ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ក្រសួង និងរាជធានី-ខេត្ត ជាអាណាព្យាបាល រាល់សកម្មភាពការងាររបស់មន្ទីរ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មន្ទីរទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្ត ជាម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរ ដឹកនាំបញ្ជាពី ក្រសួង និងរាជធានី-ខេត្ត បើ ក្រសួង និងរាជធានី-ខេត្ត ដែលជាម៉ែ ជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរ ក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្ត មិនធ្លាប់មានបញ្ហាទេ។

ការលើកឡើងរបស់ លោក ឌិត ទីណា នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងពិធីនេះ លោក ញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ជំនួស លោក ចាន់ រិទ្ធី ដែលចូលនិវត្តន៍។

នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបំពេញការងារបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
លោក ឌិត ទីណា បានបន្ថែមថា អ្វីដែលបានឃើញជាក់ស្ដែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូកដែលបានកន្លងទៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរភ្នំពេញ សហការជាមួយកងកម្លាំង រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សណ្ដាប់ធ្នាប់ល្អប្រសើរខ្លាំងណាស់ រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលថែមទៀត។

លោក ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះទេ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

លោកបានលើកឡើងផងដែរថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។
លោកបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឲ្យបានល្អជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។

នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលផ្ដល់ជំនឿទុកចិត្តតែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្ដេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានល្អបំផុត។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗ ដើម្បីផលប្រយោជន៍រួម។ ប្ដេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?