ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ រដ្ឋ បាននិងកំពុងដាក់ចេញកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បីបណ្ដុះបញ្ញាកុមារ ព្រោះបញ្ញា អាចចម្លងផុតភាពក្រីក្រ
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រដ្ឋ បាននិងកំពុងដាក់ចេញកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បីបណ្ដុះគុណភាពបញ្ញារបស់កុមារ ព្រោះបញ្ញា ដែលកើតចេញពីការអប់រំ អាចជួយចម្លងផុតភាពក្រីក្រ។ លោក ចន ណារិទ្ធ ថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធិផលនៃប្រពន្ធគាំពារសង្គមកម្ពុជា ដែលរៀបចំឡើងនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ឆ្លើយតបនឹងសំណួរថា រដ្ឋបានធ្វើអ្វីខ្លះ ដើម្បីកាត់ជួយពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ លោក ចន ណារិទ្ធ សង្កត់ធ្ងន់ដូច្នេះ៖« កម្មវិធីផ្ដល់អាហារតាមសាលារៀននេះ គឺដើម្បីបណ្ដុះស្មារតី ដើម្បីបណ្ដុះនូវគុណភាពនៃបញ្ញា ដើម្បីឱ្យគាត់(កុមារ) កុំបន្តនៅក្នុងភាពក្រីក្របន្តទៀត ឱ្យគាត់ខំប្រឹងរៀន មានលទ្ធភាពស្រូបយកចំណេះដឹងតាំងពីតូចមក។…..។ មែនទែនទៅ ប្រទេសណាក៏ដូចប្រទេសណាដែរ ចង់លុបបំបាត់ភាពក្រីក្រ ចំណុចគោលសំខាន់ដំបូងគេបង្អស់(ដែលត្រូវធ្វើ)ការអប់រំ ហើយការអប់រំ បើសិនជាយើងមិនចាប់ផ្ដើមធ្វើពីកុមារទេ គឺអាចនឹងយឺតពេល »។
គួរឱ្យដឹងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាកម្មវិធីមួយដែលប្រើប្រាស់កសិផលក្នុង សហគមន៍ ដែឡបានដាក់ឱ្យអនុវត្តជាកម្មវិធីជាតិជំនួយសង្គមកាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ ក្នុងតំបន់មានភាពក្រីក្រ និង ភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។ កម្មវិធីនេះ បានពង្រីកវិសាលភាពជាបន្តបន្ទាប់ ដែលបច្ចុប្បន្ន មានសាលារៀនអនុវត្តកម្មវិធីនេះ សរុបមានចំនួន ១ ១១៤ សាលា និងសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់ ដែលក្នុង នោះ រាជរដ្ឋាភិបាលបានទទួលយកសាលាគោលដៅពីដៃគូអភិវឌ្ឍន៍ចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលជាង ១៥ម៉ឺននាក់ មកផ្ដល់អាហារូបត្ថម្ភដល់កុមារដោយប្រើប្រាស់ថវិកាជាតិ។

គិតត្រឹមបច្ចុប្បន្ន ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីគាំពារសង្គមចំនួនសំខាន់ៗដូចជា ទី១/ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលកម្មវិធីនេះ បានធ្វើសមាហរណកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលមានស្រាប់និងបង្កើតកម្មវិធីបន្ថែមចំនួន៤ទៀតដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មានអ្នកទទួលផលចំនួនប្រមាណ៣៧ម៉ឺននាក់, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ ដែលនៅឆ្នាំ២០២៥ មានអ្នកទទួលផលចំនួនប្រមាណ៤៥ម៉ឺននាក់, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព មានអ្នកចាប់ផ្ដើមទទួលផលចំនួនជាង២ម៉ឺន២ពាន់នាក់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា មានអ្នកទទួលផលចំនួនជិត៣សែននាក់។
ទី២/ កម្មវិធីផ្ដល់អាហារនៅតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅតាមសហគមន៍ កំពុងអនុវត្តន៍នៅតាមសាលារៀនចំនួន១១១៤ និងមានសិស្សទទួលផលចំនួនប្រមាណ៣០ម៉ឺននាក់។ ទី៣ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានអ្នកទទួលផលចំនួន៧ម៉ឺននាក់។ ទី៤ មូលនិធិសមធម៌សុខាភិបាល មូលនិធិសមធម៌សុខាភិបាល ត្រូវបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយដល់ក្រុមពលរដ្ឋគោលដៅផ្សេងទៀត រួមមានពលរដ្ឋមកពីគ្រួសារងាយរងហានិភ័យ, កម្មករ ក្រៅប្រព័ន្ធ, អ្នកធាក់ស៊ីក្លូ, កីឡាករជម្រើសជាតិ, ក្រុមគ្រួសារជនពលីមរណៈ, បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សេងទៀត បន្ថែមលើ ពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ ដែលជារួមពលរដ្ឋប្រមាណ ៤,៨ លាននាក់ កំពុងទទួលបានការថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬមន្ទីរពេទ្យរដ្ឋ ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។

ទី៥/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ត្រូវបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ យ៉ាងណាមិញ, ចាប់ពីខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុង អំឡុង មានផ្ទៃពោះ និងក្រោយពេលសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបាន ពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤, ស្ត្រី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
ទី៦របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីយយុទ្ធជន ដែលមានអ្នកទទួលផលជិត១៣ម៉ឺននាក់។ ទី៧របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលិកទាំងឡាយ ដែលស្ថិតក្រោមបញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែលមានអ្នកទទួលផល១.៦៨លាននាក់ និងទី៨របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលមានអ្នកទទួលផល១.៦៨លាននាក់ ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ