ព័ត៌មានជាតិ
សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស
សម្ដេចតេជោ ហ៊ុន សែន សរសើរលោក ប្រាក់ សុខុន ថា ពិតជាស័ក្ដិសម នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ ពីព្រោះកាលពីក្នុងពេលកាន់តំណែង លោក បំពេញការងារដោយទឹកចិត្តស្មោះស ដើម្បីប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ជាតិ សាសនា ព្រះមហាក្សត្រ។ សម្ដេចតេជោ គូសបញ្ជាក់ដូច្នេះ នៅក្នុងសារលិខិតអបអរសាទរ លោក ប្រាក់ សុខុន ដែលត្រូវទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាថ្មីម្ដងទៀត។

ក្នុងលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានសរសើរ លោក ប្រាក់ សុខុន ដូច្នេះថា៖« ឯកឧត្តម ពិតជាស័ក្តិសមទទួលបាននូវទំនុកចិត្ត និងតំណែងដ៏មានសារៈសំខាន់នេះ ដែលកន្លងមក ឯកឧត្តម បានបំពេញបេសកកម្មប្រកបដោយស្វាមីភក្តិចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារកិត្តិយសជាតិ និងលើកតម្កើងកិត្យានុភាព និងវិបុលភាពជាតិ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមនសិការវិជ្ជាជីវៈខ្ពស់នៅលើវេទិការការទូតនានា ទាំងក្នុងតំបន់ និងលើពិភពលោក»។
ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា បង្ហាញជំនឿដោយគ្មានមន្ទិលថា បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ លោក ប្រាក់ សុខុន នឹងបន្តខិតខំធានានូវនិរន្តរភាពក្នុងការអនុវត្តនយោបាយការបរទេសការពារផលប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការប្រែប្រួលយ៉ាងឆាប់រហ័សនិងមិនអាចប៉ាន់ស្មានបាននៃស្ថានការណ៍យុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក។

សូមរម្លឹកថា លោក ប្រាក់ សុខុន ធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។ ក្នុងពេលកាន់តំណែង លោក ប្រាក់ សុខុន បានធ្វើកំណែទម្រង់នៅក្រសួងការបរទេសដូចជា កំណែទម្រង់លើផ្នែកសម្ភារៈ ដោយរៀបចំជួសជុលកន្លែងការងារ សាងសង់អគារបន្ថែម ទិញរថយន្តថ្មីៗ បំពាក់សម្ភារៈបច្ចេកទេសថ្មីៗ និងសេវាអ៊ីនធឺណិតខ្លាំង បង្កើតរបបប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភ តាមរយៈនៃការបង់ចំណូលចូលរដ្ឋត្រឹមត្រូវតាមច្បាប់ និងបង្កើនរបបប្រាក់បៀវត្ស ឈ្នួលផ្ទះ ថវិកាចំណាយរបស់ស្ថានបេសកកម្ម ដើម្បីសម្រាលការលំបាករបស់មន្ត្រីការទូតទាំងក្នុង និងក្រៅប្រទេស និងឲ្យបានសមរម្យទៅនឹងតម្លៃនៃការរស់នៅ។
កំណែទម្រង់លើផ្នែកស្មារតី ពីដំបូងទី លោក ប្រាក់ សុខុន បានដាក់ឲ្យអនុវត្តប្រព័ន្ធគុណាធិបតេយ្យ ដើម្បីធានាសមភាពក្នុងការរៀបចំ តែងតាំង ផ្លាស់ប្តូរ និងតម្លើងឋានៈ និង ប្រសិទ្ធិភាពការងារដោយយកលទ្ធផលជារង្វាស់។ អ្វីៗគ្រប់យ៉ាងត្រូវបាន លើកទឹកចិត្ត ដើម្បីបង្កើតស្មារតីជាក្រុម «Team Spirit» ផ្តល់មោទនភាព ក្នុងការបម្រើក្រសួងដ៏សំខាន់នេះ បង្កឡើងនូវសាមគ្គីភាព និងភាតរភាព។

លើផ្នែកវិជ្ជាជីវៈ បានបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលបានរួមចំណែកកលើកកម្ពស់ការយល់ដឹង វិជ្ជាជីវៈ និងក្រមសីលធម៌នៃអ្នកការទូតស្ថាប័នពាក់ព័ន្ធនានា។ កិច្ចប្រជុំចែករំលែកព័ត៌មាន និងវិភាគសភាពការណ៍ ២ដង ក្នុងមួយសប្តាហ៍ ការវិភាគនានារបស់ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ (IRAG) រួមជាមួយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ការចែករំលែកមតិ អត្ថាធិប្បាយ ក្នុងក្រុម Telegram របស់ថ្នាក់ដឹកនាំ និងប្រធានស្ថានបេសកកម្មនានា ការរៀបចំ Matrix ប្រៀបធៀប និងកំណត់ជំហរកម្ពុជាចំពោះបញ្ហាក្តៅៗក្នុងតំបន់ និងសកលលោក ទាំងអស់នេះបានផ្តល់នូវធាតុចូលដ៏សំខាន់ និងស៊ីជម្រៅ ដល់ការពិចារណារបស់មន្ត្រីក្រសួងការបរទេសទាំងតូចទាំងធំ ជារៀងរាល់ថ្ងៃ។ ព្រមជាមួយយន្តការទំនាក់ទំនងសំបូរបែបនេះ លោក ប្រាក់ សុខុន បានបើកទូរស័ព្ទ ផ្ទាល់ ដើម្បីឱ្យមន្ត្រីក្នុងក្រសួងការបរទេស និងអង្គទូតនៅក្រៅប្រទេស ក៏ដូចជាដៃគូរខាងក្រៅ ដើម្បីសុំការឆ្លើយឆ្លង ផ្ដល់យោបល់ មតិសម្រេច និងចំណាត់ការនានាគ្រប់ពេលវេលា។
គួរឱ្យដឹងថា នៅក្នុងលិខិតអបអរសាទរដដែល សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះ ប្រាក់ សុខុន ដែលត្រូវបានអង្គរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាថ្មីម្ដងទៀត នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ង៉ិល ណារ៉ាត់




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ