ព័ត៌មានជាតិ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អះអាងថា មិនធ្លាប់ផ្ដល់អាជ្ញាបណ្ណ ឬ សាខាក្រុមហ៊ុនល្បែងផ្សងសំណាងដល់ខេត្តកោះកុងទេ
មន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ខ្លួនមិនធ្លាប់ផ្ដល់អាជ្ញាបណ្ណ ឬ សាខាក្រុមហ៊ុនល្បែងផ្សងសំណាង និង លិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងដល់ខេត្តកោះកុងនោះទេ។

នេះជាការអះអាងរបស់ លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិ និងគ្រប់គ្រងអាជ្ញាបណ្ណ នៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជូនដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោក ម៉ី ច័ន្ទវាសនា បានបន្តថា គិតត្រឹមបំណាច់ខែតុលា ឆ្នាំ ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ២ ក្រុមហ៊ុន និង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងចំនួន ៤ សាខា និងដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ១ ក្រុមហ៊ុន ព្រមទាំងបានបញ្ចប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ផងដែរ។

លោក ច័ន្ទវាសនា មើលឃើញថា ទោះបីជាមានការលុបចោលអាជ្ញាបណ្ណឆ្នោតផ្សេងសំណាងមួយចំនួនយ៉ាងណាក្តី ក៏ពលរដ្ឋដែលញៀនល្បែងនៅតែអាចមានឱកាសធ្វើសកម្មភាពលាក់លៀមបានដែរ ព្រោះបច្ចេកវិទ្យាកាន់តែទំនើប ដោយពួកគាត់ប្រើប្រាស់ទូរស័ព្ទ ធេបប្លែត និងកុំព្យូទ័រជាដើម។ ដូច្នេះត្រៀមមានវិធានការបន្ថែមឱ្យមានប្រសិទ្ធភាពបំផុតតាមច្បាប់។
បញ្ហាល្បែងស៊ីសងនេះដែរ ត្រូវបាន លោក ហាក់ ឡេង អភិបាលរងខេត្ត ថ្លែងថា អាជ្ញាធរខេត្ត/ក្រុង/ស្រុក និងសមត្ថកិច្ចជំនាញ តែងតាមដានបង្ក្រាបទប់ស្កាត់រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ដូចភ្លៀងរលឹម ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាអ្នកញៀនទាំងនោះ តែងលបលួចល្បែងស៊ីសងខុសច្បាប់នៅទីតាំងដែលបិទបាំងជិត។

លោកអភិបាលរងខេត្តកោះកុង ប្ដេជ្ញាចិត្តថា នឹងបង្កើនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ។ ស៊ើបអង្កេតនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗ ទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កើតយន្តការសម្រាប់រាយការណ៍ និងធ្វើរបាយការណ៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
យោងតាមរបាយការណ៍របស់អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្ហាញថា គ.ល.ក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានជំរុញវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹង ដោយបានបិទល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទស្ទើរតែទាំងស្រុងទូទាំងប្រទេសសរុបចំនួន ៥.៦៧០ ទីតាំង។ ដោយឡែក ២ ទៅ ៣ ថ្ងៃ មកនេះ ខេត្តកោះកុង រកឃើញទីតាំងល្បែងស៊ីសងចំនួន ២ ទីតាំង ដោយពួកគេផ្សព្វផ្សាយពាណិជ្ជកម្មពីល្បែងតាមរ៉ឺម៉កម៉ូតូកង់បីដែលទាមទារឱ្យមានវិធានការជាបន្ទាន់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ