Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ប្រជុំពិភាក្សាលើលក្ខខណ្ឌនាំចេញសំបុកត្រចៀកកាំ ទៅទីផ្សារចិន

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅទីផ្សារ​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី​ ឌិត ទីណា បានណែនាំឱ្យក្រុមការងារនៃរដ្ឋបាលព្រៃឈេី​គ្រប់គ្រង​ និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ​ ដេីម្បី​ឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់​បទដ្ឋាននានា​ កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ​ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់​ និងជំងឺឆ្លងផ្សេងៗ។

លោករដ្ឋមន្ត្រី​បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ ក្នុងការតាមដានពិនិត្យជំងឺឆ្លងនានា​ នៃការចិញ្ចឹមត្រចៀកកាំនេះ​ឱ្យបានជាប់លាប់​ ដេីម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម​ ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព​ និងសុវត្ថិភាពខ្ពស់។

លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ ត្រូវស្រាវជ្រាវ​ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ​ (Batch Management) ឱ្យមានភាពច្បាស់លាស់​ មានភាពម្ចាស់ការ​ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង​ និងមានភាពងាយស្រួលក្នុងការតាមដាន​តាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ។

អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សាររបស់ខ្លួននៅចុងឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ ដែលជាការបើកផ្លូវថ្មីមួយទៀត​សម្រាប់​​​ផលិតផលរបស់កម្ពុជា។

លោក ​ស៊ុយ ​កុកធាន ប្រធាន​សមាគម​ត្រ​ចៀក​កាំខ្មែរប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នដោយសារតែសេដ្ឋកិច្ចមានការធ្លាក់ចុះ ការប្រើ​ប្រាស់សបុកត្រចៀកកាំ​ក៏មានការប្រែប្រួលតិចតួចដែរ ខណៈតម្លៃសំបុកត្រចៀកកាំបានធ្លាក់ចុះ ១៥% បើប្រៀប​ធៀប​ប៉ុន្មាន​ខែមុន។

តម្លៃបច្ចុប្បន្ន ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែ​សំបុក​​ឆាកាប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈសំបុកកែច្នៃហើយ ១ ២០០​ ដុល្លារ សម្រាប់​ទីផ្សារក្នុងស្រុក។

ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនមាននៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។

តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម