ព័ត៌មានជាតិ
អ្នកស្រី រដ្ឋា រស់នៅភូមិបណ្តែតទឹក កែច្នៃដើមកំប្លោក ជារបស់ប្រើប្រាស់លក់ឲ្យភ្ញៀវទេសចរ រកកម្រៃទ្រទ្រង់ជីវភាពគ្រួសារ
ក្នុងជីវិតរស់នៅជាអ្នកនេសាទតាំងពីកុមារភាព អ្នកស្រី រដ្ឋា រស់នៅភូមិបណ្តែតទឹក ភូមិអន្លង់ត្អួ ឃុំកោះជីវាំង ក្នុងខេត្តបាត់ដំបង បានពឹងផ្អែកលើការនេសាទត្រី ជាលក្ខណៈគ្រួសារតាមទម្លាប់តជំនាន់។ យ៉ាងណាមិញ ដោយសារតែមុខរបរនេសាទត្រីជួបផលលំបាក និងហត់នឿយខ្លាំង អ្នកស្រីក៏បានចាប់យកអាជីពផ្សេងពីអង្គការមួយគឺ ជំនាញកែច្នៃរបស់របរប្រើប្រាស់គ្រប់ប្រភេទចេញពីដើមកំប្លោក។

អ្នកស្រី រដ្ឋា បានឲ្យដឹងថា ការចាប់យកជំនាញកែច្នៃរបស់របរប្រើប្រាស់គ្រប់ប្រភេទចេញពីដើមកំប្លោកនេះ ដោយសារតែអ្នកស្រីគិតថា អ្នកស្រីមិនអាចពឹងផ្នែកលើមុខរបរជាអ្នកនេសាទទាំងស្រុងនោះទេ គឺត្រូវតែរកជំនាញមួយដែលអាចរកចំណូលបានសម្រាប់បន្ដដល់កូន ខណៈការនេសាទត្រីអាចប្រឈមនិងបញ្ហាផ្សេងៗ ហើយក៏មិនមានចំណូលគ្រប់គ្រាន់ដែរសម្រាប់ជីវភាពប្រចាំថ្ងៃ។
ស្ត្រីវ័យ ៤៨ឆ្នាំ រូបនេះបន្តថា ក្រោយពីអ្នកស្រីបានរៀនជំនាញកែច្នៃសម្ភារៈអនុស្សាវរីយ៍គ្រប់ប្រភេទចេញពីកំប្លោកហើយ អ្នកស្រីយល់ឃើញថា ជំនាញមួយនេះ វត្ថុធាតុដើមគឺមិនប្រើទុនទេ ហើយក៏សម្បូរបែបដែរ គេអាចទាញផលប្រយោជន៍កំប្លោកឲ្យប្រែក្លាយជាចំណូលថវិកាបានដោយងាយ ក្នុងការកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ដើមហាលឲ្យស្ងួតអាចវេញធ្វើជាខ្សែចំណងធ្វើអង្រឹង និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទទៀត ដើម្បីលក់រកកម្រៃទ្រទ្រង់ជីវភាពគ្រួសារ។

អ្នកស្រីបន្តថា អ្នកស្រីបានចាប់ផ្តើមអាជីពជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោកនេះ នៅក្នុងអង្គការមួយគឺ(Osmose)តាំងពីឆ្នាំ២០០៨ ក្រោយពីអ្នកស្រីបានជំនាញច្បាស់លាស់ហើយ មួយឆ្នាំក្រោយមកអ្នកស្រីក៏សម្រេចចាកចេញពីអង្គការហើយបន្តអាជីពនេះដោយខ្លួនឯងតែម្តង។
អ្នកស្រីថា «ក្រោយពីអ្នកស្រីចាប់យកជំនាញមួយនេះ សេដ្ឋកិច្ចគ្រួសារអ្នកស្រីក៏បានធូរស្រាលមួយកម្រិតដែរ ហើយប្តីអ្នកស្រីក៏មិនសូវហត់នឿយរកនេសាទត្រី»។

លោកតន់ ណៃ អ្នកគ្រប់គ្រងផ្នែកអេកូទេសចរណ៍នៅតំបន់ព្រែកទាល់ បានឲ្យដឹងដែរថា ក្រោយពីអ្នកស្រី រដ្ឋា បានចេះជំនាញពីអង្គការ ឃើញថាកម្រិតជីវភាពគ្រួសាររបស់អ្នកស្រីបានប្រសើច្រើនជាងមុខរបរនេសាទត្រី ព្រោះការនេសាទត្រីហត់នឿយ ហើយជួនបានជួនអត់ មិនដូចជនខិលខូចនេសាទដោយប្រើឧប្បករណ៍ខុសច្បាប់នោះទេ។
លោកថា «បើជំនាញថ្មីរបស់អ្នកស្រីនេះ គឺវត្ថុធាតុដើមសម្បូរណាស់ហើយក៏មិនចំណាយទុនដែរ ព្រោះកំប្លោកក៏កំពុងបង្កឲ្យមានផលលំបាកក្នុងការធ្វើដំណើរតាមផ្លូវទឹកផងដែរ ទាល់តែនាំគ្នារុញច្រានចេញទើធ្វើដំណើរបាន»។

លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីនពីក្រុងសៀមរាបមកភូមិព្រែកទល់បានឲ្យដឹងថា ការដឹកភ្ញៀវទៅព្រែកទល់ម្តងៗ តែងជួបផលលំបាកខ្លាំង ដោយកំប្លោកបានបង្កការកកស្ទះ បើសិនជាមិនបានដោះស្រាយធ្វើគន្លងផ្លូវជាមុនទេ គឺមិនអាចធ្វើដំណើរបានដោយរលូននោះឡើយ។
លោកបន្តថា ភូមិព្រែកទាល់ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០ គីឡូម៉ែត្រ ពីចំណតទូកទេសចរណ៍ តំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប គឺជាភូមិបណ្តែតទឹកដែលរងការរំខានដោយសារកំប្លោកនេះ។

បើតាមមន្ត្រីជំនាញថា កំប្លោកបានលូតលាស់លឿនបំផុត និងបានរំខានដល់ការធ្វើចរាចរតាមផ្លូវទឹក ដែលបានរាំងស្ទះផ្លូវទឹកបង្កការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរតាមផ្លូវទឹក ដល់ភ្ញៀវទៅទស្សនាកម្សាន្តនៅតំបន់នោះ ជាពិសេសនៅតំបន់ព្រែកទល់ នៃស្រុកឯកភ្នំ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ មិនតែប៉ុណ្ណោះកំប្លោកក៏បានគំរាមកំហែងដល់បរិស្ថានក្នុងទឹកផងដែរ ដោយវាបានរុញច្រាន និងធ្វើឲ្យថប់ដង្ហើមដល់ពពួកវារីសត្វផ្សេងៗ ដែលរស់នៅក្នុងតំបន់នោះ និងអាចបង្កឲ្យតំបន់នោះឆាប់គោករាក់ជាដើម។ ម្យ៉ាងទៀតជនខិលខូចមួយចំនួនក៏បានប្រព្រឹត្តបទល្មើសនេសាទតាមរយៈដើមកំប្លោកនេះដែរ ដូច្នេះការយកដើមកំប្លោកកែច្នៃជាសម្ភារៈប្រើប្រាស់នេះ មិនត្រឹមបានចំណូលសេដ្ឋកិច្ចផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ គឺបានចូលរួមទប់ស្កាត់ និងការពារបរិស្ថានផងដែរ ។

ចុងក្រោយលោកស្រី រដ្ឋា ក៏បានសំណូមពរដល់ភ្ញៀវក្នុងស្រុក មេត្តាជួយទិញយកទៅប្រើប្រាស់ផង ដើម្បីជាការចូលរួមលើកកម្ពស់រាល់សម្ភារៈដែលផលិតឡើងដោយស្នាដៃកូនខ្មែរ តាមរយៈការទាញយកផលប្រយោជន៍ពីកំប្លោកប្រើប្រាស់បានយូរ និងមានតម្លៃសមរម្យ មានគ្រប់ប្រភេទ ទិញមួយប្រើបានរាប់ឆ្នាំមិនងាយខូច ឬផុយស្រួយនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ