Connect with us

ព័ត៌មានជាតិ

បណ្តាបក្សនយោបាយនៅអាស៊ីជិត៦០ ជួបគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព»

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ បានជួបជុំគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងបណ្តា​គណបក្សនយោ​បាយអន្តរជាតិជាច្រើន។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ។

មហាសន្និបាត ICAPP លើកទី១២ នឹងប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

មហាសន្និបាត ICAPP លើកទី១២ ក៏ដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្ស នយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា» ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សនយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នារវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។

គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថាការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗគ្នាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ចឱ្យបានល្អ។

គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះ បានប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP កាលពីឆ្នាំ ២០០៣។ នេះជាលើកទី២ ហើយ ដែលគណបក្សប្រជាជនកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ខណៈលើកទី១ កាលពីឆ្នាំ២០១០ ហើយក្នុងឆ្នាំ២០២៤នេះ មហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន​ដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម