ព័ត៌មានជាតិ
លោក ស សុខា ណែនាំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទ្វេភាគី
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀតជាប់ព្រំដែនប្រទេសថៃ យកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានល្អប្រសើរ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។
ការណែនាំជាថ្មីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស សុខា បានណែនាំបែបនេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ។
បើតាម ឧបនាយករដ្ឋមន្រ្តី ស សុខា ការញុះញង់របស់ក្រុមប្រឆាំងនាពេលនេះ ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។
ថ្មីៗនេះ អ្នកនយោបាយក្រុមជ្រុលនិយមកម្ពុជាដែលជ្រកកោននៅក្រៅប្រទេស និងអ្នកនយោបាយជ្រុលនិយមរបស់ប្រទេសថៃ កំពុងរុញស្ថានការណ៍បញ្ហាកោះគុតឱ្យឡើងកម្តៅ។ ក្នុងនោះក្រុមជ្រុលនិយមថៃបានចោទប្រកាន់រដ្ឋាភិបាលថៃថានឹងធ្វើឱ្យបាត់បង់កោះគុត ខណៈក្រុមជ្រុលនិយមកម្ពុជាបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថានឹងធ្វើឱ្យបាត់បង់កោះគុតដូចគ្នា។ ប៉ុន្តែជាក់ស្តែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងចរចាលើបញ្ហាកោះគុតតំបន់ត្រួតស៊ីគ្នាដោយសន្តិវិធី។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ បានបញ្ជាក់ជំហរថា ភាគីកម្ពុជា-ថៃ កំពុងចរចាដោយសន្តិវិធីជុំវិញតំបន់ត្រួតស៊ីគ្នាកោះគុត និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងឈានទៅធ្វើសកម្មភាពណាមួយដែលខុសច្បាប់។
សម្តេចតេជា ក៏បានអំពាវនាវឱ្យកងទ័ពជើងទឹក និងជើងគោក រក្សាភាពស្ងប់ស្ងាត់ មិនត្រូវធ្វើសកម្មភាពចល័តនៅតំបន់កោះគុតឡើយ ព្រោះបច្ចុប្បន្នជាដំណាក់កាលនៃការចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
ឆ្លៀតឱកាសសំណេះសំណាលខាងលើ លោក ស សុខា បានចុះពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាព កម្ពុជា-ថៃ និងបានពិភាក្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយលោក អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ