិ  ក៏ដូចជា​លើក​កម្ពស់ជីវភាពសហគមន៍ តាមរយៈជម្រើសមុខរបរសមស្រប ដែលមិនពឹងពាក់​លើធនធានធម្មជាតិ។

ស្របតាម​ក្រមបរិស្ថាន និង​ធនធានធម្មជាតិ ក្រសួងបរិស្ថាន បានរៀប​ចំបង្កើត​សហគមន៍​តំបន់​ការពារធម្មជាតិ សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ និងការរៀបចំ​របៀង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ(គោលដៅ​លំហែ​បៃតង) ដើម្បីការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្ស​បេតិកភណ្ឌធម្មជាតិ និងវប្បធម៌​សំដៅ​ចូលរួម​ចំណែក​គ្រប់គ្រង​ធនធានធម្មជាតិ កិច្ច​គាំពារ​បរិស្ថាន និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន ១៩៣ សហគមន៍ ត្រូវបាន​បង្កើតឡើងដោយមានការ​ចូលរួមពីប្រជាជនចំនួន ៧៣.១៩៤គ្រួសារ មកពី ៣៦២ ភូមិ ១១៥ឃុំ ចំនួន ១៦ខេត្ត គ្រប់គ្រងផ្ទៃដីទំហំ ៣៣២.១០៨ហិកតា។


តំបន់ការពារធម្មជាតិបាន​និងកំពុងទទួលផលប្រយោជន៍ជាច្រើន តាមរយៈការងារកសិកម្ម ចិញ្ចឹមសត្វ ក្រុម​សន្សំប្រាក់ អាជីវកម្មខ្នាតតូច ក៏ដូចជាការប្រមូលអនុផលព្រៃឈើ ដើម្បី​ទ្រទ្រង់​ជីវភាពរស់​នៅប្រចាំថ្ងៃ មាន​ជា​អាទិ៍ ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតលីញជឺ ផ្លែសំរ៉ង ផ្លែគុយ ផ្លែរំដួល ជ័រទឹក ជ័រចុង ទឹកឃ្មុំ ជាដើម។

បើតាមមន្រ្តីអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៣៦ សហគមន៍ មានការគ្រប់គ្រង និងការវិវឌ្ឍរីក​ចម្រើន​ល្អគួរចាប់អារម្មណ៍ តាមរយៈ​ការរៀបចំ​ផ្តល់​សេវាកម្ម​ទេសចរណ៍​ធម្មជាតិ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

រាត្រីថ្ងៃទី០១ មីនា​នេះ ផ្លូវថ្មើរជើង Walk Street មាន​ល្ខោនបាសាក់ និង ចាបុីដងវែង នាយ សុវណ្ឌឿន

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម